
មណ្ឌលអប់រំកែប្រែទី៤ សហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ៩ ដល់ទណ្ឌិត
ពោធិ៍សាត់៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ប្រធានមណ្ឌលអប់រំកែប្រែទី៤ បានទទួលស្វាគមន៍ លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ព្រមទាំងសហការីចំនួន ០៥ រូប ក្នុងឱកាសចុះមកបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់ទណ្ឌិត (ដែលជាក្រុមក្មេងទំនើង) នៅក្នុងមណ្ឌលផ្ទាល់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើ ៩ ជំនាញសំខាន់ៗ រួមមាន៖ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ថែទាំ និងដំឡើងកាមេរ៉ាសុវត្ថិភាព, ដំឡើងបណ្តាញអគ្គិសនី, ការងារកំបោរ, ការធ្វើនំ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (ឆុងកាហ្វេ), ការដំឡើងបំពង់ទឹក, ផ្សារអគ្គិសនី (ផ្សារដែក) និង សិប្បកម្មកែច្នៃចំណីសត្វ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញពិតប្រាកដ សម្រាប់ឱ្យពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិត សមាហរណកម្មចូលក្នុងសង្គមវិញដោយសន្តិវិធី និងក្លាយជាពលរដ្ឋល្អក្រោយពេលទទួលបានសេរីភាពឡើងវិញ៕










