
អភិបាលស្រុកបាកាន ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ២០ម៉ឺនរៀល ដល់អ្នកផ្តល់ព័ត៌មានពីទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋាន
(ពោធិ៍សាត់)៖ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដោយអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ចូលរួមផ្តល់ព័ត៌មានទាក់ទងនឹងការលួចលាក់លេងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រទាំង ៩ឃុំ នៃស្រុកបាកាន។ លោកអភិបាលស្រុកបានបញ្ជាក់ថា រាល់ការរាយការណ៍ដែលផ្តល់ព័ត៌មានច្បាស់លាស់ពីទីតាំង និងពេលវេលាកំពុងលេងជាក់ស្តែង អាជ្ញាធរនឹងធ្វើការជូនថវិកាលើកទឹកចិត្តចំនួន ២០ម៉ឺនរៀល ភ្លាមៗ ព្រមទាំងធានារក្សាការសម្ងាត់ជូនអ្នករាយការណ៍ជាដាច់ខាត។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងលុបបំបាត់ល្បែងស៊ីសងគ្រប់រូបភាពក្នុងមូលដ្ឋាន ជម្រុញការចូលរួមពីប្រជាពលរដ្ឋ និងលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ៕










