ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌ក្រុមប្រឹក្សា
ក្រុងពោធិ៍សាត់៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ បានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយ នៅក្នុងសាលប្រជុំសាលាក្រុងពោធិ៍សាត់ ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រី និងសមាជិកក្រុមប្រឹក្សា នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ បានផ្តោតសំខាន់លើប្រធានបទគន្លឹះចំនួន ៥ រួមមាន៖ ស្វែងយល់ពីតួនាទីរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសាខាសមាគមក្រុងពោធិ៍សាត់, អនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាស័ក្តិ និងសញ្ញាសម្គាល់របស់ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ, អនុក្រឹត្យស្តីពីឯកសណ្ឋានការងារ និងសញ្ញាស័ក្តិសម្រាប់សម្គាល់មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់, ក្រមសីលធម៌ការងារសម្រាប់សមាជិកក្រុមប្រឹក្សាគ្រប់ថ្នាក់ (ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់), ការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមាន គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាបន្ន។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពដឹកនាំ របៀបរៀបរយការងារ និងគុណភាពនៃការបម្រើសេវាសាធារណៈនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែល្អប្រសើរ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ៕


សកម្មភាពអាជ្ញាធរ
កាន់តែងាយស្រួល! ការិយាល័យប្រជាពលរដ្ឋស្រុកបាកាន សម្រួលផ្តល់សំបុត្រកំណើតតាមប្រព័ន្ធអេឡិចត្រូនិក ជូនពលរដ្ឋនៅក្រៅខេត្ត
ពោធិ៍សាត់៖ ឆ្លើយតបតាមសំណូមពរជាក់ស្តែង កាលពីថ្ងៃទី០៦-០៧ ខែកក្កដា ឆ្នាំ២០២៦ ការិយាល័យប្រជាពលរដ្ឋស្រុកបាកាន បានសម្របសម្រួលផ្តល់សេវាសាធារណៈឆ្លងខេត្តយ៉ាងរហ័ស ជូនដល់ប្រជាពលរដ្ឋចំនួន ២នាក់ ដែលបានផ្លាស់ប្តូរទីលំនៅពីស្រុកបាកាន ទៅរស់នៅខេត្តផ្សេង។
ការផ្តល់សេវានេះ ធ្វើឡើងតាមរយៈកិច្ចសហការតាមប្រព័ន្ធអេឡិចត្រូនិច រវាងលោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋស្រុកស្វាយលើ (ខេត្តសៀមរាប) និងលោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុកភ្នំស្រួច/ឱរ៉ាល់ (ខេត្តកំពង់ស្ពឺ) ក្នុងការស្នើសុំ «សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត» មកកាន់ការិយាល័យប្រជាពលរដ្ឋស្រុកបាកាន។ ក្រោយរៀបចំឯកសាររួចរាល់ ក្រុមការងារបានផ្ញើឯកសារផ្លូវការទាំងនោះ តាមរយៈក្រុមហ៊ុនដឹកជញ្ជូនទៅដល់ដៃប្រជាពលរដ្ឋផ្ទាល់តែម្តង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលឃុំលាច ចាប់ផ្ដើមបើកការដ្ឋានសាងសង់ផ្លូវបេតុងថ្មី ប្រវែង ២៤០ម៉ែត្រ ក្នុងភូមិពេជបាន និងភូមិបោះពួយ
ពោធិ៍សាត់៖ រដ្ឋបាលឃុំលាច បានចាប់ផ្តើមបើកការដ្ឋានអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេថ្មីមួយខ្សែ ដែលលាតសន្ធឹងឆ្លងកាត់ភូមិពេជបាន និងភូមិបោះពួយ ដើម្បីបម្រើផលប្រយោជន៍ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ផ្លូវបេតុងថ្មីនេះ ជាគម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ថវិកាមូលនិធិឃុំលាច ឆ្នាំ២០២៦ ដោយមានលក្ខណៈបច្ចេកទេស ប្រវែង ២៤០ ម៉ែត្រ ទទឹងផ្លូវ ៥ ម៉ែត្រ និងកម្រាស់បេតុង ០.១៥ ម៉ែត្រ (១ទឹកកន្លះ)។
សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅ កែប្រែសោភ័ណភាពភូមិដ្ឋាន និងជួយឱ្យការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរ កាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្តជាងមុន៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ដើម្បីពិភាក្សា និងជំរុញការងារអភិវឌ្ឍន៍មូលដ្ឋាន
ពោធិ៍សាត់៖ ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ខ្លួន នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ថ្នាក់ដឹកនាំការិយាល័យ-អង្គភាពជុំវិញសាលាក្រុង និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំសាមញ្ញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍វឌ្ឍនភាពការងារនានា ព្រមទាំងលើកទិសដៅការងារបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការអភិវឌ្ឍន៍មូលដ្ឋានក្រុងពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកតាលោសែនជ័យ សហការជាមួយសប្បុរសជន ជួសជុលផ្លូវកៅស៊ូដែលខូចខាតក្នុងឃុំផ្ទះរុង
[ពោធិ៍សាត់]៖ ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍ស្រុកតាលោសែនជ័យ ឱ្យកាន់តែមានការរីកចម្រើនជឿនលឿន ក្រោមការដឹកនាំរបស់ លោក ចាន់ វិចិត្រ អភិបាលស្រុក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំកម្លាំងចម្រុះចុះជួសជុលផ្លូវដែលរងការខូចខាត។
កម្លាំងចម្រុះដែលបានចូលរួមក្នុងសកម្មភាពនេះ រួមមាន៖ មន្ត្រីរាជការ អាជ្ញាធរស្រុក-ឃុំ-ភូមិ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារ ព្រមទាំងយុវជន ស.ស.យ.ក. ឃុំផ្ទះរុង ដោយបានរួមដៃគ្នាជួសជុលផ្លូវកៅស៊ូដែលខូចខាត ស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
យុទ្ធនាការជួសជុលផ្លូវនេះ ក៏ទទួលបានការចូលរួមឧបត្ថម្ភយ៉ាងសកម្មកម្លាំងសប្បុរសជនក្នុងមូលដ្ឋាន រួមមាន៖ ជួយឧបត្ថម្ភ ស៊ីម៉ងត៍ ខ្សាច់ និងថ្ម និងជួយឧបត្ថម្ភដីគ្រួសក្រហមចំនួន ១ ឡានធំ ដើម្បីជួសជុលផ្លូវកែងក្រញាំដែលខូចខាត។
សកម្មភាពនេះបានស្តែងឱ្យឃើញពីសាមគ្គីភាពយ៉ាងរឹងមាំរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើរក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកបាកាន ជំរុញឱ្យឃុំទាំង ៩ រួមគ្នាសម្អាតបរិស្ថាន ដើម្បីឆ្ពោះទៅរក ស្រុកបាកានបៃតង
[ស្រុកបាកាន]៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានដាក់ចេញនូវការណែនាំ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំទាំង ៩ ទូទាំងស្រុក ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារសម្អាតបរិស្ថាន និងអនាម័យ នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦។
នៅក្នុងយុទ្ធនាការនេះ លោកអភិបាលស្រុកបានសង្កត់ធ្ងន់លើស្មារតីរួមគ្នា ដោយលើកឡើងនូវពាក្យស្លោកថា៖ រួមគ្នាដើម្បីបរិស្ថានស្អាត ស្រុកបាកានបៃតង និងមានខ្យល់អាកាសបរិសុទ្ធ ដើម្បីលើកកម្ពស់សុខុមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកែប្រែភូមិឃុំឱ្យមានសោភ័ណភាពបៃតងស្រស់បំព្រងគ្រប់ៗគ្នា៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ចុះសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំផ្ទះរុង
ខេត្តពោធិ៍សាត់៖ ដើម្បីពង្រឹងទំនាក់ទំនងជិតដិត និងស្វែងយល់ពីសុខទុក្ខ ព្រមទាំងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។
ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងនៅក្នុងភូមិសាស្ត្រភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
នៅក្នុងឱកាសនោះ លោកអភិបាលស្រុកបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរផ្សេងៗ ក្នុងគោលបំណងរួមគ្នាដោះស្រាយ និងជំរុញការអភិវឌ្ឍនៅក្នុងសហគមន៍ឱ្យកាន់តែរីកចម្រើន។ សកម្មភាពចុះជួបផ្ទាល់នេះ បានញ៉ាំងឱ្យបរិយាកាសទាំងមូលពោរពេញដោយភាពរីករាយ ភាពកក់ក្តៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរស្រុក ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប៕


សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ ចុះពិនិត្យ និងដោះស្រាយបញ្ហាខ្វះខាតទឹកដាក់ស្រែជូនប្រជាពលរដ្ឋភ្លាមៗ
ខេត្តពោធិ៍សាត់៖ ដោយយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅ និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងស្វែងរកដំណោះស្រាយអន្តរាគមន៍ភ្លាមៗ ករណីប្រជាពលរដ្ឋជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ដាក់ស្រែ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។
សកម្មភាពចុះជួយសង្គ្រោះស្រូវស្រែបងប្អូនកសិករនេះ ត្រូវបានធ្វើឡើងនៅក្នុងភូមិសាស្ត្រភូមិសិរីគន្ធា ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងឱកាសចុះពិនិត្យដល់ទីតាំងការដ្ឋាននោះ លោកអភិបាលស្រុកបានណែនាំ និងរៀបចំវិធានការចំពោះមុខ ដោយសហការជាមួយផ្នែកជំនាញដើម្បីនាំប្រភពទឹក បូមសង្គ្រោះស្រូវស្រែដែលកំពុងខ្វះខាតទឹក ក្នុងគោលបំណងធានាឱ្យបាននូវទិន្នផលល្អ និងកាត់បន្ថយការខូចខាតឱ្យនៅកម្រិតទាបបំផុត ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំទឹកស្រោចស្រព។ សកម្មភាពអន្តរាគមន៍ទាន់ពេលវេលានេះ បានធ្វើឱ្យបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋាន បង្ហាញក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរស្រុក ដែលតែងតែនៅក្បែរនិងដោះស្រាយទុក្ខលំបាករបស់ពួកគាត់ជានិច្ច៕


