ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
ពិធីប្រកាសតែងតាំងនាយក នាយិកាសាលាមត្តេយ្យ និងបឋមសិក្សាចំនួន ៦រូប ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង នាយក និងនាយិកាសាលា ក្នុងគ្រឹះស្ថានមត្តេយ្យសិក្សា និងបឋមសិក្សាចំនួន ៦រូប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានផ្តល់ជំនឿទុកចិត្តលើគណៈគ្រប់គ្រងសាលាទាំង៦រូប ដើម្បីបន្តបេសកកម្មលើកកម្ពស់វិស័យអប់រំនៅក្នុងស្រុកក្រគរ។
ពិធីប្រកាសនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់, លោក ប៊ិន វណ្ណា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ និងលោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ ព្រមទាំងមន្ត្រីសាលាស្រុកជាច្រើនរូបទៀត។
ក្នុងឱកាសនោះ គណៈអធិបតីបានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងបានផ្តាំផ្ញើដល់លោក លោកស្រី ដែលទទួលបានការតែងតាំងថ្មី ឱ្យខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងកិច្ចសហការ និងអភិវឌ្ឍគុណភាពនៃការអប់រំដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនបន្ថែមទៀត៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំក្រុមការងារពិនិត្យវឌ្ឍនភាពការងារសង្គម ហេដ្ឋារចនាសម្ព័ន្ធ និងនាំយកជំនួយមនុស្សធម៌ជូនគ្រួសាររងគ្រោះ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះបំពេញបេសកកម្មការងារជាច្រើននៅតាមមូលដ្ឋាន ដើម្បីសម្រេចបានទាំងសមិទ្ធផលសាសនា ការអប់រំ និងការជួយសង្គ្រោះប្រជាពលរដ្ឋ នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានដឹកនាំរៀបចំពិធីសែនព្រេនតាមប្រពៃណី ដើម្បីចាប់ផ្តើមដំណើរការជួសជុល និងកែលម្អខ្លោងទ្វារវត្តបត់រំដួល ឱ្យមានសោភ័ណភាពប្រសើរឡើងវិញ។
បន្ទាប់មក លោកនិងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារនៅសាលាបឋមសិក្សាព្រៃរោង ដើម្បីតាមដាន និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសិក្សារបស់សិស្សានុសិស្សនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ ឆ្លើយតបទៅនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោក ចាន់ វិចិត្រ ក៏បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាមួយចំនួន ជូនដល់គ្រួសារក្រីក្រដែលបានរងគ្រោះធម្មជាតិប៉ះពាល់ផ្ទះសម្បែង ព្រមទាំងបានជួយសាងសង់ផ្ទះថ្មីជូន ដើម្បីជួយឱ្យពួកគាត់មានជម្រកស្នាក់នៅសមរម្យ និងមានស្ថិរភាពជីវភាពឡើងវិញ៕


សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង ចុះអប់រំណែនាំម្ចាស់ស្ថានីយប្រេង យានដ្ឋាន និងចំណតឡានខ្សាច់ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងអនាម័យផ្លូវសាធារណៈ
អភិបាលស្រុកបាកាន បានដឹកនាំក្រុមការងារចុះអប់រំ និងតម្រូវឱ្យម្ចាស់ស្ថានីយប្រេង យានដ្ឋាន និងចំណតឡានខ្សាច់ក្នុងឃុំត្រពាំងជង និងឃុំបឹងខ្នារ ធ្វើកិច្ចសន្យាគោរពសណ្តាប់ធ្នាប់សាធារណៈ និងគ្របខ្សាច់ឱ្យបានត្រឹមត្រូវដើម្បីការពារការហូរជ្រុះលើដងផ្លូវ ដោយអាជ្ញាធរនឹងចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះអ្នកខកខាន។


សកម្មភាពអាជ្ញាធរ
លោក ផាយ ឡេង នាំយកប្រាក់បេឡាមរណសង្គ្រោះ ៨លានរៀល ចែកជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជនចំនួន ២គ្រួសារ នៅក្រុងពោធិ៍សាត់
អភិបាលក្រុងនិងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុងពោធិ៍សាត់ តំណាង ឯកឧត្ដម ខូយ រីដា បាននាំយកប្រាក់បេឡាមរណសង្គ្រោះសរុប ៨.០០០.០០០ រៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២ គ្រួសារ រួមមានគ្រួសារលោក ឈុត សំអ៊ុល និងគ្រួសារលោក អ៊ុច ហ៉ឹង ដែលរស់នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ព្រមទាំងបានពាំនាំនូវសាររំលែកទុក្ខ និងលិខិតចូលរួមរំលែកទុក្ខរបស់គណបក្សប្រជាជនកម្ពុជាខេត្តផងដែរ។


