
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាកល្បងគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់កម្មករនិយោជិត
ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី «ការអនុវត្តសាកល្បងគោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ» នៅសាលប្រជុំកោះសំពៅមាស សាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។ អង្គប្រជុំក៏មានការចូលរួមពីលោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុកទាំង៧ ព្រមទាំងតំណាងម្ចាស់ជំនួយ និងអង្គការដៃគូអភិវឌ្ឍន៍នានាផងដែរ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ពង្រឹងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតពេលធ្វើដំណើរទៅមកបំពេញការងារ, រៀបចំ និងអនុវត្តសាកល្បងនូវវិធានការសុវត្ថិភាពចរាចរណ៍ជាក់ស្តែងនៅតាមរោងចក្រ សហគ្រាស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត, បង្កើនកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរដែនដី មន្ទីរជំនាញ ម្ចាស់រោងចក្រ និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមដោះស្រាយបញ្ហាចរាចរណ៍របស់កម្មករ៕










