
លោកជំទាវ អាំង សុជាតា ខូយ រីដា ដែលបាននាំយកអំណោយជូនវរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក
ពោធិ៍សាត់៖ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកវាលវែង បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត។ ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីលោកជំទាវប្រធានកិត្តិយស និងគណៈប្រតិភូ តែងតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខ សំណេះសំណាលផ្ទាល់ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើន ទៅឧបត្ថម្ភជូនដល់វរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅតាមបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសនៅក្នុងភូមិសាស្ត្រស្រុកវាលវែង។ សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ មិនត្រឹមតែបានរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្តដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញពីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសមាគមនារីខេត្តចំពោះសុខទុក្ខរបស់កងកម្លាំង និងប្រជាជននៅតំបន់ព្រំដែនផងដែរ៕








