
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យផលប៉ះពាល់ និងរៀបចំផែនការស្តារឡើងវិញនូវដំណាំស្រូវដែលខូចខាតដោយគ្រោះរាំងស្ងួត នៅស្រុកបាកាន
ពោធិ៍សាត់៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារជំនាញ ដោយមានការអមដំណើរពីលោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះប្រជុំភាក្សា និងពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត នៅក្នុងស្រុកបាកាន នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ ផ្អែកតាមរបាយការណ៍ និងការចុះពិនិត្យទីតាំងផ្ទាល់បានឱ្យដឹងថា ស្រុកបាកានមានឃុំចំនួន៦ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារបញ្ហាខកខានមិនមានភ្លៀងធ្លាក់ និងស្ថិតនៅឆ្ងាយពីប្រភពទឹក បណ្តាលឱ្យផ្ទៃដីស្រូវមួយចំនួនធំរងការខូចខាត រហូតមិនអាចសង្គ្រោះបានឡើយ។ ដើម្បីឆ្លើយតបចំពោះស្ថានការណ៍នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារពាក់ព័ន្ធ ត្រូវបន្តសហការចុះវាយតម្លៃ និងពិនិត្យលទ្ធភាពជាប្រញាប់ ក្នុងការផ្តល់ពូជស្រូវសម្រាប់ជួយកសិករស្តារការដាំដុះឡើងវិញ ព្រមទាំងរៀបចំស្បៀងអាហារឧបត្ថម្ភដល់គ្រួសារប្រជាកសិករដែលរងផលប៉ះពាល់ខ្លាំង ដើម្បីសម្រាលទុក្ខលំបាកបានទាន់ពេលវេលា៕











