ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ការអភិវឌ្ឍ
អាជ្ញាធរក្រុងចុះពិនិត្យ និងទទួលគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-លូ នៅក្នុងសង្កាត់ចំរើនផល
ពោធិ៍សាត់៖ លោក គឹម តារា អភិបាលរងក្រុង តំណាងឱ្យលោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុង រួមដំណើរដោយក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់លើការបញ្ចប់ការងារ ១០០% នៃគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហមចំនួន ២ខ្សែ និងលូទោលចំនួន ២កន្លែង ដែលស្ថិតនៅក្នុងភូមិទួលក្រួស និងភូមិបរវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។
ការចុះពិនិត្យនាពេលនេះ ធ្វើឡើងដើម្បីធានាថាការសាងសង់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានគុណភាពរឹងមាំ មុននឹងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរ ព្រមទាំងជួយរំដោះទឹក និងកាត់បន្ថយការលិចលង់ក្នុងរដូវវស្សាផងដែរ៕


ការអភិវឌ្ឍ
រដ្ឋបាលស្រុកវាលវែង ដាំដើមផ្កាភួងម៉ាល័យចំនួន ៥០ដើមបន្ថែមទៀត នៅចំណុចផ្លូវកោងអន្ទង់អាំង ឆ្ពោះទៅឃុំអូរសោម
ពោធិ៍សាត់៖ ក្រោមកិច្ចចង្អុលការណែនាំពី លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង, លោក ប្រាក់ អំចំណាន អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកវាលវែង សហការជាមួយអាជ្ញាធរភូមិឈើទាលជ្រុំ ចុះរួមគ្នាតែកំពូលភ្នំដាំដើមផ្កាភួងម៉ាល័យបន្ថែមចំនួន ៥០ដើមទៀត នៅចំណុចផ្លូវកោងអន្ទង់អាំង តាមបណ្តោយផ្លូវឆ្ពោះទៅកាន់ឃុំអូរសោម នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។
សកម្មភាពដាំដើមផ្កានាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនគម្របបៃតង និងលម្អតំបន់ទេសចរណ៍ផ្លូវកោងអន្ទង់អាំង (ភ្នំ១៥០០) ដែលជាចំណុចទាក់ទាញទេសចរដ៏សំខាន់ និងមានខ្យល់អាកាសបរិសុទ្ធក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពស្រស់ស្អាត ស្អាតស្អំ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនឡើង។
អាជ្ញាធរស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ មេត្តារួមគ្នាថែរក្សា ប៉ះពាល់ ឬបំផ្លាញដើមផ្កាទាំងនេះ ដើម្បីឱ្យលូតលាស់លម្អដងផ្លូវរបស់យើងទាំងអស់គ្នាឱ្យបានយូរអង្វែង៕


ការអភិវឌ្ឍ
បង្គោលភ្លើងសូឡា ៣១ ដើម ត្រូវ បានបំពាក់នៅលើស្ពានតេជោសន្តិភាពឬស្សីជ្រុំ ក្រោមការយកចិត្តទុកដាក់ពីអភិបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភណ្ឌភាព និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ចប់ការដំឡើងបង្គោលភ្លើងដើរដោយថាមពលព្រះអាទិត្យ (សូឡា) ចំនួន ៣១ ដើម នៅលើស្ពានតេជោសន្តិភាពឬស្សីជ្រុំ ដែលប្រជាពលរដ្ឋទូទៅស្គាល់ថាជា «ស្ពានខ្ពស់»។
គម្រោងបំពាក់អំពូលភ្លើងសូឡា ត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងគោលបំណងប្រែក្លាយតំបន់ស្ពានមួយនេះឱ្យមានពន្លឺភ្លឺច្បាស់នៅពេលរាត្រី និងប្រកបដោយសោភណ្ឌភាពទាក់ទាញ។
ការបំពាក់អំពូលសូឡានៅលើស្ពានខ្ពស់ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់បញ្ហាសន្តិសុខ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ផងដែរ ដោយសារស្ពានតេជោសន្តិភាពឬស្សីជ្រុំជាចំណុចតភ្ជាប់ផ្លូវដ៏សំខាន់មួយដែលមានទេសភាពធម្មជាតិស្រស់ស្អាត។
ប្រជាពលរដ្ឋរស់នៅតំបន់នោះបានបង្ហាញក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងប្រើប្រាស់ប្រភពថាមពលបៃតងប្រកបដោយចីរភាពបែបនេះ៕


