
ក្រុមការងារថ្នាក់ជាតិ និងទីប្រឹក្សាកម្មវិធី ចុះវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម នៅសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រពើពីរ ស្រុកវាលវែង
ពោធិ៍សាត់៖ នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកទីប្រឹក្សាកម្មវិធី និងក្រុមការងារ បានសហការជាមួយក្រុមការងារថ្នាក់ជាតិ ចុះបំពេញបេសកកម្មសិក្សា និងវាយតម្លៃផលប៉ះពាល់បរិស្ថាន សង្គម និងអាកាសធាតុ នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ សកម្មភាពចុះវាយតម្លៃនេះ ត្រូវបានធ្វើឡើងរួមគ្នាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រពើពីរ ស្ថិតនៅភូមិក្រពើពីក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ដោយមានសមាសភាពចូលរួមសរុបចំនួន ២៥ នាក់ (ក្នុងនោះមានស្រ្តីចំនួន ១២ នាក់)។ ការចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងយល់ពីផលប៉ះពាល់នានា ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ទាំងឡាយប្រព្រឹត្តទៅដោយនិរន្តរភាព មិនប៉ះពាល់ដល់បរិស្ថាន ជួយកាត់បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍កសិកម្មឱ្យកាន់តែប្រសើរឡើង៕











