ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះស្រង់ស្ថិតិគ្រឿងយន្ត និងដ្រូនកសិកម្មតាមបណ្តាសង្កាត់ក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យគ្រឿងយន្តកសិកម្ម បានសហការជាមួយមន្ត្រីកសិកម្មក្រុងពោធិ៍សាត់ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ ចុះអនុវត្តការងារស្រង់ស្ថិតិគ្រឿងយន្តកសិកម្ម និងដ្រូន (Drone) កសិកម្ម នៅតាមបណ្តាមូលដ្ឋាន។
សកម្មភាពចុះប្រមូលទិន្នន័យនេះ ត្រូវបានធ្វើឡើងនៅតាមសង្កាត់គោលដៅចំនួន ៣ ក្នុងក្រុងពោធិ៍សាត់ រួមមាន៖ សង្កាត់លលកស, សង្កាត់រលាប និងសង្កាត់ចំរើនផល។
ការចុះស្រង់ស្ថិតិនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងទិន្នន័យនៃការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងយន្តកសិកម្មឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការវាយតម្លៃ គ្រោងផែនការអភិវឌ្ឍន៍ និងជំរុញការធ្វើទំនើបកម្មវិស័យកសិកម្មនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះប្រមូលទិន្នន័យផ្ទៀងផ្ទាត់សូចនាករគម្រោង (CASDP) នៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង
ពោធិ៍សាត់៖ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចុះអនុវត្តការងារប្រមូលទិន្នន័យនៅមូលដ្ឋានផ្ទាល់ ថ្ងៃពុធ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពនេះបានធ្វើឡើងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងប្រមូលទិន្នន័យសម្រាប់យកទៅផ្ទៀងផ្ទាត់សូចនាករគោលដៅអភិវឌ្ឍន៍របស់គម្រោង។
នៅក្នុងការចុះបំពេញការងារនេះ ក្រុមការងារបានរៀបចំការសម្ភាសន៍ផ្ទាល់ជាមួយបងប្អូនកសិករជាសមាជិកសហគមន៍ ដោយមានអ្នកចូលរួមផ្តល់បទសម្ភាសន៍ និងព័ត៌មានសរុបចំនួន ២៤នាក់ (ក្នុងនោះមានស្រ្តីចំនួន ១១នាក់) ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕


កសិកម្ម
ក្រុមការងារចុះប្រមូលទិន្នន័យដីធ្លីតាមការអះអាងរបស់ពលរដ្ឋ ភូមិឧបសម្ព័ន្ធអូរតាទិន ដើម្បីអនុវត្តតាមសជណ គណៈរដ្ឋមន្ត្រី
ពោធិ៍សាត់៖ ក្រុមការងារអនុគណៈកម្មការទី២ ទទួលបន្ទុកឃុំក្រពើពីរ បានចុះអនុវត្តការងារប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លី តាមការអះអាងរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិឧបសម្ព័ន្ធអូរតាទិន ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពចុះវាស់វែង និងប្រមូលទិន្នន័យនេះ ធ្វើឡើងដើម្បីអនុវត្តតាមខ្លឹមសារលិខិតលេខ ២២៦ សជណ ឧ.រ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
ជាលទ្ធផលនៅក្នុងការចុះអនុវត្តការងារនោះ ក្រុមការងារប្រមូលបាននូវសាលាកបត្រព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានចំនួន ១១ច្បាប់ ដើម្បីយកទៅបំពេញនីតិវិធីបន្ត៕


កសិកម្ម
មន្ត្រីរដ្ឋបាលព្រៃឈើពោធិ៍សាត់ សម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការស្នើសុំជីកប្រឡាយការពារព្រៃសហគមន៍ចំនួន ៣ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ និងលោក ស៊ុំ ពក នាយសង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួត បានអញ្ជើញសម្របសម្រួលកិច្ចប្រជុំស្តីពី ការស្នើសុំជីកប្រឡាយព័ទ្ធជុំវិញព្រំប្រទល់ព្រៃសហគមន៍ចំនួន ៣ នៅក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ។
សហគមន៍ព្រៃឈើទាំង ៣ នោះរួមមាន៖ សហគមន៍ព្រៃឈើភូមិរលួសកណ្តាល, សហគមន៍ព្រៃឈើភូមិរលួសខាងកើត និង សហគមន៍ព្រៃឈើភូមិស្នារាជ។
គម្រោងជីកប្រឡាយនេះមានទំហំទទឹង ៦ម៉ែត្រ និងបណ្តោយ ៤០០ម៉ែត្រ ក្នុងគោលបំណងការពារដីព្រៃសហគមន៍ពីការទន្ទ្រាន ព្រមទាំងដើម្បីគ្រប់គ្រង និងរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ទាំងការស្រោចស្រព និងការបង្ការក្នុងគ្រាមានគ្រោះរាំងស្ងួត។
កិច្ចប្រជុំនេះមានសមាសភាពចូលរួមចំនួន ១១នាក់ ដែលជាតំណាងមកពីគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទាំង ៣ភូមិ និងលោកមេភូមិផងដែរ៕


