
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពសិក្សារបស់សិស្សានុសិស្សនៅតំបន់ព្រំដែនឃុំថ្មដា ស្រុកវាលវែង
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពសាលារៀន និងដំណើរការសិក្សារបស់សិស្សានុសិស្ស នៅសាលាបឋមសិក្សាថ្មដា និងអនុវិទ្យាល័យ ហ៊ុន សែន ថ្មដា ដែលស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ឃុំថ្មដា គឺជាតំបន់ខ្សែបន្ទាត់ព្រំដែនដ៏សំខាន់មួយ ដែលជាសមរភូមិក្តៅ និងរងការរំលោភបំពានពីសំណាក់ភាគីថៃឈ្លានពាន។ ការអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពជាក់ស្តែងពីសំណាក់ឯកឧត្តមអភិបាលខេត្ត នាពេលនេះ គឺដើម្បី៖ ពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធសិក្សា និងតម្រូវការចាំបាច់នានារបស់សាលារៀនទាំងពីរ, ផ្តល់ការលើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូ ដែលកំពុងបំពេញភារកិច្ចបង្រៀននៅតំបន់ដាច់ស្រយាលជួរមុខ។ ពង្រឹងស្មារតីស្នេហាជាតិ និងការពារទឹកដី តាមរយៈការអប់រំ និងការបង្កើនចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត លើវិស័យអប់រំនៅតំបន់ព្រំដែន ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍ និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស៕










