
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយលោកនាយក-នាយិកាសាលាទូទាំងស្រុកក្រគរ និងប្រគល់ពានរង្វាន់«សាលារៀនគំរូ»
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកនាយក នាយិកាសាលារៀនទូទាំងស្រុក ដើម្បីស្វែងយល់ពីស្ថានភាពការងារអប់រំ លើកទឹកចិត្តដល់បុគ្គលិកអប់រំ និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកក្រគរ។ ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញប្រគល់ពានរង្វាន់លើកទឹកចិត្តដល់សាលាឆ្នើមៗ រួមមាន៖ សាលាអនុវិទ្យាល័យអន្លង់ត្នោត ទទួលបានពានរង្វាន់ស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៥ និងវិញ្ញាបនបត្រទទួលស្គាល់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតរាជធានី-ខេត្ត ឆ្នាំ២០២៥, សាលាបឋមសិក្សាឈើតុំ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតរាជធានី-ខេត្ត ឆ្នាំ២០២៥៕










