ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

នយោបាយ
ថ្នាក់ដឹកនាំគណបក្សសង្កាត់ផ្ទះព្រៃ ពាំនាំអំណោយថវិកាឧបត្ថម្ភរបស់ ឯកឧត្តម ពៅ ពិសិដ្ឋ ប្រគល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ លោក ប៉ិច ស៊ីផាន់ អនុប្រធានគណបក្សសង្កាត់ផ្ទះព្រៃ បានដឹកនាំក្រុមការងារគណបក្សចុះជួយភូមិផ្ទះព្រៃ ព្រមទាំងសមាជិក គណបក្សសង្កាត់ និងភូមិ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភប្រចាំខែសីហា ទៅប្រគល់ជូនលោកយាយ ង៉ែត អាន ដែលជានិវត្តជន/ប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។
អំណោយថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសចាស់ជរា និងគ្រួសារមានតម្រូវការ តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រជាទៀងទាត់ក្នុងមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាកល្បងគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់កម្មករនិយោជិត
ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី «ការអនុវត្តសាកល្បងគោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ» នៅសាលប្រជុំកោះសំពៅមាស សាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
អង្គប្រជុំក៏មានការចូលរួមពីលោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុកទាំង៧ ព្រមទាំងតំណាងម្ចាស់ជំនួយ និងអង្គការដៃគូអភិវឌ្ឍន៍នានាផងដែរ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ពង្រឹងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតពេលធ្វើដំណើរទៅមកបំពេញការងារ, រៀបចំ និងអនុវត្តសាកល្បងនូវវិធានការសុវត្ថិភាពចរាចរណ៍ជាក់ស្តែងនៅតាមរោងចក្រ សហគ្រាស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត, បង្កើនកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរដែនដី មន្ទីរជំនាញ ម្ចាស់រោងចក្រ និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមដោះស្រាយបញ្ហាចរាចរណ៍របស់កម្មករ៕


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រែប្រួលអាកាសធាតុ អនាម័យ បរិស្ថាន និងការងារកសិកម្ម ជូនដល់សហគមន៍
ពោធិ៍សាត់៖ កិច្ចប្រជុំផ្សព្វផ្សាយមួយស្តីពី «ការប្រែប្រួលអាកាសធាតុ ការពង្រឹងផ្នែកកសិកម្ម ការលើកកម្ពស់អនាម័យ បរិស្ថាន និងការគ្រប់គ្រងសំណល់ផ្លាស្ទិក» ត្រូវបានរៀបចំឡើងនៅសាលាសង្កាត់បន្ទាយដី ដោយមានការចូលរួមពីសំណាក់ប្រជាសហគមន៍យ៉ាងកុះករ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដល់ការរស់នៅ និងការបង្កបង្កើនផល, ចែករំលែកចំណេះដឹង និងបច្ចេកទេសបន្ថែមដើម្បីជួយឱ្យប្រជាកសិករមានលទ្ធភាពបត់បែន និងពង្រឹងទិន្នផលកសិកម្ម, អប់រំព្រំទាំងណែនាំប្រជាសហគមន៍អំពីការថែរក្សាអនាម័យ និងការគ្រប់គ្រងសំណល់ផ្លាស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីសោភណភាព និងសុខុមាលភាពក្នុងការរស់នៅ៕


អប់រំ និងកីឡា
អនុប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពង្រឹងការងាររដ្ឋបាល និងកែលម្អបរិស្ថាននៅសាលាបឋមសិក្សាច១
ពោធិ៍សាត់៖ លោកស្រី លឹម សុផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះផ្ទាល់ដល់សាលាបឋមសិក្សាច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ ក្រុមការងារបានចូលរួមសម្រួល និងរៀបចំការងាររដ្ឋបាលសាលា កែលម្អបរិស្ថានជុំវិញ លើកកម្ពស់សោភ័ណភាព និងអនាម័យសាលារៀនឱ្យមានបរិយាកាសល្អប្រសើរ។ ជាមួយគ្នានេះ លោកស្រីអនុប្រធានមន្ទីរ ក៏បានអញ្ជើញពិនិត្យមើលសកម្មភាពនៃការរៀន និងបង្រៀនជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំនៅមូលដ្ឋាន បង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាលារៀន និងលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀនរបស់គ្រូនិងសិស្សនៅតំបន់នោះឱ្យកាន់តែមានគុណភាព៕


អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពង្រឹងការងារ និងឧបត្ថម្ភសម្ភារៈដល់សាលាបឋមសិក្សាស្ទឹងមេទឹក ក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះទៅកាន់សាលាបឋមសិក្សាស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ដែលជាសាលារៀនចងសម្ព័ន្ធមេត្រីភាពជាមួយមន្ទីរអប់រំខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងបេសកកម្មនេះ ក្រុមការងារបានរួមគ្នាចុះជួយរៀបចំការងាររដ្ឋបាល កែលម្អបរិស្ថានសាលារៀន លើកកម្ពស់សោភណភាព និងដាំដើមឈើបន្ថែម។ ជាមួយគ្នានេះ លោកប្រធានមន្ទីរបានអញ្ជើញពិនិត្យមើលសកម្មភាពបង្រៀន និងរៀនជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបាននាំយកនូវសម្ភារៈសិក្សា និងសម្ភារៈការិយាល័យមួយចំនួន ផ្តល់ជូនដល់សាលារៀនដោយផ្ទាល់ផងដែរ។
សកម្មភាពចុះជួយដោយផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរអប់រំ និងសាលារៀនសម្ព័ន្ធមេត្រីភាព ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ និងលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលឱ្យកាន់តែប្រសើរឡើង៕


អប់រំ និងកីឡា
មន្ទីរអប់រំខេត្ត បើកសិក្ខាសាលាតម្រង់ទិសស្តីពីការអនុវត្តកម្មវិធីបង្កើតហ្គេម ដល់នាយកវិទ្យាល័យទាំង១៧
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាតម្រង់ទិសស្ដីពីការអនុវត្តកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលនៅតាមសាលារៀន» លើមុខវិជ្ជាអប់រំបង្កើតហ្គេម (Game Changers Coalition) ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
អង្គសិក្ខាសាលានេះ មានការចូលរួមយ៉ាងកុះករពីសំណាក់លោក-លោកស្រី ដែលជាគណៈគ្រប់គ្រងវិទ្យាល័យទាំង១៧ មកពីទូទាំងខេត្ត។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការងារ និងជំរុញការបញ្ចូលបច្ចេកវិទ្យាឌីជីថលទំនើបៗ ទៅក្នុងការអប់រំ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អាចចាប់យកជំនាញបច្ចេកវិទ្យាថ្មីៗ ស្របតាមបរិបទអប់រំសម័យទំនើប៕


ធនធានទឹក និងឧតុនិយម
អាជ្ញាធរខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍នាំទឹកសង្គ្រោះស្រូវវស្សាកំពុងប្រឈមការខ្វះខាត នៅស្រុកបាកាន
ពោធិ៍សាត់៖ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ រួមដំណើរដោយលោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងដឹកនាំការអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវវស្សារបស់ប្រជាកសិករ ស្ថិតក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
ការចុះអន្តរាគមន៍បន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ផ្ទៃដីស្រែនៅក្នុងតំបន់នោះស្ថិតនៅឆ្ងាយពីប្រភពទឹក និងពុំទទួលបានរបបទឹកភ្លៀងគ្រប់គ្រាន់ ខណៈដែលស្រូវកំពុងស្ថិតក្នុងវគ្គត្រៀមបែកគុម្ភ និងចេញផ្កា ដែលតម្រូវឱ្យមានការជួយសង្គ្រោះជាប្រញាប់។ កន្លងមក ប្រជាកសិករបានខិតខំដោះស្រាយដោយខ្លួនឯង តាមរយៈការបូមទឹកចេញពីអូរ និងប្រឡាយបញ្ចូលស្រែ។
មន្ទីរជំនាញបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីចាត់ចែងបូម និងបែងចែកប្រភពទឹកសង្គ្រោះស្រូវឱ្យបានទាន់ពេលវេលា។ ឱកាសនោះដែរ លោកអភិបាលរងខេត្ត បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានស្អិតល្មួតក្នុងការគ្រប់គ្រង និងបែងចែកទឹកដោយសមធម៌ ដើម្បីធានាថាគ្រប់តំបន់ដែលរងផលប៉ះពាល់សុទ្ធតែទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់៕


ធនធានទឹក និងឧតុនិយម
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យផលប៉ះពាល់ និងរៀបចំផែនការស្តារឡើងវិញនូវដំណាំស្រូវដែលខូចខាតដោយគ្រោះរាំងស្ងួត នៅស្រុកបាកាន
ពោធិ៍សាត់៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារជំនាញ ដោយមានការអមដំណើរពីលោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះប្រជុំភាក្សា និងពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត នៅក្នុងស្រុកបាកាន នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
ផ្អែកតាមរបាយការណ៍ និងការចុះពិនិត្យទីតាំងផ្ទាល់បានឱ្យដឹងថា ស្រុកបាកានមានឃុំចំនួន៦ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារបញ្ហាខកខានមិនមានភ្លៀងធ្លាក់ និងស្ថិតនៅឆ្ងាយពីប្រភពទឹក បណ្តាលឱ្យផ្ទៃដីស្រូវមួយចំនួនធំរងការខូចខាត រហូតមិនអាចសង្គ្រោះបានឡើយ។
ដើម្បីឆ្លើយតបចំពោះស្ថានការណ៍នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារពាក់ព័ន្ធ ត្រូវបន្តសហការចុះវាយតម្លៃ និងពិនិត្យលទ្ធភាពជាប្រញាប់ ក្នុងការផ្តល់ពូជស្រូវសម្រាប់ជួយកសិករស្តារការដាំដុះឡើងវិញ ព្រមទាំងរៀបចំស្បៀងអាហារឧបត្ថម្ភដល់គ្រួសារប្រជាកសិករដែលរងផលប៉ះពាល់ខ្លាំង ដើម្បីសម្រាលទុក្ខលំបាកបានទាន់ពេលវេលា៕


