
លោកអភិបាលស្រុកវាលវែង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក និងប្រគល់លិខិតសរសើរជូនភូមិស្អាតចំនួន២
(ពោធិ៍សាត់)៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកប្រចាំខែមិថុនា នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកវាលវែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្តីទី លោកនាយករងរដ្ឋបាល លោក-លោកស្រីប្រធានការិយាល័យ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ អាជ្ញាធរភូមិ-ឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ តំណាងមណ្ឌលសុខភាពទាំង៥ ព្រមទាំងអ្នកពាក់ព័ន្ធ សរុបចំនួន ១១០នាក់។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារប្រចាំខែ និងដាក់ចេញទិសដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រស្រុកឱ្យកាន់តែល្អប្រសើរ។ ជាពិសេសនៅក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានកោតសរសើរ លើកទឹកចិត្ត និងបានប្រគល់លិខិតសរសើរជូនដល់តំណាងភូមិចំនួន ២ គឺភូមិផ្ចឹកជ្រុំ និងភូមិឈើទាលជ្រុំ (សរុបចំនួន ៦នាក់) ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការងារសម្អាតអនាម័យ និងបរិស្ថានស្អាតនៅក្នុងមូលដ្ឋានភូមិរបស់ខ្លួន ដើម្បីជាគំរូដ៏ល្អដល់បណ្តាភូមិដទៃទៀតក្នុងការលើកកម្ពស់សោភ័ណភាពស្រុកវាលវែង៕










