ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
ដ្ឋបាលស្រុកក្រគរ បើកកិច្ចប្រជុំគណៈអភិបាលស្រុក ដើម្បីពង្រឹងការងារដឹកនាំ និងជ្រើសរើសថ្នាក់ដឹកនាំសាលារៀន
ខេត្តពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំខាន់មួយ ដែលមានរបៀបវារៈចំនួន២ គឺ៖ ពិភាក្សាលើសំណើជ្រើសរើសមន្ត្រីអប់រំផ្នែកបឋមសិក្សាចំនួន ២រូប ដើម្បីរៀបចំតែងតាំងជានាយកសាលាបឋមសិក្សាអូរតាប្រុក និងនាយកសាលាបឋមសិក្សាអន្លង់ត្នោត ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងលើកកម្ពស់គុណភាពអប់រំនៅតាមគ្រឹះស្ថានសិក្សាមូលដ្ឋាន, បន្តបើកកិច្ចប្រជុំគណៈអភិបាលស្រុកក្រគរ ដើម្បីត្រួតពិនិត្យ តាមដានវាយតម្លៃលើវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តសម្រាប់រដ្ឋបាលស្រុក។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍ និងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរឱ្យកាន់តែល្អប្រសើរ៕


នយោបាយ
ឯកឧត្តម យឹម វិសិដ្ឋ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កែវ រតនៈ ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងគ្រួសារកងទ័ព ១៥០គ្រួសារ នៅស្រុកភ្នំក្រវាញ
ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជូនដល់វីរកងទ័ពការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ និងគ្រួសារកងទ័ពនៃវរសេនាតូចអន្តរាគមន៍លេខ១៤២ ចំនួន ១៥០គ្រួសារ។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ផង់ សារិន ប្រធានក្រុមការងារចុះជួយឃុំព្រងិល និងអាជ្ញាធរមូលដ្ឋានផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះពិនិត្យការដ្ឋានផ្លូវជនបទថ្មី អន្តរាគមន៍បញ្ហាទឹកជួយកសិករ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងស្រុកកណ្តៀង
ខេត្តពោធិ៍សាត់៖ ក្នុងសកម្មភាពចុះជាប់ជាមួយមូលដ្ឋាន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការដ្ឋានសាងសង់ផ្លូវថ្នល់ថ្មី ដែលជាកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចុះពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការជួយអន្តរាគមន៍សង្គ្រោះ បញ្ជូនប្រភពទឹកជួយដល់បងប្អូនប្រជាកសិករដែលកំពុងរងគ្រោះដោយសារកត្តាអាកាសធាតុរាំងស្ងួត ក្នុងការបង្កបង្កើនផល។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានឆ្លៀតឱកាសចុះជួបសំណេះសំណាល សាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង ដែលជាភូមិដាច់ស្រយាលឆ្ងាយពីទីប្រជុំជន។
សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងសកម្មភាពយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកទាំងអស់នេះ គឺបានមកពីផ្លែផ្កា និងបញ្ជាក់យ៉ាងច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃ សុខសន្តិភាព៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយលោកនាយក-នាយិកាសាលាទូទាំងស្រុកក្រគរ និងប្រគល់ពានរង្វាន់«សាលារៀនគំរូ»
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកនាយក នាយិកាសាលារៀនទូទាំងស្រុក ដើម្បីស្វែងយល់ពីស្ថានភាពការងារអប់រំ លើកទឹកចិត្តដល់បុគ្គលិកអប់រំ និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកក្រគរ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញប្រគល់ពានរង្វាន់លើកទឹកចិត្តដល់សាលាឆ្នើមៗ រួមមាន៖ សាលាអនុវិទ្យាល័យអន្លង់ត្នោត ទទួលបានពានរង្វាន់ស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៥ និងវិញ្ញាបនបត្រទទួលស្គាល់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតរាជធានី-ខេត្ត ឆ្នាំ២០២៥, សាលាបឋមសិក្សាឈើតុំ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតរាជធានី-ខេត្ត ឆ្នាំ២០២៥៕


