ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
សកម្មភាពបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទទួលសេវា នៅការិយាល័យច្រកចេញចូលតែមួយស្រុកភ្នំក្រវាញ
នៅក្នុងសប្តាហ៍នេះ បងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកទទួលសេវារដ្ឋបាល និងសេវាសាធារណៈនានា យ៉ាងកុះករ និងប្រកបដោយទឹកមុខរីករាយ នៅការិយាល័យច្រកចេញចូលតែមួយស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការិយាល័យច្រកចេញចូលតែមួយស្រុក តែងតែរង់ចាំស្វាគមន៍ និងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ស្របតាមគោលការណ៍ «ធ្វើឱ្យបានឆាប់រហ័ស ងាយស្រួល មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព» ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើការងារដោះស្រាយឯកសារគតិយុត្តផ្សេងៗ៕


សេចក្តីជូនដំណឹង
អបអរសាទរ! មួយជំហានទៀតក្នុងកំណែទម្រង់សេវាអត្តសញ្ញាណកម្ម
ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋចំណាកស្រុក។
ឧទាហរណ៍៖ ពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តរតនគិរី ដែលមកប្រកបរបរនៅខេត្តព្រៃវែង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយពុំចាំបាច់ត្រឡប់ទៅធ្វើនៅខេត្តរតនគិរីឡើយ៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំថ្នាក់ជាតិ ស្ដីពីការដាក់ឱ្យអនុវត្តយន្តការថ្មី ក្នុងការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
ភ្នំពេញ៖ កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅបន្ទប់ប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងឱកាសនោះ លោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ តំណាងរបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រុញការអនុវត្តយន្តការថ្មី នៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
រួមគ្នាទប់ស្កាត់ការនេសាទខុសច្បាប់ ដើម្បីបង្កើនផលស្តុកមច្ឆជាតិជាតិយើង
«ទិវាមច្ឆជាតិ ១ កក្កដា ២០២៦» ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបំផុសស្មារតី និងជម្រុញឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមានភាពគង់វង្សប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះ ទិវានេះក៏ជាការដាស់តឿនឱ្យរួមគ្នាបង្ការ និងទប់ស្កាត់រាល់ការនេសាទខុសច្បាប់គ្រប់ទម្រង់ សំដៅបង្កើនផលស្តុកមច្ឆជាតិនៅក្នុងធម្មជាតិឡើងវិញ។ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺដើម្បីធានាការផ្គត់ផ្គង់អាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើង។
«មានត្រី មានជីវិត! រួមគ្នាការពារព្រៃលិចទឹក និងមច្ឆជាតិខ្មែរ!»


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទៀ វិញនិងលោកជំទាវ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមបណ្តាវត្តអារាមនានា
ឯកឧត្តម ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងមន្ត្រីរាជការជាច្រើនរូប បានរៀបចំពិធីវេរប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមវត្តអារាម និងទីសក្ការបូជាចំនួន ០៥កន្លែង ក្នុងខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅបូជនីយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង ជំទាវខាន់ខៀវ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងស្វែងយល់ពីកង្វល់របស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ នៅក្នុងសង្កាត់រលាប
សកម្មភាពចុះមូលដ្ឋានជាលក្ខណៈគ្រួសារនេះ ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងដើម្បីក្តាប់ឱ្យបាននូវរាល់សំណូមពរ កង្វល់ និងតម្រូវការខ្វះខាតជាក់ស្តែងរបស់បងប្អូននៅតាមផ្ទះនីមួយៗ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ស្ពានអូរទឹកភ្លាវ ភ្ជាប់ទំនាក់ទំនងរវាងភូមិនិងភូមិ ក្នុងឃុំក្រពើពីរ
ការចុះពិនិត្យផ្ទាល់ដល់ទីតាំងការដ្ឋាននេះ គឺដើម្បីធានាថាការសាងសង់ស្ពាននេះប្រព្រឹត្តទៅបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ធានាបាននូវគុណភាពរឹងមាំ និងបញ្ចប់តាមផែនការដែលបានកំណត់។


សកម្មភាពអាជ្ញាធរ
យុទ្ធនាការដាំស្តារកូនឈើជិតផុតពូជចំនួន ១៥,០០០ដើម នៅដែនជម្រកសត្វព្រៃភ្នំសំកុស
យុទ្ធនាការដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងស្តារគម្របព្រៃឈើដែលរងការខូចខាតឡើងវិញ ចូលរួមការពារជីវៈចម្រុះ និងបង្កើតជាម្លប់បៃតងនៅតាមតំបន់រមណីយដ្ឋានធម្មជាតិ។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ឱ្យបន្តចូលរួមថែរក្សា ការពារព្រៃឈើ និងសត្វព្រៃ ដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចខ្វះបានសម្រាប់មនុស្សជំនាន់ក្រោយ។


