
រួមគ្នាដើម្បីបរិស្ថាន! ដើមក្ងោក ១០០ដើម ត្រូវបានដាំលម្អតាមដងផ្លូវចូលអនុវិទ្យាល័យកោះរំដួល ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ យុទ្ធនាការដាំកូនឈើក្រោមប្រធានបទ រួមគ្នាដាំដើមឈើ ដើម្បីបរិស្ថានបៃតង និងសោភ័ណភាពសហគមន៍ ត្រូវបានរៀបចំឡើងយ៉ាងផុសផុល ក្រោមអធិបតីភាព ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងកម្មវិធីនេះ ឯកឧត្តមបានដឹកនាំកម្លាំងចម្រុះ រួមមាន ថ្នាក់ដឹកនាំស្រុកក្រគរ កងកម្លាំងប្រដាប់អាវុធ មន្ត្រីអប់រំ អាជ្ញាធរឃុំ លោកគ្រូ អ្នកគ្រូ និងក្រុមយុវជន បានរួមគ្នាសហការដាំដើមក្ងោកចំនួន ១០០ ដើម នៅតាមបណ្តោយដងផ្លូវចូលទៅកាន់អនុវិទ្យាល័យកោះរំដួល ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សកម្មភាពដ៏មានអត្ថន័យនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងសហគមន៍ ក្នុងការរួមចំណែកលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងផ្តល់ម្លប់ត្រជាក់ត្រជុំសម្រាប់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ក្នុងមូលដ្ឋានទាំងមូលផងដែរ៕










