
សមត្ថកិច្ចចម្រុះស្រុកក្រគរ ចុះបង្ក្រាបករណីកាប់ឈើផ្ចឹកធ្វើបង្គោលរបង និងធ្វើកិច្ចសន្យាអប់រំជនសង្ស័យម្នាក់
ពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ សហការជាមួយមន្ត្រីបរិស្ថាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយស បានចុះបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែងមួយករណី ត្រង់ចំណុចក្រោយភ្នំខុស (និយាមកា UTM 408161-1355776) ស្ថិតក្នុងភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុំ រុំ អាយុ ៥៨ឆ្នាំ រស់នៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ដែលបានប្រព្រឹត្តសកម្មភាពលួចកាប់រំលំដើមឈើផ្ចឹក ដើម្បីយកមកធ្វើជាបង្គោលរបង។ វត្ថុតាងដែលដកហូតបានរួមមាន ឈើផ្ចឹកចំនួន ០៧ កំណាត់ (ទំហំមុខកាត់ ១២សង់ទីម៉ែត្រ x ១២សង់ទីម៉ែត្រ និងប្រវែង ២ម៉ែត្រ) ព្រមទាំងពូថៅដៃចំនួន ១ ផងដែរ។ យោងតាមការណែនាំពីគណៈបញ្ជាការឯកភាពស្រុកក្រគរ ក្រុមការងារចម្រុះបានសម្រេចធ្វើការអប់រំណែនាំ និងឱ្យជនល្មើសធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើនេះតទៅទៀត។ ចំណែកឯវត្ថុតាងពូថៅ និងបង្គោលឈើទាំង ៧ដើម ត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយស ដើម្បីចាត់ការតាមនីតិវិធី៕