ការអភិវឌ្ឍ
ដ្ឋបាលស្រុកក្រគរ ចុះយុទ្ធនាការដាំ និងកាត់ក្រៃមែកផ្កា ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងឃុំស្នាអន្សា
ពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកក្រគរ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តសកម្មភាពរួមគ្នាដាំកូនផ្កា និងកាត់ក្រៃមែកផ្កា ស្ថិតនៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថានក្នុងមូលដ្ឋានឱ្យកាន់តែមានភាពស្រស់ស្អាត។
សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ បង្កើនគម្របបៃតង និងបន្ថែមសោភ័ណភាពតាមដងផ្លូវឱ្យមានខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលឆ្លងកាត់តំបន់នោះ។ ក្រុមការងារបានរួមគ្នាកាត់ឆ្ការមែកឈើ និងមែកផ្កាដែលទ្រុឌទ្រោម ឬលូតលាស់គ្មានសណ្តាប់ធ្នាប់ ព្រមទាំងបានដាំបន្ថែមនូវប្រភេទដើមផ្កាផ្សេងៗ ដើម្បីលម្អតាមដងផ្លូវសាធារណៈ។
ការចូលរួមធ្វើកិច្ចការងារបរិស្ថាននាពេលនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសស្មារតី និងជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចូលរួមស្រឡាញ់ បរិស្ថាន ថែរក្សាសោភ័ណភាព និងអនាម័យជុំវិញផ្ទះសម្បែង និងសហគមន៍របស់ខ្លួន ដើម្បីរួមចំណែកបង្កើតបរិស្ថានរស់នៅស្អាត និងមានសុខភាពល្អទាំងអស់គ្នា៕


ការអភិវឌ្ឍ
ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះសិក្សាគម្រោងសាងសង់ស្ពានឈើប្រវែង ៥០ម៉ែត្រ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងសិក្សាគម្រោងសាងសង់ស្ពានឈើចំនួន ១កន្លែង ដែលមានប្រវែង ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
ការចុះសិក្សា និងពិនិត្យគម្រោងស្ពាននេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង និងរៀបចំផែនការស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន ពិសេសរួមចំណែកលើកកម្ពស់ជីវភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងស្រុកក្រគរឱ្យកាន់តែប្រសើរឡើង៕


ការអភិវឌ្ឍ
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៥,០០០ម៉ែត្រ ក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៥,០០០ម៉ែត្រ នៅភូមិសាយ ឃុំព្រងិល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ការអភិវឌ្ឍ
ឯកឧត្តម ខូយ រីដា ថ្លែងអំណរគុណក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានរួមគ្នាតុបតែងលម្អផ្កាតាមទ្រូងផ្លូវជាតិលេខ៥
(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្មួយៗក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដើមី្បការអភិវឌ្ឍ និងលើកកម្ពស់សភ័ណភាពក្នុងខេត្ត។
កាយវិការដ៏ប្រពៃនេះ ត្រូវបានស្តែងឡើងតាមរយៈការចូលរួមដាំផ្កាក្រដាស និងផ្កាភួងមាល័យ ដើម្បីលម្អតាមទ្រូងផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវវាងក្រុងពោធិ៍សាត់ រហូតដល់ស្រុកក្រគរ។ ប្រតិបត្តិការលើកកម្ពស់សម្រស់ដងផ្លូវនេះ ត្រូវបានរៀបចំ និងដឹកនាំដោយលោក ង៉ែត សុវណ្ណបញ្ញា ម្ចាស់ហាង «កោះកាហ្វេ» ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋផងដែរ៕


ការអភិវឌ្ឍ
រដ្ឋបាលខេត្តពោធិ៍សាត់ បំពាក់ភ្លើងលម្អ និងអំពូលសូឡាលើស្ពានថ្មីស្រុកភ្នំក្រវាញ ដើម្បីស្វាគមន៍ពិធីបុណ្យភ្ជុំបិណ្ឌ
ពោធិ៍សាត់៖ សមិទ្ធផលថ្មីស្ពានបេតុងឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ ដើម្បីត្រៀមដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅមុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ដើម្បីលើកកម្ពស់សោភណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំការងារតភ្ជាប់ភ្លើងលម្អ អមជាមួយការបំពាក់អំពូលសូឡាបំភ្លឺបន្ថែមលើស្ពានបេតុងថ្មីនេះយ៉ាងប្រណីត ដែលធ្វើឱ្យសមិទ្ធផលមួយនេះកាន់តែមានភាពទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្តនាពេលរាត្រី៕


ការអភិវឌ្ឍ
ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ២០២៦-២០៣៣»
លោក ធីម សុធារ៉ា ប្រធានមន្ទីរ និងសហការី បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ២០២៦-២០៣៣» នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយអ្នកចូលរួមសរុបចំនួន ៣៧៤នាក់។


