ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
មណ្ឌលសុខភាពបឹងបត់កណ្តោល ស្រុកបាកាន ទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ៦ ទូទាំងប្រទេស
ពោធិ៍សាត់៖ មណ្ឌលសុខភាពបឹងបត់កណ្តោល ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានប្រកាសទួលបានជ័យលាភីជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ២០២៥ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៦។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ តម្លាភាព និងគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការរីកចម្រើនក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ សហការជាមួយក្រសួងទេសចរណ៍ ចុះវាយតម្លៃការរៀបចំ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»
ពោធិ៍សាត់៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ ដើម្បីចុះពិនិត្យ និងវាយតម្លៃការអនុវត្តជាក់ស្តែង កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៃសកម្មភាពចុះវាយតម្លៃដែលមានរយៈពេលពេញមួយថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងាររបស់រដ្ឋបាលក្រុងពោធិ៍សាត់ ក្នុងការត្រៀមខ្លួនជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរ៕


សកម្មភាពអាជ្ញាធរ
អភិបាលស្តីទីស្រុកវាលវែង ដឹកនាំក្រុមការងារចុះកាត់ស្មៅ និងដាំកូនឈើបន្ថែមនៅជើងភ្នំទំព័រ
ពោធិ៍សាត់៖ លោក សុង សុធា អភិបាលស្តីទីនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារ រួមមានសមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យ អាជ្ញាធរឃុំ-ភូមិ និងប្រជាការពារ ចុះយុទ្ធនាការតុបតែង កាត់ស្មៅ និងដាំជួសកូនឈើបន្ថែម។
សកម្មភាពនេះបានធ្វើឡើងនៅចំណុចជើងភ្នំទំព័រ ស្ថិតក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ
ពោធី៍សាត់៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកក្រគរ រួមមាន លោក ពិន មួន សមាជិកក្រុមប្រឹក្សាស្រុក (តំណាងប្រធានក្រុមប្រឹក្សាស្រុក) និងលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ ដោយធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)៕


សកម្មភាពអាជ្ញាធរ
អង្គភាពច្រកចេញចូលតែមួយខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្ត
ពោធិ៍សាត់៖ អង្គភាពច្រកចេញចូលតែមួយ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា ត្រីមាសទី២ និងឆមាសទី១ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំរបស់អង្គភាព នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះដឹកនាំដោយ លោក លី សេង ប្រធានស្ដីទីអង្គភាពច្រកចេញចូលតែមួយ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាមន្ត្រីជួរមុខ មន្រ្តីជួរក្រោយ និងបុគ្គលិកទាំងអស់ក្នុងអង្គភាព សរុបចំនួន ២៣រូប។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ មតិបើកកិច្ចប្រជុំ ដោយប្រធានអង្គភាព, សេចក្តីរាយការណ៍ អំពីលទ្ធផលការងារតាមវិស័យជំនាញ, ការពិភាក្សា និងផ្លាស់ប្តូរមតិ លើបញ្ហាប្រឈម ព្រមទាំងសំណូមពរនានាពីសមាជិក សមាជិកា។
មតិបូកសរុប និងការដាក់ចេញទិសដៅការងារ សម្រាប់ខែកក្កដា បន្ត ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពអាជ្ញាធរ
គិតគូរពីជីវភាព និងសុខុមាលភាព! ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំកញ្ជរ ចុះថែទាំសុខភាពបឋមក្នុងកម្មវិធីចែកគ្រាប់ពូជដំណាំ
ពោធិ៍សាត់៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលឃុំកញ្ជរ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព បានចុះបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការពិនិត្យ និងថែទាំសុខភាពបឋមជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងស្របពេលដែលរដ្ឋបាលឃុំកំពុងរៀបចំ «កម្មវិធីចែកគ្រាប់ពូជដំណាំ» ជូនដល់ប្រជាកសិករ។ នៅក្នុងឱកាសនោះ ក្រុមគ្រូពេទ្យបានផ្តល់សេវាវាស់សម្ពាធឈាម ពិនិត្យជំងឺទូទៅ ផ្តល់ថ្នាំសង្កូវ ព្រមទាំងផ្តល់ការប្រឹក្សាយោបល់ និងអប់រំសុខភាព យ៉ាងយកចិត្តទុកដាក់។
នេះជាការរួមផ្សំគ្នាយ៉ាងសំខាន់ មិនត្រឹមតែជួយទ្រទ្រង់ដល់ជីវភាពបង្កបង្កើនផលរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់គ្រាប់ពូជប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវ សុខុមាលភាព និងកម្លាំងមាំមួនរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍសហគមន៍ផងដែរ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកតាលោសែនជ័យ ថ្លែងអំណរគុណអាជីវករផ្សារថ្លុកដង្កោ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា
