
រដ្ឋបាលខេត្តពោធិ៍សាត់ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រាលទុក្ខលំបាកគ្រួសារស្ត្រីមានជំងឺដើរមិនរួច
ខេត្តពោធិ៍សាត់៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ឱ្យលោកនាយករដ្ឋបាលសាលាខេត្ត នាំយកថវិកា និងគ្រឿងឧបភោគបរិភោគជាជួយឧបត្ថម្ភជាបន្ទាន់ ជូនដល់គ្រួសារ និងស្ត្រីម្នាក់ដែលមកពីភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង។ ស្ត្រីរងគ្រោះខាងលើ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងដើរពុំរួចឡើយ ហើយត្រូវបានទទួលការជួយអន្តរាគមន៍បញ្ជូនមកសង្គ្រោះ និងសម្រាកព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ អំណោយមនុស្សធម៌ដែលបានពាំនាំទៅប្រគល់ជូនដល់ក្បាលគ្រែអ្នកជំងឺនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រាលបន្ទុកជីវភាព យោងស្មារតី ក៏ដូចជាការចំណាយផ្សេងៗក្នុងកំឡុងពេលសម្រាកព្យាបាល ដើម្បីឱ្យគាត់អាចមានឱកាសទទួលបានការថែទាំសុខភាព និងឆាប់បានជាសះស្បើយឡើងវិញ៕