ការអភិវឌ្ឍ
ក្រុមការងារបច្ចេកទេស ចុះបំពាក់ប្រព័ន្ធអំពូលសូឡានៅលើស្ពានបេតុងថ្មី ឆ្លងកាត់ឃុំលាច និងឃុំសំរោង
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសនៃរដ្ឋបាលស្រុកភ្នំក្រវាញ បានចុះបំពាក់ និងដំឡើងប្រព័ន្ធអំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) លើស្ពានបេតុងថ្មី ដែលតភ្ជាប់ពីត្រើយខាងកើត ក្នុងភូមិបោះពួយ ឃុំលាច ទៅកាន់ត្រើយខាងលិច ក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ការដំឡើងអំពូលសូឡានៅលើស្ពានបេតុងថ្មីនេះ ធ្វើឡើងដើម្បីបង្កើនសោភ័ណភាព ផ្តល់ពន្លឺភ្លឺច្បាស់នាពេលរាត្រី និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងធានាសុវត្ថិភាពចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់រវាងឃុំទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ៕


ការអភិវឌ្ឍ
លោក តុល សុភក្តិ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំឱ្យរុះរើឧបករណ៍នេសាទដែលបិទខ្ទប់ផ្លូវទឹក ក្នុងស្រុកកណ្តៀង
លោក តុល សុភក្តិ អភិបាលរងស្រុក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងរកឃើញឧបករណ៍រាំងស្ទះផ្លូវទឹកចំនួន ៧ករណី នៅភូមិស្វាយយាង និងភូមិសន្លុង អាជ្ញាធរបានណែនាំឱ្យម្ចាស់ទីតាំងកែសម្រួលប្រើប្រាស់ត្រឹម ១/៣ នៃទំហំផ្លូវទឹក និងដាក់ផែនការរុះរើជាបន្ទាន់ ដើម្បីធានាលំហូរទឹក និងការពារផលប្រយោជន៍រួម។


ការអភិវឌ្ឍ
សង្កាត់ស្វាយអាត់ ជួសជុល និងស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ ប្រវែងសរុបជិត ៨០០ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក សឿន កឿន ចៅសង្កាត់ស្វាយអាត់ បានអោយដឹងថាពេលនេះ ការសាងសង់កំពុងអនុវត្តគម្រោងមូលនិធិសង្កាត់ប្រចាំឆ្នាំ២០២៦ ដោយប្រែក្លាយផ្លូវក្រួសក្រហម ឱ្យទៅជាផ្លូវបេតុងអាមេដ៏រឹងមាំ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ព្រមទាំងលុបបំបាត់បញ្ហាហុយដី និងដក់ទឹកនៅរដូវវស្សា។ ការអភិវឌ្ឍផ្លូវទាំង២ខ្សែនេះ នឹងសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងការធ្វើដំណើរទៅកាន់សាលារៀន ទីប្រជុំជន និងទីកន្លែងផ្សេងៗ។
សូមបញ្ជាក់ថា៖ ផ្លូវទាំង២ខ្សែ រួមមាន៖ ផ្លូវបេតុងអាមេ ប្រវែង ១២៦ ម៉ែត្រ, ទទឹង ៣,៥០ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវកៅស៊ូលេខ៥ ចូលទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយអាត់ សម្រួលដល់ការប្រកបរបរ និងការមកទទួលសេវាសាធារណៈរបស់ប្រជាពលរដ្ឋ និងផ្លូវបេតុងអាមេ ប្រវែង ៦៣៩ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២១ (ចាស់) ឆ្ពោះទៅកាន់ផ្លូវកៅស៊ូលេខ៥៥។
គម្រោងស្ថាបនាផ្លូវបេតុងទាំង ២ខ្សែនេះ អនុវត្តកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន លឹម ឈាងឡុង ក្រោមថវិកាសរុបជាង ៣១០ លានរៀល ដែលបានឆ្លងកាត់ការដេញថ្លៃជាសាធារណៈ ប្រកបដោយតម្លាភាព និងត្រឹមត្រូវ៕


ការអភិវឌ្ឍ
អភិបាលរងខេត្តពោធិ៍សាត់ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងគម្រោងចិញ្ចឹមគោយកទឹកដោះលើទំហំដី ១ពាន់ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស
លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីជំនាញសរុប ២៦នាក់ ដែលមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការិយាល័យដែនជម្រកសត្វព្រៃ បានចុះពិនិត្យទីតាំងគម្រោងចិញ្ចឹមគោយកទឹកដោះរបស់ក្រុមហ៊ុន SONAVITH Co., Ltd ទំហំ ១ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។