ការអភិវឌ្ឍ
រដ្ឋបាលខេត្តពោធិ៍សាត់ បំពាក់ភ្លើងលម្អ និងអំពូលសូឡាលើស្ពានថ្មីស្រុកភ្នំក្រវាញ ដើម្បីស្វាគមន៍ពិធីបុណ្យភ្ជុំបិណ្ឌ
ពោធិ៍សាត់៖ សមិទ្ធផលថ្មីស្ពានបេតុងឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ ដើម្បីត្រៀមដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅមុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ដើម្បីលើកកម្ពស់សោភណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំការងារតភ្ជាប់ភ្លើងលម្អ អមជាមួយការបំពាក់អំពូលសូឡាបំភ្លឺបន្ថែមលើស្ពានបេតុងថ្មីនេះយ៉ាងប្រណីត ដែលធ្វើឱ្យសមិទ្ធផលមួយនេះកាន់តែមានភាពទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្តនាពេលរាត្រី៕


ទេសចរណ៍
សម្រស់ធម្មជាតិ និងជីវភាពរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ឃុំកំពង់លួង
ឃុំកំពង់លួង គឺជាសហគមន៍បណ្តែតទឹកធំជាងគេមួយនៅលើបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ ដែលមានទាំងសាលារៀន វត្តអារាម ហាងទំនិញ និងកន្លែងជួសជុលផ្សេងៗបណ្តែតនៅលើទឹកទាំងអស់។


បរិស្ថាន
បើកយុទ្ធនាការដោះអន្ទាក់សត្វក្នុងព្រៃអភិរក្ស និងបញ្ជូនសារព្រមានចុងក្រោយដល់ជនល្មើស
ពោធិ៍សាត់៖ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបង្ហាញរូបភាពអន្ទាក់សត្វជាច្រើន ត្រូវបានរៀបចំ និងលួចដាក់ដោយជនល្មើសនៅក្នុងបណ្តាព្រៃអភិរក្ស ដើម្បីទាក់ចាប់សត្វព្រៃដោយខុសច្បាប់។
ចំពោះសកម្មភាពល្មើសច្បាប់នេះ ក្រុមការងារជំនាញបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា «ថ្ងៃនេះចុះដោះអន្ទាក់ ថ្ងៃក្រោយនឹងចុះចាប់អ្នកដាក់អន្ទាក់ម្ដង»។
ជាមួយគ្នានេះ សមត្ថកិច្ច និងក្រុមការងារអភិរក្ស ក៏បានផ្ញើសារជម្រាបជូន និងព្រមានជាចុងក្រោយដល់ជនល្មើសទាំងឡាយណា ដែលមិនព្រមកែប្រែខ្លួនមកប្រកបមុខរបរត្រឹមត្រូវ និងដកឃ្លាចេញពីបទល្មើសព្រៃឈើ-សត្វព្រៃថា ការខាតបង់ និងទោសទណ្ឌចំពោះមុខច្បាប់ គឺជារូបអ្នកផ្ទាល់តែម្តង៕


នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំវាយតម្លៃបច្ចេកទេសគ្រូឧទ្ទេស និងគ្រូជំនួយគណបក្ស
ពោធិ៍សាត់៖ គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំវាយតម្លៃបច្ចេកទេសគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សក្រុង-ស្រុក នៅសាលប្រជុំគណបក្សខេត្ត (ជាន់លើ) ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈគ្រប់គ្រងដឹកនាំកម្មវិធីថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប៕


សកម្មភាពអាជ្ញាធរ
សិក្ខាសាលាផ្សព្វផ្សាយស្តីពី បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ
ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ប្រតិភូបុគ្គលិក និងតំណាងកម្មករនិយោជិត ព្រមទាំងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម អត្ថប្រយោជន៍របបសន្តិសុខសង្គម បច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗ នៃរបបសន្តិសុខសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងនីតិវិធីដោះស្រាយវិវាទការងារ ដែលអាចឱ្យពួកគាត់ទាំងអស់ទទួលបាននូវរាល់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យការងារ និងវិស័យសន្តិសុខសង្គមបានឆាប់រហ័ស។