ការអភិវឌ្ឍ
ទិដ្ឋភាពទីប្រជុំជនមានការប្រែមុខមាត់ថ្មី ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងសេដ្ឋកិច្ចមមាញឹក
ខេត្តពោធិ៍សាត់៖ ស្រុកក្រគរ ដែលជាស្រុកសក្តានុពលមួយរបស់ខេត្តពោធិ៍សាត់ កំពុងបង្ហាញពីការប្រែមុខមាត់ថ្មីយ៉ាងគួរឱ្យកត់សម្គាល់ តាមរយៈទិដ្ឋភាពទូទៅនៃតំបន់ទីប្រជុំជន ដែលពោរពេញដោយភាពរស់រវើក និងការអភិវឌ្ឍយ៉ាងលឿន។
បច្ចុប្បន្ន ទីប្រជុំជនស្រុកក្រគរ មិនត្រឹមតែមានការរីកចម្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺសាធារណៈ និងសំណង់អគារលំនៅឋានប្លែកៗភ្នែកប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏មានភាពមមាញឹកខ្លាំងផងដែរ។ ជាមួយគ្នានេះ សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំបរិស្ថានបៃតងជុំវិញក្រុង ក៏បានរួមចំណែកលើកកម្ពស់សោភ័ណភាពស្រុកឱ្យកាន់តែគួរឱ្យចង់រស់នៅ និងទាក់ទាញឱកាសវិនិយោគកាន់តែច្រើនឡើងនៅក្នុងមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រាលទុក្ខលំបាកគ្រួសារស្ត្រីមានជំងឺដើរមិនរួច
ខេត្តពោធិ៍សាត់៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ឱ្យលោកនាយករដ្ឋបាលសាលាខេត្ត នាំយកថវិកា និងគ្រឿងឧបភោគបរិភោគជាជួយឧបត្ថម្ភជាបន្ទាន់ ជូនដល់គ្រួសារ និងស្ត្រីម្នាក់ដែលមកពីភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង។
ស្ត្រីរងគ្រោះខាងលើ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងដើរពុំរួចឡើយ ហើយត្រូវបានទទួលការជួយអន្តរាគមន៍បញ្ជូនមកសង្គ្រោះ និងសម្រាកព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ អំណោយមនុស្សធម៌ដែលបានពាំនាំទៅប្រគល់ជូនដល់ក្បាលគ្រែអ្នកជំងឺនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រាលបន្ទុកជីវភាព យោងស្មារតី ក៏ដូចជាការចំណាយផ្សេងៗក្នុងកំឡុងពេលសម្រាកព្យាបាល ដើម្បីឱ្យគាត់អាចមានឱកាសទទួលបានការថែទាំសុខភាព និងឆាប់បានជាសះស្បើយឡើងវិញ៕


ការអភិវឌ្ឍ
ទិដ្ឋភាពនៃ ភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ដែនដីនៃស្រុកតាលោសែនជ័យ នៅតែបន្តបង្ហាញពីសក្តានុពលកសិកម្ម និងសម្រស់ធម្មជាតិដ៏ទាក់ទាញ ដែលក្នុងនោះ ទិដ្ឋភាពរួមនៃ ភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កំពុងបង្ហាញពីភាពស្រស់បំព្រងនៃវាលស្រែចម្ការពណ៌បៃតងខ្ចី។
ភូមិដ្ឋានមួយនេះ មិនត្រឹមតែមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង និងការរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋាននេះ ក៏កំពុងមមាញឹកយ៉ាងសកម្មក្នុងការថែទាំ និងបង្កបង្កើនផលដំណាំកសិកម្មផ្សេងៗ ជាពិសេសការធ្វើស្រែចំការលក្ខណៈគ្រួសារ ដែលជាប្រភពចំណូលដ៏រឹងមាំ និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ចនៅតាមជនបទយ៉ាងពិតប្រាកដ៕


អប់រំ និងកីឡា
លោក លឹម វុទ្ធី ចុះពិនិត្យសមិទ្ធផលថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អនុវិទ្យាល័យអន្លង់រាប
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់សមិទ្ធផលថ្មីៗ នៅក្នុងអនុវិទ្យាល័យអន្លង់រាប។
សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធអប់រំទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់ជូនដល់អនុវិទ្យាល័យអន្លង់រាប ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងនោះរួមមាន៖ អគារទីចាត់ការ ចំនួន ១ខ្នង, អគារបណ្ណាល័យ ចំនួន ១ខ្នង និងអគារសិក្សា ចំនួន ១ខ្នង (មាន ៦បន្ទប់)។
បច្ចុប្បន្ន សមិទ្ធផលដ៏រឹងមាំទាំងនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ១០០% ហើយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរជូនដល់ក្មួយៗសិស្សានុសិស្សនៅក្នុងមូលដ្ឋាន៕


អប់រំ និងកីឡា
ឯកឧត្តម សុះ ហ្វាស៊ី អញ្ជើញចុះពិនិត្យស្ថានភាពតាមមណ្ឌលប្រឡងនីមួយៗ ក្នុងក្រុងពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារ បានអញ្ជើញអមដំណើរ ឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមមណ្ឌលប្រឡងនីមួយៗ ស្ថិតក្នុងក្រុងពោធិ៍សាត់។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃលើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងការត្រៀមលក្ខណៈសម្បត្តិនានានៅតាមមណ្ឌលប្រឡង ដើម្បីធានាឱ្យដំណើរការប្រឡងខាងមុខប្រព្រឹត្តទៅដោយរលូន មានតម្លាភាព យុត្តិធម៌ និងទទួលបានលទ្ធផលល្អប្រសើរ៕


