
ឯកឧត្តម អេង គន្ធា ដឹកនាំដាំកូនឈើក្ងោកចំនួន ១០០ដើម តាមបណ្តោយផ្លូវចូលអនុវិទ្យាល័យកោះរំដួល ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ ឯកឧត្តម អេង គន្ធា ប្រធានក្រុមការងារឃុំអន្សាចំបក់ បានដឹកនាំក្រុមការងារ រួមជាមួយមន្ត្រីរដ្ឋបាលស្រុកក្រគរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាដាំកូនឈើក្ងោកចំនួន ១០០ដើម នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពដាំកូនឈើនេះ ត្រូវបានធ្វើឡើងតាមបណ្តោយផ្លូវកៅស៊ូចូលទៅកាន់អនុវិទ្យាល័យកោះរំដួល ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងបំផុសស្មារតីស្រឡាញ់បរិស្ថានដល់ស្រទាប់យុវវ័យ។ ការរួមគ្នាក្នុងសកម្មភាពនេះ ស្តែងឱ្យឃើញថា ការដាំដើមឈើ គឺជាការវិនិយោគដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់និរន្តរភាពបរិស្ថាន និងការរស់នៅរបស់សហគមន៍ទាំងមូល៕