សកម្មភាពអាជ្ញាធរ
ក្រុមការងារជំនាញក្រុងពោធិ៍សាត់ ចុះថត និងធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋដល់មូលដ្ឋានក្នុងភូមិត្រាង
ពោធិ៍សាត់៖ ក្រុមការងារជំនាញ បានចុះមកផ្តល់សេវាថត និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដល់ក្នុងភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
ការចុះអនុវត្តការងារដល់មូលដ្ឋាននេះ គឺដើម្បីបង្កលក្ខណៈងាយស្រួល ជួយសម្រាលថវិកា និងចំណេញពេលវេលាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺអ្នកវ័យចំណាស់ និងអ្នកដែលពុំមានលទ្ធភាពធ្វើដំណើរទៅកាន់ទីរួមក្រុង ឱ្យទទួលបានអត្តសញ្ញាណប័ណ្ណសម្រាប់ប្រើប្រាស់ជាផ្លូវការគ្រប់ៗគ្នា សហការដោយអាជ្ញាធរមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា និងការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការពិនិត្យវឌ្ឍនភាពការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា និងការអនុវត្តការផ្ទេរមុខងារវិស័យអប់រំទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងមុខងារសាធារណៈ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារកន្លងមក ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបុគ្គលិកអប់រំ និងការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានភាពរលូន និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកកិច្ចការរដ្ឋបាល ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងការគ្រប់គ្រងផ្ទៃក្នុង នៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីតាមដាន វាយតម្លៃ ពិនិត្យនីតិវិធីនៃការគ្រប់គ្រងអង្គភាព និងពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ក៏ដូចជាការគ្រប់គ្រងផ្ទៃក្នុងរបស់មន្ទីរឱ្យកាន់តែមានភាពរលូន ស្របតាមទិសដៅកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។


សកម្មភាពអាជ្ញាធរ
មណ្ឌលអប់រំកែប្រែទី៤ សហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ៩ ដល់ទណ្ឌិត
ពោធិ៍សាត់៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ប្រធានមណ្ឌលអប់រំកែប្រែទី៤ បានទទួលស្វាគមន៍ លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ព្រមទាំងសហការីចំនួន ០៥ រូប ក្នុងឱកាសចុះមកបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់ទណ្ឌិត (ដែលជាក្រុមក្មេងទំនើង) នៅក្នុងមណ្ឌលផ្ទាល់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះផ្តោតលើ ៩ ជំនាញសំខាន់ៗ រួមមាន៖ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ថែទាំ និងដំឡើងកាមេរ៉ាសុវត្ថិភាព, ដំឡើងបណ្តាញអគ្គិសនី, ការងារកំបោរ, ការធ្វើនំ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (ឆុងកាហ្វេ), ការដំឡើងបំពង់ទឹក, ផ្សារអគ្គិសនី (ផ្សារដែក) និង សិប្បកម្មកែច្នៃចំណីសត្វ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញពិតប្រាកដ សម្រាប់ឱ្យពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិត សមាហរណកម្មចូលក្នុងសង្គមវិញដោយសន្តិវិធី និងក្លាយជាពលរដ្ឋល្អក្រោយពេលទទួលបានសេរីភាពឡើងវិញ៕