សកម្មភាពអាជ្ញាធរ
មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាសាលាខេត្តពោធិ៍សាត់ ចូលរួមដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិនៅខេត្តសៀមរាប
រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំដំណើរទស្សនកិច្ចសិក្សា នៅខេត្តសៀមរាប កាលពីថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៦ ជូនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃសាលាខេត្តពោធិ៍សាត់ ក្រោមការឧបត្ថម្ភរបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយ រីដា។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ចុះពិនិត្យសុខទុក្ខ និងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៣
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចុះជួបសំណេះសំណាល ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិស្តុកខ្ទុម ភូមិក្រញាំ និងភូមិឆ្នាល់មាន់ ដើម្បីសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរស់នៅជាក់ស្តែង។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានពិនិត្យលើការងារសំខាន់ៗ៖ តាមដាន និងជួយសម្រួលដល់ការសាងសង់ផ្ទះសម្បែងឡើងវិញ ជូនគ្រួសារដែលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ, ពិនិត្យ និងរៀបចំដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាកម្មសិទ្ធិស្របច្បាប់ និងបង្កើនទំនុកចិត្តក្នុងសហគមន៍៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកបាកាន ចុះសម្រុះសម្រួល និងដោះស្រាយបញ្ហាហុយធូលីម៉ាស៊ីនកិនស្រូវជូនប្រជាពលរដ្ឋ នៅឃុំបឹងខ្នារ
តបតាមបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកបាកាន បានដឹកនាំមន្ត្រីជំនាញ និងសមត្ថកិច្ច ចុះពិនិត្យស្ថានភាពជាក់ស្តែងករណីហុយធូលីចេញពីអាជីវកម្មម៉ាស៊ីនកិនស្រូវ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ដើម្បីសម្របសម្រួលស្វែងរកដំណោះស្រាយសមស្រប។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាកាន រៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ដោយមានអ្នកចូលរួមជាង ៧០០នាក់
ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន បានរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមអធិបតីភាព ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលាស្រុកបាកាន ខេត្តពោធិ៍សាត់។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានមជ្ឈមណ្ឌលការងារខេត្ត ក្រុមប្រឹក្សាឃុំទាំង ៩ ព្រមទាំងប្រជាពលរដ្ឋ និងយុវជនសរុបប្រមាណជាង ៧០០នាក់។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ព័ត៌មានដោយផ្ទាល់អំពី៖ ឱកាសការងារ នៃការតភ្ជាប់រវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ, សេវាសន្តិសុខសង្គម (ប.ស.ស.) ការស្វែងយល់ពីអត្ថប្រយោជន៍ និងកិច្ចគាំពារសង្គម, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្តល់ឱកាសសិក្សាជំនាញបច្ចេកទេស ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
សមិទ្ធផលស្ពានបេតុងថ្មី បង្ហាញពីសម្រស់ និងការអភិវឌ្ឍក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ស្ពានបេតុងអាមេថ្មីឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាននិងកំពុងលេចរូបរាងឡើងយ៉ាងស្កឹមស្កៃ ដោយបានប្តូរមុខមាត់ថ្មីជំនួសស្ពានចាស់ ព្រមទាំងបន្ថែមសោភ័ណភាពយ៉ាងត្រកាលដល់តំបន់ប្រជុំជនស្រុកភ្នំក្រវាញ។ សមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងសម្រស់ក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្រួលដល់ការធ្វើដំណើរ សម្រួលការដឹកជញ្ជូនកសិផល និងជួយជំរុញសេដ្ឋកិច្ច ទេសចរណ៍ ក្នុងស្រុកភ្នំក្រវាញឱ្យកាន់តែមានការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំ-សង្កាត់ក្នុងខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយពីការផ្តល់លិខិតអញ្ជើញអ្នកបោះឆ្នោតសម្រាប់ការពិនិត្យ និងចុះឈ្មោះឆ្នាំ២០២៦
ពោធិ៍សាត់៖ ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមបណ្តាសាលាឃុំ-សង្កាត់នានាទូទាំងខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ និងប្រតិទិនការងារ ស្តីពីការផ្តល់លិខិតអញ្ជើញដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះធ្វើឡើងជូនដល់លោក-លោកស្រីជាមេភូមិ ដើម្បីរៀបចំយន្តការចែកលិខិតអញ្ជើញដល់ដៃប្រជាពលរដ្ឋ សម្រាប់ចូលរួមក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ។ល។


សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៥.០០០ម៉ែត្រ នៅឃុំព្រងិល
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវក្រាលគ្រួសក្រហម ១ខ្សែ មានប្រវែង ៥,០០០ ម៉ែត្រ ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
សមិទ្ធផលផ្លូវថ្មីនេះ នឹងសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល លឿនរហ័ស និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងឃុំព្រងិលឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពអាជ្ញាធរ
លោកចៅសង្កាត់បន្ទាយដី ដឹកនាំអាជ្ញាធរភូមិទាំង ១២ ចុះយុទ្ធនាការសម្អាតបរិស្ថាន និងកាប់ព្រៃសងខាងផ្លូវ
ពោធិ៍សាត់៖ លោកចៅសង្កាត់បន្ទាយដី រួមជាមួយក្រុមប្រឹក្សាសង្កាត់ បានដឹកនាំកម្លាំងអាជ្ញាធរភូមិទាំង ១២ ភូមិ រួមមាន មេភូមិ អនុភូមិ និងសមាជិកភូមិ ចុះធ្វើសកម្មភាពអនាម័យ និងសម្អាតបរិស្ថានដោយផ្ទាល់ នៅតាមដងផ្លូវលេខ ៣០៣ និងក្នុងភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ នាចុងសប្តាហ៍ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ។
ក្នុងយុទ្ធនាការនេះ ក្រុមការងារបានរួមគ្នាកាប់ឆ្ការព្រៃ និងសម្អាតសំរាមនៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានឱ្យមានភាពស្រស់ស្អាត ព្រមទាំងចូលរួមចំណែកការពារសុខភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងប្រកបដោយអនាម័យខ្ពស់៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមប្រព័ន្ធវីដេអូ Zoom
ពោធិ៍សាត់៖ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។
កិច្ចប្រជុំពេញអង្គនេះ ធ្វើឡើងដើម្បីពិភាក្សា ពិនិត្យ និងអនុម័តលើរបៀបវារៈ សេចក្តីព្រាងច្បាប់ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគ្រប់គ្រងរដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

