
រដ្ឋបាលឃុំលាច ចាប់ផ្ដើមបើកការដ្ឋានសាងសង់ផ្លូវបេតុងថ្មី ប្រវែង ២៤០ម៉ែត្រ ក្នុងភូមិពេជបាន និងភូមិបោះពួយ
ពោធិ៍សាត់៖ រដ្ឋបាលឃុំលាច បានចាប់ផ្តើមបើកការដ្ឋានអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេថ្មីមួយខ្សែ ដែលលាតសន្ធឹងឆ្លងកាត់ភូមិពេជបាន និងភូមិបោះពួយ ដើម្បីបម្រើផលប្រយោជន៍ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ផ្លូវបេតុងថ្មីនេះ ជាគម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ថវិកាមូលនិធិឃុំលាច ឆ្នាំ២០២៦ ដោយមានលក្ខណៈបច្ចេកទេស ប្រវែង ២៤០ ម៉ែត្រ ទទឹងផ្លូវ ៥ ម៉ែត្រ និងកម្រាស់បេតុង ០.១៥ ម៉ែត្រ (១ទឹកកន្លះ)។ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅ កែប្រែសោភ័ណភាពភូមិដ្ឋាន និងជួយឱ្យការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរ កាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្តជាងមុន៕