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកវាលវែង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក និងប្រគល់លិខិតសរសើរជូនភូមិស្អាតចំនួន២
(ពោធិ៍សាត់)៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកប្រចាំខែមិថុនា នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកវាលវែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្តីទី លោកនាយករងរដ្ឋបាល លោក-លោកស្រីប្រធានការិយាល័យ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ អាជ្ញាធរភូមិ-ឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ តំណាងមណ្ឌលសុខភាពទាំង៥ ព្រមទាំងអ្នកពាក់ព័ន្ធ សរុបចំនួន ១១០នាក់។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារប្រចាំខែ និងដាក់ចេញទិសដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រស្រុកឱ្យកាន់តែល្អប្រសើរ។
ជាពិសេសនៅក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានកោតសរសើរ លើកទឹកចិត្ត និងបានប្រគល់លិខិតសរសើរជូនដល់តំណាងភូមិចំនួន ២ គឺភូមិផ្ចឹកជ្រុំ និងភូមិឈើទាលជ្រុំ (សរុបចំនួន ៦នាក់) ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការងារសម្អាតអនាម័យ និងបរិស្ថានស្អាតនៅក្នុងមូលដ្ឋានភូមិរបស់ខ្លួន ដើម្បីជាគំរូដ៏ល្អដល់បណ្តាភូមិដទៃទៀតក្នុងការលើកកម្ពស់សោភ័ណភាពស្រុកវាលវែង៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាកាន ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ២០ម៉ឺនរៀល ដល់អ្នកផ្តល់ព័ត៌មានពីទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋាន
(ពោធិ៍សាត់)៖ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដោយអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ចូលរួមផ្តល់ព័ត៌មានទាក់ទងនឹងការលួចលាក់លេងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រទាំង ៩ឃុំ នៃស្រុកបាកាន។
លោកអភិបាលស្រុកបានបញ្ជាក់ថា រាល់ការរាយការណ៍ដែលផ្តល់ព័ត៌មានច្បាស់លាស់ពីទីតាំង និងពេលវេលាកំពុងលេងជាក់ស្តែង អាជ្ញាធរនឹងធ្វើការជូនថវិកាលើកទឹកចិត្តចំនួន ២០ម៉ឺនរៀល ភ្លាមៗ ព្រមទាំងធានារក្សាការសម្ងាត់ជូនអ្នករាយការណ៍ជាដាច់ខាត។
វិធានការនេះ ធ្វើឡើងក្នុងគោលបំណងលុបបំបាត់ល្បែងស៊ីសងគ្រប់រូបភាពក្នុងមូលដ្ឋាន ជម្រុញការចូលរួមពីប្រជាពលរដ្ឋ និងលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ៕


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្ត និងក្រុងពោធិ៍សាត់ ចុះដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅសង្កាត់ស្វាយអាត់
(ពោធិ៍សាត់)៖ ឯកឧត្តម លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរជាមួយ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ នៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។
សកម្មភាពចុះមូលដ្ឋានផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងក្តាប់ឱ្យបានច្បាស់លាស់នូវរាល់កង្វល់ សំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។ នេះជាការស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុង ក្នុងការបម្រើសេវាសាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះណែនាំម្ចាស់ទីតាំងលក់អេតចាយឱ្យពង្រឹងអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ នៅសង្កាត់រលាប
(ពោធិ៍សាត់)៖ លោក កេង ចាន់ធឿន អភិបាលរងក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះអប់រំ និងណែនាំដោយផ្ទាល់អំពីបញ្ហាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ដល់ទីតាំងលក់អេតចាយមួយកន្លែងជារបស់លោក ចាន់ រដ្ឋា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៥ ក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងសកម្មភាពចុះណែនាំនេះ ក្រុមការងាររដ្ឋបាលក្រុងបានជម្រុញ និងក្រើនរំលឹកដល់ម្ចាស់ទីតាំង ត្រូវរៀបចំទុកដាក់សម្ភារៈអេតចាយឱ្យមានរបៀបរៀបរយ ជៀសវាងការដាក់ពាសវាលពាសកាលដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន និងលំហូរចរាចរណ៍សាធារណៈ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ ឱ្យកាន់តែមានរបៀបរៀបរយ ស្អាត និងមានបរិស្ថានល្អ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ៕


សកម្មភាពថ្នាក់ដឹកនាំ
ពិភាក្សាការងារជាមួយប្រធានកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា លើការងារគ្រប់គ្រងគ្រោះមហន្តរាយ
(ពោធិ៍សាត់)៖ លោក លឹម សុខតូ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Fumitsugu Tosu នាយករង និងជាប្រធានកម្មវិធីស្បៀងអាហារពិភពលោក (World Food Program - WFP) ប្រចាំប្រទេសកម្ពុជា ព្រមទាំងប្រតិភូអមដំណើរ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការលើការងាររបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ និងស្វែងរកយន្តការរួមគ្នា ក្នុងការលើកកម្ពស់សមត្ថភាពឆ្លើយតប សង្គ្រោះបន្ទាន់ និងការគ្រប់គ្រងប្រព័ន្ធសន្តិសុខស្បៀង ដើម្បីធានាបាននូវការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះក្នុងភូមិសាស្ត្រខេត្ត ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

