
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះណែនាំម្ចាស់ទីតាំងលក់អេតចាយឱ្យពង្រឹងអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ នៅសង្កាត់រលាប
(ពោធិ៍សាត់)៖ លោក កេង ចាន់ធឿន អភិបាលរងក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះអប់រំ និងណែនាំដោយផ្ទាល់អំពីបញ្ហាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ដល់ទីតាំងលក់អេតចាយមួយកន្លែងជារបស់លោក ចាន់ រដ្ឋា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៥ ក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្នុងសកម្មភាពចុះណែនាំនេះ ក្រុមការងាររដ្ឋបាលក្រុងបានជម្រុញ និងក្រើនរំលឹកដល់ម្ចាស់ទីតាំង ត្រូវរៀបចំទុកដាក់សម្ភារៈអេតចាយឱ្យមានរបៀបរៀបរយ ជៀសវាងការដាក់ពាសវាលពាសកាលដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន និងលំហូរចរាចរណ៍សាធារណៈ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ ឱ្យកាន់តែមានរបៀបរៀបរយ ស្អាត និងមានបរិស្ថានល្អ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ៕










