
ថ្នាក់ដឹកនាំខេត្ត និងក្រុងពោធិ៍សាត់ ចុះដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅសង្កាត់ស្វាយអាត់
(ពោធិ៍សាត់)៖ ឯកឧត្តម លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរជាមួយ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ នៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។ សកម្មភាពចុះមូលដ្ឋានផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងក្តាប់ឱ្យបានច្បាស់លាស់នូវរាល់កង្វល់ សំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។ នេះជាការស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុង ក្នុងការបម្រើសេវាសាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕










