ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ នាំយកកូនឈើក្ងោក ១០០ដើម ចែកជូនអនុវិទ្យាល័យកោះរំដួល ដើម្បីត្រៀមដាំលម្អសាលា
ខេត្តពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បាននាំយកកូនដើមក្ងោកចំនួន ១០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ទៅចែកជូនដល់អនុវិទ្យាល័យកោះរំដួល នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ការប្រគល់ជូនកូនឈើនេះ គឺដើម្បីត្រៀមរៀបចំដាំដុះនៅសប្តាហ៍ក្រោយ ក្នុងគោលបំណងបង្កើនពណ៌បៃតង និងលើកកម្ពស់សោភ័ណភាពក្នុងបរិវេណសាលារៀន៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ចុះសម្អាតបរិស្ថាន និងថែទាំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥
ខេត្តពោធិ៍សាត់៖ ក្រោមការចង្អុលបង្ហាញពី លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកបានដឹកនាំក្រុមការងារ ចុះយុទ្ធនាការសម្អាតអនាម័យបរិស្ថាន នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំទាំង៧ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពសំខាន់ៗនៅក្នុងយុទ្ធនាការនេះ រួមមាន៖ ស្រោចទឹកដើមឈើ និងកាត់ស្មៅនៅតាមទ្រូងផ្លូវជាតិ, ប្រមូល និងសម្អាតសំរាមទាំងសងខាងចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក៕


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធកម្មរយៈពេល ៦ខែ តាមប្រព័ន្ធ Zoom
ខេត្តពោធិ៍សាត់៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីពិនិត្យរបាយការណ៍បូកសរុបសមិទ្ធកម្មរយៈពេល ៦ខែ នៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត និងសម្របសម្រួលដោយ ឯកឧត្តម ឈឿង គីរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងសំខាន់នៃកិច្ចប្រជុំ៖ ពិនិត្យ និងរាយការណ៍លើលទ្ធផលការងារសម្រេចបានក្នុងរយៈពេល ៦ខែ កន្លងមក លើការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម, ពិភាក្សា និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ការអនុវត្តគម្រោងទៅមុខទៀត៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំត្រពាំងជង ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម នៅក្នុងភូមិស្រែល្វា និងភូមិកណ្ដឹងមាស
អាជ្ញាធរមូលដ្ឋាន ឃុំត្រពាំងជង បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃ គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ដែលស្ថិតនៅក្នុងភូមិស្រែល្វា និងភូមិកណ្ដឹងមាស នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។
សមាសភាពអញ្ជើញចូលរួមក្នុងសកម្មភាពនេះ រួមមាន៖ លោក អុឹម សាមិន មេឃុំត្រពាំងជង លោក ម៉េត គា ជំទប់ទី២ ឃុំ លោក ខុន ស ស្មៀនឃុំ ព្រមទាំង លោកមេភូមិ និងលោកអនុភូមិបឹងប្រីយ៍។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការអនុវត្តបច្ចេកទេសសាងសង់ ឱ្យស្របតាមស្តង់ដារ គុណភាព និងធានាឱ្យបាននូវការប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕


សុខាភិបាល
មណ្ឌលសុខភាពកំពង់លួងដែលជាមណ្ឌលសុខភាពបណ្ដែតទឹកតែមួយគត់នៅប្រទេសកម្ពុជា
មណ្ឌលសុខភាពកំពង់លួងដែលជាមណ្ឌលសុខភាពបណ្ដែតទឹកតែមួយគត់នៅប្រទេសកម្ពុជា មានផ្ដល់សេវាសុខភាព២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ មិនថាថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកទេ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពសិក្សារបស់សិស្សានុសិស្សនៅតំបន់ព្រំដែនឃុំថ្មដា ស្រុកវាលវែង
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពសាលារៀន និងដំណើរការសិក្សារបស់សិស្សានុសិស្ស នៅសាលាបឋមសិក្សាថ្មដា និងអនុវិទ្យាល័យ ហ៊ុន សែន ថ្មដា ដែលស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ឃុំថ្មដា គឺជាតំបន់ខ្សែបន្ទាត់ព្រំដែនដ៏សំខាន់មួយ ដែលជាសមរភូមិក្តៅ និងរងការរំលោភបំពានពីសំណាក់ភាគីថៃឈ្លានពាន។ ការអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពជាក់ស្តែងពីសំណាក់ឯកឧត្តមអភិបាលខេត្ត នាពេលនេះ គឺដើម្បី៖ ពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធសិក្សា និងតម្រូវការចាំបាច់នានារបស់សាលារៀនទាំងពីរ, ផ្តល់ការលើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូ ដែលកំពុងបំពេញភារកិច្ចបង្រៀននៅតំបន់ដាច់ស្រយាលជួរមុខ។
ពង្រឹងស្មារតីស្នេហាជាតិ និងការពារទឹកដី តាមរយៈការអប់រំ និងការបង្កើនចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន។
សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត លើវិស័យអប់រំនៅតំបន់ព្រំដែន ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍ និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស៕


ការអភិវឌ្ឍ
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការអនុវត្តគម្រោងសេវាសង្គម អនាម័យបរិស្ថាន និងមូលនិធិរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ខេត្តពោធិ៍សាត់បានរៀបចំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលប្រើប្រាស់ថវិកាសេវាសង្គម អនាម័យបរិស្ថាន និងគម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត។នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អង្គប្រជុំបានពិនិត្យលទ្ធផលនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧–២០២៩) និងវឌ្ឍនភាពនៃការអនុវត្តគម្រោងមូលនិធិឆ្នាំ២០២៦ ព្រមទាំងឯកភាពលើទម្រង់របាយការណ៍សម្រាប់ការអនុវត្តសកម្មភាព និងការប្រើប្រាស់ថវិកាសេវាសង្គម និងអនាម័យបរិស្ថាន។


