
គិតគូរពីជីវភាព និងសុខុមាលភាព! ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំកញ្ជរ ចុះថែទាំសុខភាពបឋមក្នុងកម្មវិធីចែកគ្រាប់ពូជដំណាំ
ពោធិ៍សាត់៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលឃុំកញ្ជរ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព បានចុះបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការពិនិត្យ និងថែទាំសុខភាពបឋមជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងស្របពេលដែលរដ្ឋបាលឃុំកំពុងរៀបចំ «កម្មវិធីចែកគ្រាប់ពូជដំណាំ» ជូនដល់ប្រជាកសិករ។ នៅក្នុងឱកាសនោះ ក្រុមគ្រូពេទ្យបានផ្តល់សេវាវាស់សម្ពាធឈាម ពិនិត្យជំងឺទូទៅ ផ្តល់ថ្នាំសង្កូវ ព្រមទាំងផ្តល់ការប្រឹក្សាយោបល់ និងអប់រំសុខភាព យ៉ាងយកចិត្តទុកដាក់។ នេះជាការរួមផ្សំគ្នាយ៉ាងសំខាន់ មិនត្រឹមតែជួយទ្រទ្រង់ដល់ជីវភាពបង្កបង្កើនផលរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់គ្រាប់ពូជប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវ សុខុមាលភាព និងកម្លាំងមាំមួនរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍសហគមន៍ផងដែរ៕










