ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបែងចែកភារកិច្ចមន្ត្រី ចុះស្រង់ស្ថិតិអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ
ខេត្តពោធិ៍សាត់៖ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការ និងបែងចែកភារកិច្ចមន្ត្រីចុះតាមមូលដ្ឋាន ដើម្បីស្រង់ស្ថិតិប្រជាពលរដ្ឋដែលត្រូវធ្វើ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅភូមិជំរុំសៀម សង្កាត់លលកស ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានណែនាំដល់មន្ត្រីទាំងអស់ ត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន។ បន្ថែមលើនេះ ត្រូវខិតខំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃការធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យ ងាយស្រួលដល់ពលរដ្ឋយកទៅប្រើប្រាស់ក្នុងសង្គម ក៏ដូចជាប្រើប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខប្រកបដោយប្រសិទ្ធភាពខ្ពស់៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះវាយតម្លៃស្ថានភាពទឹក និងត្រៀមអន្តរាគមន៍នៅទំនប់ឈើតោក ស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពទំនប់បង្ហៀរទឹកឈើតោក ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដើម្បីវាយតម្លៃពីស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍គ្រោះធម្មជាតិផ្សេងៗ។
ការចុះពិនិត្យនេះ ក៏ធ្វើឡើងក្នុងគោលបំណងធានាដល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការរស់នៅ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះឱ្យបានគ្រប់គ្រាន់ផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពង្រឹងគុណភាពអប់រំ និងកែលម្អបរិស្ថានសិក្សានៅអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃការងារនៅអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ការចុះផ្ទាល់នេះ គឺដើម្បីជម្រុញការកែលម្អសោភ័ណភាព និងបរិស្ថានសិក្សា ព្រមទាំងលើកទឹកចិត្តដល់បុគ្គលិកអប់រំ សំដៅលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនរបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
រួមគ្នាដើម្បីបរិស្ថាន! ដើមក្ងោក ១០០ដើម ត្រូវបានដាំលម្អតាមដងផ្លូវចូលអនុវិទ្យាល័យកោះរំដួល ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ យុទ្ធនាការដាំកូនឈើក្រោមប្រធានបទ រួមគ្នាដាំដើមឈើ ដើម្បីបរិស្ថានបៃតង និងសោភ័ណភាពសហគមន៍ ត្រូវបានរៀបចំឡើងយ៉ាងផុសផុល ក្រោមអធិបតីភាព ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងកម្មវិធីនេះ ឯកឧត្តមបានដឹកនាំកម្លាំងចម្រុះ រួមមាន ថ្នាក់ដឹកនាំស្រុកក្រគរ កងកម្លាំងប្រដាប់អាវុធ មន្ត្រីអប់រំ អាជ្ញាធរឃុំ លោកគ្រូ អ្នកគ្រូ និងក្រុមយុវជន បានរួមគ្នាសហការដាំដើមក្ងោកចំនួន ១០០ ដើម នៅតាមបណ្តោយដងផ្លូវចូលទៅកាន់អនុវិទ្យាល័យកោះរំដួល ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សកម្មភាពដ៏មានអត្ថន័យនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងសហគមន៍ ក្នុងការរួមចំណែកលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងផ្តល់ម្លប់ត្រជាក់ត្រជុំសម្រាប់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ក្នុងមូលដ្ឋានទាំងមូលផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ អាំង សុជាតា ខូយ រីដា ដែលបាននាំយកអំណោយជូនវរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក
ពោធិ៍សាត់៖ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកវាលវែង បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត។
ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីលោកជំទាវប្រធានកិត្តិយស និងគណៈប្រតិភូ តែងតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខ សំណេះសំណាលផ្ទាល់ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើន ទៅឧបត្ថម្ភជូនដល់វរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅតាមបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសនៅក្នុងភូមិសាស្ត្រស្រុកវាលវែង។
សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ មិនត្រឹមតែបានរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្តដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញពីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសមាគមនារីខេត្តចំពោះសុខទុក្ខរបស់កងកម្លាំង និងប្រជាជននៅតំបន់ព្រំដែនផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អេង គន្ធា ដឹកនាំដាំកូនឈើក្ងោកចំនួន ១០០ដើម តាមបណ្តោយផ្លូវចូលអនុវិទ្យាល័យកោះរំដួល ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ ឯកឧត្តម អេង គន្ធា ប្រធានក្រុមការងារឃុំអន្សាចំបក់ បានដឹកនាំក្រុមការងារ រួមជាមួយមន្ត្រីរដ្ឋបាលស្រុកក្រគរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាដាំកូនឈើក្ងោកចំនួន ១០០ដើម នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពដាំកូនឈើនេះ ត្រូវបានធ្វើឡើងតាមបណ្តោយផ្លូវកៅស៊ូចូលទៅកាន់អនុវិទ្យាល័យកោះរំដួល ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងបំផុសស្មារតីស្រឡាញ់បរិស្ថានដល់ស្រទាប់យុវវ័យ។
ការរួមគ្នាក្នុងសកម្មភាពនេះ ស្តែងឱ្យឃើញថា ការដាំដើមឈើ គឺជាការវិនិយោគដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់និរន្តរភាពបរិស្ថាន និងការរស់នៅរបស់សហគមន៍ទាំងមូល៕


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ នៅស្រុកបាកាន
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពមាតា និងទារក ក៏ដូចជាសុខភាពសាធារណៈ, លោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ការអប់រំសុខភាព ដល់ក្រុមគោលដៅងាយរងគ្រោះក្នុងស្រុកបាកាន រួមមាន៖ ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន១២នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះពិនិត្យការដ្ឋានផ្លូវជនបទថ្មី អន្តរាគមន៍បញ្ហាទឹកជួយកសិករ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងស្រុកកណ្តៀង
ខេត្តពោធិ៍សាត់៖ ក្នុងសកម្មភាពចុះជាប់ជាមួយមូលដ្ឋាន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការដ្ឋានសាងសង់ផ្លូវថ្នល់ថ្មី ដែលជាកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចុះពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការជួយអន្តរាគមន៍សង្គ្រោះ បញ្ជូនប្រភពទឹកជួយដល់បងប្អូនប្រជាកសិករដែលកំពុងរងគ្រោះដោយសារកត្តាអាកាសធាតុរាំងស្ងួត ក្នុងការបង្កបង្កើនផល។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានឆ្លៀតឱកាសចុះជួបសំណេះសំណាល សាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង ដែលជាភូមិដាច់ស្រយាលឆ្ងាយពីទីប្រជុំជន។
សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងសកម្មភាពយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកទាំងអស់នេះ គឺបានមកពីផ្លែផ្កា និងបញ្ជាក់យ៉ាងច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃ សុខសន្តិភាព៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយលោកនាយក-នាយិកាសាលាទូទាំងស្រុកក្រគរ និងប្រគល់ពានរង្វាន់«សាលារៀនគំរូ»
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកនាយក នាយិកាសាលារៀនទូទាំងស្រុក ដើម្បីស្វែងយល់ពីស្ថានភាពការងារអប់រំ លើកទឹកចិត្តដល់បុគ្គលិកអប់រំ និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកក្រគរ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញប្រគល់ពានរង្វាន់លើកទឹកចិត្តដល់សាលាឆ្នើមៗ រួមមាន៖ សាលាអនុវិទ្យាល័យអន្លង់ត្នោត ទទួលបានពានរង្វាន់ស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៥ និងវិញ្ញាបនបត្រទទួលស្គាល់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតរាជធានី-ខេត្ត ឆ្នាំ២០២៥, សាលាបឋមសិក្សាឈើតុំ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតរាជធានី-ខេត្ត ឆ្នាំ២០២៥៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រាលទុក្ខលំបាកគ្រួសារស្ត្រីមានជំងឺដើរមិនរួច
