
អាជ្ញាធរស្រុកតាលោសែនជ័យ សហការជាមួយសប្បុរសជន ជួសជុលផ្លូវកៅស៊ូដែលខូចខាតក្នុងឃុំផ្ទះរុង
[ពោធិ៍សាត់]៖ ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍ស្រុកតាលោសែនជ័យ ឱ្យកាន់តែមានការរីកចម្រើនជឿនលឿន ក្រោមការដឹកនាំរបស់ លោក ចាន់ វិចិត្រ អភិបាលស្រុក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំកម្លាំងចម្រុះចុះជួសជុលផ្លូវដែលរងការខូចខាត។ កម្លាំងចម្រុះដែលបានចូលរួមក្នុងសកម្មភាពនេះ រួមមាន៖ មន្ត្រីរាជការ អាជ្ញាធរស្រុក-ឃុំ-ភូមិ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារ ព្រមទាំងយុវជន ស.ស.យ.ក. ឃុំផ្ទះរុង ដោយបានរួមដៃគ្នាជួសជុលផ្លូវកៅស៊ូដែលខូចខាត ស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ យុទ្ធនាការជួសជុលផ្លូវនេះ ក៏ទទួលបានការចូលរួមឧបត្ថម្ភយ៉ាងសកម្មកម្លាំងសប្បុរសជនក្នុងមូលដ្ឋាន រួមមាន៖ ជួយឧបត្ថម្ភ ស៊ីម៉ងត៍ ខ្សាច់ និងថ្ម និងជួយឧបត្ថម្ភដីគ្រួសក្រហមចំនួន ១ ឡានធំ ដើម្បីជួសជុលផ្លូវកែងក្រញាំដែលខូចខាត។ សកម្មភាពនេះបានស្តែងឱ្យឃើញពីសាមគ្គីភាពយ៉ាងរឹងមាំរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើរក្នុងមូលដ្ឋាន៕










