
ក្រុមការងារបច្ចេកទេស ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ក្នុងឃុំត្រពាំងជង ស្រុកបាកាន
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យរួមគ្នាលើគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ដែលតភ្ជាប់រវាងភូមិបឹងប្រីយ៍ ភូមិស្រែល្វា និងភូមិកណ្ដឹងមាស ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន។ សមាសភាពអញ្ជើញចូលរួមក្នុងសកម្មភាពចុះពិនិត្យនេះ រួមមាន៖ លោក ប៉ុង តាំងឡាយ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តពោធិ៍សាត់ លោក ឆឹង សារឹម មន្ត្រីបច្ចេកទេសប្រចាំស្រុកបាកាន លោកស្រី ខៀវ រីងណា ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ លោក អ៊ឹម សាមិន ស្មៀនឃុំត្រពាំងជង ព្រមទាំងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងគណៈកម្មការថែទាំផ្លូវថ្នល់។ ការចុះពិនិត្យផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវគុណភាព បច្ចេកទេស និងវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត៕