ខេត្តពោធិ៍សាត់៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ឱ្យលោកនាយករដ្ឋបាលសាលាខេត្ត នាំយកថវិកា និងគ្រឿងឧបភោគបរិភោគជាជួយឧបត្ថម្ភជាបន្ទាន់ ជូនដល់គ្រួសារ និងស្ត្រីម្នាក់ដែលមកពីភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង។
ស្ត្រីរងគ្រោះខាងលើ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងដើរពុំរួចឡើយ ហើយត្រូវបានទទួលការជួយអន្តរាគមន៍បញ្ជូនមកសង្គ្រោះ និងសម្រាកព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ អំណោយមនុស្សធម៌ដែលបានពាំនាំទៅប្រគល់ជូនដល់ក្បាលគ្រែអ្នកជំងឺនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រាលបន្ទុកជីវភាព យោងស្មារតី ក៏ដូចជាការចំណាយផ្សេងៗក្នុងកំឡុងពេលសម្រាកព្យាបាល ដើម្បីឱ្យគាត់អាចមានឱកាសទទួលបានការថែទាំសុខភាព និងឆាប់បានជាសះស្បើយឡើងវិញ៕


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសិក្សាទីតាំងដើម្បីនាំទឹកស្រោចស្រពជួយសង្គ្រោះស្រែប្រជាពលរដ្ឋនៅស្រុកបាកាន
ខេត្តពោធិ៍សាត់៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពកសិកម្មរបស់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវស្រែរបស់បងប្អូនប្រជាកសិករ ដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកដោយសារគ្រោះរាំងស្ងួត នៅក្នុងមូលដ្ឋានស្រុកបាកាន ខេត្តពោធិ៍សាត់។
ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ គឺក្នុងគោលបំណងវាយតម្លៃលើទំហំផលប៉ះពាល់ និងសិក្សាពីលទ្ធភាពបច្ចេកទេសជាក់ស្តែង ក្នុងការអន្តរាគមន៍នាំទឹក ឬបូមទឹកសង្គ្រោះស្រោចស្រពស្រែស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅកាត់បន្ថយការខូចខាត និងធានាបាននូវទិន្នផលកសិកម្មក្នុងមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរអគ្គិសនីកម្ពុជា ឧបត្ថម្ភថវិកា ៤០,០០០,០០០រៀល ជូនអនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំក្រវាញ ដែលបាននាំយកថវិកាចំនួន ៤០,០០០,០០០រៀល (សែសិបលានរៀលគត់) របស់អាជ្ញាធរអគ្គិសនីកម្ពុជា មកប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ។
ថវិកាឧបត្ថម្ភដ៏សប្បុរសនេះ នឹងត្រូវរក្សាទុក និងប្រើប្រាស់ឱ្យចំគោលដៅក្នុងការងារមនុស្សធម៌ ដើម្បីជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងមូលដ្ឋានស្រុកភ្នំក្រវាញ ឱ្យបានទាន់ពេលវេលា។
អនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ សូមបួងសួង និងជូនពរជ័យជូនចំពោះ ឯកឧត្តមប្រធានក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអាជ្ញាធរអគ្គិសនីកម្ពុជាទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាតឡើយ៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្រូវស្រែធម្មជាតិគ្មានគីមី «ចំប៉ីស៧០» ដែលត្រៀមនឹងប្រមូលផលក្នុងពេលឆាប់ៗ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលការបង្កបង្កើនផលស្រូវស្រែធម្មជាតិលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។
ការចុះពិនិត្យនេះ បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពល្អប្រសើរនៃប្រភេទពូជស្រូវស្រាល «ចំប៉ីស៧០» ដែលបច្ចុប្បន្នកំពុងលូតលាស់យ៉ាងត្រេកត្រអាល អោនដាក់គ្រាប់ពេញៗល្អ និងរំពឹងថានឹងអាចប្រមូលផល (ច្រូតកាត់) ក្នុងរយៈពេលកន្លះខែខាងមុខនេះ។ អ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់ ស្រូវស្រែមួយកន្លែងនេះ ត្រូវបានដាំដុះឡើងតាមលក្ខណៈធម្មជាតិពិតៗ ដោយពុំមានការប្រើប្រាស់ជីគីមី ឬបាញ់ថ្នាំសម្លាប់សត្វល្អិតនោះឡើយ ដែលធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ និងស្របតាមការលើកកម្ពស់កសិកម្មបៃតងនៅក្នុងខេត្ត៕