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋសង្កាត់លលកស ចូលរួមសហការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៧០១ ច្រាំងស្ទឹងពោធិ៍សាត់
ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់លលកស ដែលរស់នៅតាមបណ្តោយផ្លូវលេខ៧០១ នាត្រើយខាងកើតច្រាំងស្ទឹងក្រុងពោធិ៍សាត់ បាននិងកំពុងបន្តសហការចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងពោធិ៍សាត់ជាបណ្តើរៗហើយ។
ការស្ម័គ្រចិត្តចូលរួមរៀបចំសណ្តាប់ធ្នាប់ និងរុះរើសំណង់មិនរៀបរយនេះ នឹងជួយឱ្យដងផ្លូវមួយខ្សែនេះទទួលបាននូវសោភ័ណភាពថ្មី របៀបរៀបរយល្អ និងមានបរិស្ថានស្អាតក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យសំណង់មិនរៀបរយនៅម្តុំស្ពានផ្សារបំណក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះត្រួតពិនិត្យមើលទីតាំងលក់ដូរ និងសំណង់មិនរៀបរយមួយចំនួន នៅផ្សារបំណក់ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
ការចុះពិនិត្យនេះ ធ្វើឡើងនៅត្រង់ចំណុចគល់ស្ពានត្រើយខាងលិចផ្សារ ក្នុងគោលបំណងដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ចុះដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋដោយផ្ទាល់ នៅឃុំឈើតុំ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពការងារនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំឈើតុំ ស្រុកក្រគរ ដើម្បីជួយសម្រួល និងស្វែងរកដំណោះស្រាយសមស្រប ស្របតាមគោលនយោបាយគិតគូរពីសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕


កសិកម្ម
ក្រុមការងារថ្នាក់ជាតិ និងទីប្រឹក្សាកម្មវិធី ចុះវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម នៅសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រពើពីរ ស្រុកវាលវែង
ពោធិ៍សាត់៖ នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកទីប្រឹក្សាកម្មវិធី និងក្រុមការងារ បានសហការជាមួយក្រុមការងារថ្នាក់ជាតិ ចុះបំពេញបេសកកម្មសិក្សា និងវាយតម្លៃផលប៉ះពាល់បរិស្ថាន សង្គម និងអាកាសធាតុ នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
សកម្មភាពចុះវាយតម្លៃនេះ ត្រូវបានធ្វើឡើងរួមគ្នាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រពើពីរ ស្ថិតនៅភូមិក្រពើពីក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ដោយមានសមាសភាពចូលរួមសរុបចំនួន ២៥ នាក់ (ក្នុងនោះមានស្រ្តីចំនួន ១២ នាក់)។
ការចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងយល់ពីផលប៉ះពាល់នានា ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ទាំងឡាយប្រព្រឹត្តទៅដោយនិរន្តរភាព មិនប៉ះពាល់ដល់បរិស្ថាន ជួយកាត់បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍កសិកម្មឱ្យកាន់តែប្រសើរឡើង៕


ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត
ក-ការងារសាធារណការ
១-ការងារ Reseal DBST ប្រវែង ផ្លូវជាតិលេខ៥ ប្រវែង ១៩៥០ម ចន្លោះគ.ម១៨៦+៦៥០ ដល់គ.ម១៨៨+៦០០ ក្រុងពោធិ៍សាត់ ស្រោចកៅស៊ូ DBST ។
២-ការងារកាត់ជួសជុល ផ្លូវជាតិលេខ៥៥ ប្រវែង ៣៤០០ម ចន្លោះគ.ម៥០+០០០ ដល់គ.ម៥៣+៤០០ ចាក់ និងកិនកៀថ្មមុិច ។
៣-ការងាររៀប Gabion box ផ្លូវខេត្តលេខ១៥២H ។
៤-ការងារថែទាំប្រចាំ ផ្លូវជាតិលេខ៥៥ ស្រោចកៅស៊ូ DBST ចន្លោះគ.ម៧៧+០០០ ដល់គ.ម៧៨+០០០។
៥-សម្របសម្រួលការងារថែទាំប្រចាំ ស្ថានីយចម្រោះទឹកកខ្វក់ បូមស្តារអាងក្លរ និងច្រូតកក់ក្នុងអាងរុក្ខជាតិ។
៦-សម្របសម្រួលការងារថែទាំប្រចាំ ស្ថានីយចម្រោះទឹកកខ្វក់ តេស្តទឹកកខ្វក់ជាប្រចាំថ្ងៃ។
ខ-ការងារដឹកជញ្ជូន
១-សកម្មភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។