ខេត្តពោធិ៍សាត់៖ រដ្ឋបាលស្រុកតាលោសែនជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ទី ណាក់ និងភរិយា ដែលជាអាជីវករលក់ដូរនៅផ្សារថ្លុកដង្កោ ចំពោះទឹកចិត្តសប្បុរសធម៌ក្នុងការជួយឧបត្ថម្ភសម្ភារ និងថវិកាដល់រដ្ឋបាលស្រុក។
អំណោយដែលបានឧបត្ថម្ភរួមមាន៖ អង្ករ ១,០០០ គីឡូក្រាម, ទឹកបរិសុទ្ធ ១០ កេស និង ថវិកា ៥០០,០០០ រៀល។
រដ្ឋបាលស្រុកនឹងយកអំណោយទាំងអស់នេះ ទៅប្រើប្រាស់ក្នុងសកម្មភាពជាប្រយោជន៍សាធារណៈ ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
ក្រុមការងារបច្ចេកទេស ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ក្នុងឃុំត្រពាំងជង ស្រុកបាកាន
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យរួមគ្នាលើគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ដែលតភ្ជាប់រវាងភូមិបឹងប្រីយ៍ ភូមិស្រែល្វា និងភូមិកណ្ដឹងមាស ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន។
សមាសភាពអញ្ជើញចូលរួមក្នុងសកម្មភាពចុះពិនិត្យនេះ រួមមាន៖ លោក ប៉ុង តាំងឡាយ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តពោធិ៍សាត់ លោក ឆឹង សារឹម មន្ត្រីបច្ចេកទេសប្រចាំស្រុកបាកាន លោកស្រី ខៀវ រីងណា ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ លោក អ៊ឹម សាមិន ស្មៀនឃុំត្រពាំងជង ព្រមទាំងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងគណៈកម្មការថែទាំផ្លូវថ្នល់។
ការចុះពិនិត្យផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវគុណភាព បច្ចេកទេស និងវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ដឹកនាំរៀបចំសណ្តាប់ធ្នាប់ និងសម្អាតបរិស្ថានជុំវិញផ្សារសាមគ្គីក្រគរ
ខេត្តពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញចុះសម្របសម្រួល និងដឹកនាំការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ ព្រមទាំងសម្អាតអនាម័យបរិស្ថាន នៅជុំវិញបរិវេណផ្សារសាមគ្គីក្រគរ។ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
សកម្មភាពចុះពង្រឹងសណ្តាប់ធ្នាប់ និងអនាម័យនេះ បានផ្តោតការយកចិត្តទុកដាក់ខ្លាំង ជាពិសេសនៅតាមបណ្តោយច្រកផ្លូវឆ្ពោះទៅកាន់កំពង់លួង ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅកោះពេជ្រ
រាជធានីភ្នំពេញ៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្តល់សេវារបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ នាំយកកូនឈើក្ងោក ១០០ដើម ចែកជូនអនុវិទ្យាល័យកោះរំដួល ដើម្បីត្រៀមដាំលម្អសាលា
ខេត្តពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បាននាំយកកូនដើមក្ងោកចំនួន ១០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ទៅចែកជូនដល់អនុវិទ្យាល័យកោះរំដួល នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ការប្រគល់ជូនកូនឈើនេះ គឺដើម្បីត្រៀមរៀបចំដាំដុះនៅសប្តាហ៍ក្រោយ ក្នុងគោលបំណងបង្កើនពណ៌បៃតង និងលើកកម្ពស់សោភ័ណភាពក្នុងបរិវេណសាលារៀន៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ចុះសម្អាតបរិស្ថាន និងថែទាំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥
ខេត្តពោធិ៍សាត់៖ ក្រោមការចង្អុលបង្ហាញពី លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកបានដឹកនាំក្រុមការងារ ចុះយុទ្ធនាការសម្អាតអនាម័យបរិស្ថាន នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំទាំង៧ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពសំខាន់ៗនៅក្នុងយុទ្ធនាការនេះ រួមមាន៖ ស្រោចទឹកដើមឈើ និងកាត់ស្មៅនៅតាមទ្រូងផ្លូវជាតិ, ប្រមូល និងសម្អាតសំរាមទាំងសងខាងចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំត្រពាំងជង ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម នៅក្នុងភូមិស្រែល្វា និងភូមិកណ្ដឹងមាស
អាជ្ញាធរមូលដ្ឋាន ឃុំត្រពាំងជង បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃ គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ដែលស្ថិតនៅក្នុងភូមិស្រែល្វា និងភូមិកណ្ដឹងមាស នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។
សមាសភាពអញ្ជើញចូលរួមក្នុងសកម្មភាពនេះ រួមមាន៖ លោក អុឹម សាមិន មេឃុំត្រពាំងជង លោក ម៉េត គា ជំទប់ទី២ ឃុំ លោក ខុន ស ស្មៀនឃុំ ព្រមទាំង លោកមេភូមិ និងលោកអនុភូមិបឹងប្រីយ៍។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការអនុវត្តបច្ចេកទេសសាងសង់ ឱ្យស្របតាមស្តង់ដារ គុណភាព និងធានាឱ្យបាននូវការប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