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសិក្សាទីតាំងដើម្បីនាំទឹកស្រោចស្រពជួយសង្គ្រោះស្រែប្រជាពលរដ្ឋនៅស្រុកបាកាន
ខេត្តពោធិ៍សាត់៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពកសិកម្មរបស់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវស្រែរបស់បងប្អូនប្រជាកសិករ ដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកដោយសារគ្រោះរាំងស្ងួត នៅក្នុងមូលដ្ឋានស្រុកបាកាន ខេត្តពោធិ៍សាត់។
ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ គឺក្នុងគោលបំណងវាយតម្លៃលើទំហំផលប៉ះពាល់ និងសិក្សាពីលទ្ធភាពបច្ចេកទេសជាក់ស្តែង ក្នុងការអន្តរាគមន៍នាំទឹក ឬបូមទឹកសង្គ្រោះស្រោចស្រពស្រែស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅកាត់បន្ថយការខូចខាត និងធានាបាននូវទិន្នផលកសិកម្មក្នុងមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរអគ្គិសនីកម្ពុជា ឧបត្ថម្ភថវិកា ៤០,០០០,០០០រៀល ជូនអនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំក្រវាញ ដែលបាននាំយកថវិកាចំនួន ៤០,០០០,០០០រៀល (សែសិបលានរៀលគត់) របស់អាជ្ញាធរអគ្គិសនីកម្ពុជា មកប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ។
ថវិកាឧបត្ថម្ភដ៏សប្បុរសនេះ នឹងត្រូវរក្សាទុក និងប្រើប្រាស់ឱ្យចំគោលដៅក្នុងការងារមនុស្សធម៌ ដើម្បីជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងមូលដ្ឋានស្រុកភ្នំក្រវាញ ឱ្យបានទាន់ពេលវេលា។
អនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ សូមបួងសួង និងជូនពរជ័យជូនចំពោះ ឯកឧត្តមប្រធានក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអាជ្ញាធរអគ្គិសនីកម្ពុជាទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាតឡើយ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលឃុំទាំង៦ ក្នុងស្រុកបាកាន រួមគ្នាដាំកូនឈើ និងសម្អាតបរិស្ថាន ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ យុទ្ធនាការសម្អាតបរិស្ថាន និងដាំកូនឈើក្រោមស្មារតី #បាកានស្អាត ត្រូវបានអនុវត្តយ៉ាងសកម្មក្នុងពេលតែមួយនៅតាមបណ្តាឃុំចំនួន៦ នៃស្រុកបាកាន។
សកម្មភាពដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ មេភូមិ អនុភូមិ ប្រជាការពារ ក្រុមយុវជន និងប្រជាពលរដ្ឋ ដោយបានរួមគ្នាសម្អាតបរិស្ថានតាមលំនៅឋាន ផ្លូវសាធារណៈនានា និងដាំកូនឈើបន្ថែម។ សកម្មភាពនេះធ្វើឡើងស្របតាមបទបញ្ជារបស់រដ្ឋបាលស្រុកបាកាន និងដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងការបង្កើតគម្របបៃតង និងភាពស្អាត។
រដ្ឋបាលឃុំទាំង៦ ដែលបានចូលរួមក្នុងចលនានេះ រួមមាន៖ រដ្ឋបាលឃុំស្នាមព្រះ, រដ្ឋបាលឃុំបឹងខ្នារ, រដ្ឋបាលឃុំខ្នារទទឹង, រដ្ឋបាលឃុំអូរតាប៉ោង, រដ្ឋបាលឃុំមេទឹក និង រដ្ឋបាលឃុំត្រពាំងជង៕


សកម្មភាពអាជ្ញាធរ
មការងារចម្រុះ ចុះត្រួតពិនិត្យ និងណែនាំម្ចាស់ទីតាំងចិញ្ចឹមជ្រូកមួយកន្លែង ដែលបង្កផលប៉ះពាល់ដល់សាលារៀន និងវត្តអារាម
ក្រោយការពិភាក្សារកដំណោះស្រាយ និងដោយមានការយោគយល់អធ្យាស្រ័យពីក្រុមការងារ ម្ចាស់ទីតាំងបានយល់ព្រមធ្វើកិច្ចសន្យា ដោយសន្យា ថានឹងរៀបចំធ្វើអនាម័យជាប្រចាំ និងកាត់បន្ថយចំនួនសត្វចិញ្ចឹមឱ្យសមស្រប, គ្រប់គ្រង និងទុកដាក់លាមកសត្វឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកាត់បន្ថយក្លិនស្អុយមកលើអ្នកជិតខាង។
ជាលទ្ធផល ក្រុមការងារចម្រុះបានកំណត់ទុកលក្ខខណ្ឌ និងឱសានវាទរយៈពេល ១ខែ ឱ្យម្ចាស់ទីតាំងកែសម្រួលឡើងវិញ ហើយក្រុមការងារនឹងបន្តចុះត្រួតពិនិត្យតាមដានបន្ថែម។ ក្នុងករណីម្ចាស់ទីតាំងនៅតែមិនអនុវត្តតាមកិច្ចសន្យា ក្រុមការងារចម្រុះនឹងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