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងរួមគ្នាដាំកូនដើមក្ងោក តាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាន
ពោធិ៍សាត់៖ ដើម្បចូលរួមចំណែកលើកកម្ពស់សោភ័ណភាព និងបង្កើនគម្របបៃតងនៅក្នុងសហគមន៍ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក សហការជាមួយកម្លាំងអាជ្ញាធរឃុំត្នោតជុំ ចុះធ្វើសកម្មភាពដាំកូនដើមក្ងោក តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សកម្មភាពដ៏មានអត្ថន័យនេះ មិនត្រឹមតែជួយបង្កើតជាស្រមោលត្រជាក់ និងកាត់បន្ថយកម្តៅប៉ុណ្ណោះទេ ប៉ុន្តែផ្កាក្ងោកដែលនឹងរីកស្គុសស្គាយទៅថ្ងៃអនាគត នឹងជួយបង្កើនសម្រស់សោភ័ណភាពតាមបណ្តោយផ្លូវជាតិលេខ៥ ឱ្យកាន់តែទាក់ទាញបន្ថែមទៀត។
អាជ្ញាធរស្រុកក្រគរបានគូសបញ្ជាក់ថា ការដាំដើមឈើនៅថ្ងៃនេះ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់បរិស្ថាន និងសហគមន៍ទាំងមូល ក្នុងការរួមគ្នាថែរក្សាភពផែនដី និងបន្សល់ទុកជាមរតកបៃតងសម្រាប់កូនចៅជំនាន់ក្រោយ៕


សកម្មភាពអាជ្ញាធរ
សកម្មភាពការងារយ៉ាងសកម្មប្រចាំថ្ងៃ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់
នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានបន្តយុទ្ធនាការចុះអនុវត្តការងារថែទាំ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងការងារសេវាដឹកជញ្ជូនយ៉ាងសកម្ម។


សកម្មភាពអាជ្ញាធរ
លោក ផាយ ឡេង ដឹកនាំក្រុមការងារពិនិត្យទីតាំងដាំកូនឈើក្ងោក លើដងផ្លូវលេខ ៥៥ ក្នុងខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះពិនិត្យ និងកំណត់ទីតាំងសម្រាប់រៀបចំដាំកូនឈើក្ងោក នៅតាមបណ្តោយផ្លូវជាតិលេខ ៥៥ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពចុះពិនិត្យនេះ ត្រូវបានធ្វើឡើងចាប់ពីចំណុចភូមិវត្តល្ហួង សង្កាត់លលកស ក្រុងពោធិ៍សាត់ រហូតដល់ព្រំប្រទល់ស្រុកភ្នំក្រវាញ។ ការដាំដើមក្ងោកនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរតាមដងផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយនេះ៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់មណ្ឌលសុវត្ថិភាពជនភៀសសឹក
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង រួមជាមួយលោកអភិបាលរង លោកនាយករដ្ឋបាលស្តីទី សមាជិកក្រុមប្រឹក្សាស្រុក និងប្រធានការិយាល័យចំណុះសាលាស្រុក បានអញ្ជើញចុះពិនិត្យទីតាំងការដ្ឋានសាងសង់មណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ។
ការចុះពិនិត្យនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារ និងធានាឱ្យការរៀបចំមណ្ឌលសុវត្ថិភាពនេះដំណើរការទៅដោយរលូន និងទាន់ពេលវេលា៕


សកម្មភាពអាជ្ញាធរ
ស្រុកបាកានរួមគ្នាដើម្បីបរិស្ថានស្អាត! លោកអភិបាលស្រុក ជំរុញយុទ្ធនាការដាំដើមឈើ និងសម្អាតអនាម័យតាមមូលដ្ឋាន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរាជការ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង ៩ ចុះធ្វើសកម្មភាពសម្អាតបរិស្ថាន អនាម័យ និងដាំដើមឈើលម្អតាមមូលដ្ឋានយ៉ាងសកម្ម នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
យុទ្ធនាការបៃតងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពស្រុកបាកានឱ្យកាន់តែស្រស់បំព្រង ព្រមទាំងរួមចំណែកបង្កើតគម្របបៃតង និងដាស់តឿនស្មារតីបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមស្រឡាញ់ និងថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឱ្យបានស្អាតជានិច្ច។
រួមគ្នាដើម្បីបរិស្ថានស្អាត ស្រុកបាកានបៃតង និងមានខ្យល់អាកាសបរិសុទ្ធ!

