
រដ្ឋបាលឃុំទាំង៦ ក្នុងស្រុកបាកាន រួមគ្នាដាំកូនឈើ និងសម្អាតបរិស្ថាន ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ យុទ្ធនាការសម្អាតបរិស្ថាន និងដាំកូនឈើក្រោមស្មារតី #បាកានស្អាត ត្រូវបានអនុវត្តយ៉ាងសកម្មក្នុងពេលតែមួយនៅតាមបណ្តាឃុំចំនួន៦ នៃស្រុកបាកាន។ សកម្មភាពដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ មេភូមិ អនុភូមិ ប្រជាការពារ ក្រុមយុវជន និងប្រជាពលរដ្ឋ ដោយបានរួមគ្នាសម្អាតបរិស្ថានតាមលំនៅឋាន ផ្លូវសាធារណៈនានា និងដាំកូនឈើបន្ថែម។ សកម្មភាពនេះធ្វើឡើងស្របតាមបទបញ្ជារបស់រដ្ឋបាលស្រុកបាកាន និងដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងការបង្កើតគម្របបៃតង និងភាពស្អាត។ រដ្ឋបាលឃុំទាំង៦ ដែលបានចូលរួមក្នុងចលនានេះ រួមមាន៖ រដ្ឋបាលឃុំស្នាមព្រះ, រដ្ឋបាលឃុំបឹងខ្នារ, រដ្ឋបាលឃុំខ្នារទទឹង, រដ្ឋបាលឃុំអូរតាប៉ោង, រដ្ឋបាលឃុំមេទឹក និង រដ្ឋបាលឃុំត្រពាំងជង៕