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ គោរពវិញ្ញាណក្ខន្ខសព លោកពលទោ គង់ សុភ័ក្ត្រ យុទ្ធជនកងអនុសេនាធំល្បាតទី៣ កងការពារព្រំដែនលេខ៥០២ នៃយោធភូមិភាគទី៥
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខលោកពលទោ គង់ សុភ័ក្រ្ត យុទ្ធជនកងការពារព្រំដែនលេខ៥០២ ដែលបានទទួលមរណភាពក្នុងអាយុ ២២ ឆ្នាំ ដោយគ្រោះថ្នាក់ពេលបំពេញបេសកកម្មនៅសមរភូមិជួរមុខ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។


អប់រំ និងកីឡា
លោក លឹម វុទ្ធី ចុះពិនិត្យសកម្មភាពអប់រំ និងសោភណភាពនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងខេត្ត
ខេត្តពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសកម្មភាពរៀន និងបង្រៀន ព្រមទាំងស្ថានភាពទូទៅនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
សាលារៀនដែលក្រុមការងារបានចុះពិនិត្យរួមមាន៖ សាលាបឋមសិក្សាភូមិអូរ សាលាបឋមសិក្សាបត់ត្រាច និងអនុវិទ្យាល័យដូងជ្រុំ។ ក្នុងការចុះពិនិត្យនេះ លោកប្រធានមន្ទីរបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន សោភណភាព អនាម័យជុំវិញសាលា ព្រមទាំងឥរិយាបថ និងវិន័យរបស់លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខអាជីវករផ្សារក្រមួន
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពរស់នៅ ក៏ដូចជាការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរ (ផ្សារក្រមួន) នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពចុះសាកសួរសុខទុក្ខផ្ទាល់នេះ ធ្វើឡើងនៅម្តុំចំការម៉ៃសាក់ តាមបណ្តោយដងផ្លូវលេខ ១៥៥ ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងក្តាប់ជាប់នូវតម្រូវការ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕


សន្តិសុខសង្គម
កម្លាំងចម្រុះខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការពីបទឆក់ត្រី
ពោធិ៍សាត់៖ កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ (យោធភូមិភាគ៥) ប្រចាំការនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនេសាទដោយឧបករណ៍ឆក់ រួចប្រគល់ជូនផ្នែករដ្ឋបាលជលផលក្រគរ និងសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីចាត់ការបន្ត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ អាំងទែវ៉ិចទ័រ ១គ្រឿង, អាគុយ៤០អំពែ ១គ្រឿង, ដងឆក់ ១គូ និងខ្សែភ្លើងប្រវែង ៣ម៉ែត្រ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានក្រុមការងារកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


កសិកម្ម
សមត្ថកិច្ចចម្រុះស្រុកក្រគរ ចុះបង្ក្រាបករណីកាប់ឈើផ្ចឹកធ្វើបង្គោលរបង និងធ្វើកិច្ចសន្យាអប់រំជនសង្ស័យម្នាក់
ពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ សហការជាមួយមន្ត្រីបរិស្ថាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយស បានចុះបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែងមួយករណី ត្រង់ចំណុចក្រោយភ្នំខុស (និយាមកា UTM 408161-1355776) ស្ថិតក្នុងភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុំ រុំ អាយុ ៥៨ឆ្នាំ រស់នៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ដែលបានប្រព្រឹត្តសកម្មភាពលួចកាប់រំលំដើមឈើផ្ចឹក ដើម្បីយកមកធ្វើជាបង្គោលរបង។ វត្ថុតាងដែលដកហូតបានរួមមាន ឈើផ្ចឹកចំនួន ០៧ កំណាត់ (ទំហំមុខកាត់ ១២សង់ទីម៉ែត្រ x ១២សង់ទីម៉ែត្រ និងប្រវែង ២ម៉ែត្រ) ព្រមទាំងពូថៅដៃចំនួន ១ ផងដែរ។
យោងតាមការណែនាំពីគណៈបញ្ជាការឯកភាពស្រុកក្រគរ ក្រុមការងារចម្រុះបានសម្រេចធ្វើការអប់រំណែនាំ និងឱ្យជនល្មើសធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើនេះតទៅទៀត។ ចំណែកឯវត្ថុតាងពូថៅ និងបង្គោលឈើទាំង ៧ដើម ត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយស ដើម្បីចាត់ការតាមនីតិវិធី៕


ធនធានទឹក និងឧតុនិយម
ស្ថានភាពស្រូវវស្សាមិនទាន់រងការខូចខាតឡើយ ខណៈមន្ទីរជំនាញកំពុងបើកទឹក និងត្រៀមទប់ទល់នឹង El Niño
តាមការពិនិត្យជាក់ស្តែង ទឹកស្ទឹងស្វាយដូនកែវ (ស្រុកបាកាន) ត្រង់ចំណុចស្ពានស្វាយដូនកែវ មានកម្ពស់ ១,៣៨ ម៉ែត្រ និងបានធ្លាក់ដល់ទំនប់បង្ហៀរច្រប់ហើយ។ ទោះជាយ៉ាងណា បណ្តាឃុំមួយចំនួននៅផ្នែកខាងក្រោមផ្លូវជាតិ រួមមាន ឃុំមេទឹក អូរតាប៉ោង បឹងបត់កណ្តោល និងឃុំស្រែស្តុក (ស្រុកកណ្តៀង) នៅតែមានតម្រូវការទឹកបន្ថែមសម្រាប់ដីស្រែដែលនៅឆ្ងាយពីប្រភពទឹក។

