
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ ចុះពិនិត្យ និងដោះស្រាយបញ្ហាខ្វះខាតទឹកដាក់ស្រែជូនប្រជាពលរដ្ឋភ្លាមៗ
ខេត្តពោធិ៍សាត់៖ ដោយយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅ និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងស្វែងរកដំណោះស្រាយអន្តរាគមន៍ភ្លាមៗ ករណីប្រជាពលរដ្ឋជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ដាក់ស្រែ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ សកម្មភាពចុះជួយសង្គ្រោះស្រូវស្រែបងប្អូនកសិករនេះ ត្រូវបានធ្វើឡើងនៅក្នុងភូមិសាស្ត្រភូមិសិរីគន្ធា ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ក្នុងឱកាសចុះពិនិត្យដល់ទីតាំងការដ្ឋាននោះ លោកអភិបាលស្រុកបានណែនាំ និងរៀបចំវិធានការចំពោះមុខ ដោយសហការជាមួយផ្នែកជំនាញដើម្បីនាំប្រភពទឹក បូមសង្គ្រោះស្រូវស្រែដែលកំពុងខ្វះខាតទឹក ក្នុងគោលបំណងធានាឱ្យបាននូវទិន្នផលល្អ និងកាត់បន្ថយការខូចខាតឱ្យនៅកម្រិតទាបបំផុត ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំទឹកស្រោចស្រព។ សកម្មភាពអន្តរាគមន៍ទាន់ពេលវេលានេះ បានធ្វើឱ្យបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋាន បង្ហាញក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរស្រុក ដែលតែងតែនៅក្បែរនិងដោះស្រាយទុក្ខលំបាករបស់ពួកគាត់ជានិច្ច៕










