
អភិបាលស្រុកតាលោសែនជ័យ ចុះសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំផ្ទះរុង
ខេត្តពោធិ៍សាត់៖ ដើម្បីពង្រឹងទំនាក់ទំនងជិតដិត និងស្វែងយល់ពីសុខទុក្ខ ព្រមទាំងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងនៅក្នុងភូមិសាស្ត្រភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះ លោកអភិបាលស្រុកបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរផ្សេងៗ ក្នុងគោលបំណងរួមគ្នាដោះស្រាយ និងជំរុញការអភិវឌ្ឍនៅក្នុងសហគមន៍ឱ្យកាន់តែរីកចម្រើន។ សកម្មភាពចុះជួបផ្ទាល់នេះ បានញ៉ាំងឱ្យបរិយាកាសទាំងមូលពោរពេញដោយភាពរីករាយ ភាពកក់ក្តៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរស្រុក ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប៕










