
សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌ក្រុមប្រឹក្សា
ក្រុងពោធិ៍សាត់៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ បានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយ នៅក្នុងសាលប្រជុំសាលាក្រុងពោធិ៍សាត់ ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រី និងសមាជិកក្រុមប្រឹក្សា នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ បានផ្តោតសំខាន់លើប្រធានបទគន្លឹះចំនួន ៥ រួមមាន៖ ស្វែងយល់ពីតួនាទីរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសាខាសមាគមក្រុងពោធិ៍សាត់, អនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាស័ក្តិ និងសញ្ញាសម្គាល់របស់ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ, អនុក្រឹត្យស្តីពីឯកសណ្ឋានការងារ និងសញ្ញាស័ក្តិសម្រាប់សម្គាល់មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់, ក្រមសីលធម៌ការងារសម្រាប់សមាជិកក្រុមប្រឹក្សាគ្រប់ថ្នាក់ (ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់), ការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមាន គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាបន្ន។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពដឹកនាំ របៀបរៀបរយការងារ និងគុណភាពនៃការបម្រើសេវាសាធារណៈនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែល្អប្រសើរ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ៕










