
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្រូវស្រែធម្មជាតិគ្មានគីមី «ចំប៉ីស៧០» ដែលត្រៀមនឹងប្រមូលផលក្នុងពេលឆាប់ៗ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលការបង្កបង្កើនផលស្រូវស្រែធម្មជាតិលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ ការចុះពិនិត្យនេះ បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពល្អប្រសើរនៃប្រភេទពូជស្រូវស្រាល «ចំប៉ីស៧០» ដែលបច្ចុប្បន្នកំពុងលូតលាស់យ៉ាងត្រេកត្រអាល អោនដាក់គ្រាប់ពេញៗល្អ និងរំពឹងថានឹងអាចប្រមូលផល (ច្រូតកាត់) ក្នុងរយៈពេលកន្លះខែខាងមុខនេះ។ អ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់ ស្រូវស្រែមួយកន្លែងនេះ ត្រូវបានដាំដុះឡើងតាមលក្ខណៈធម្មជាតិពិតៗ ដោយពុំមានការប្រើប្រាស់ជីគីមី ឬបាញ់ថ្នាំសម្លាប់សត្វល្អិតនោះឡើយ ដែលធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ និងស្របតាមការលើកកម្ពស់កសិកម្មបៃតងនៅក្នុងខេត្ត៕










