
រដ្ឋបាលស្រុកបាកាន រៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ដោយមានអ្នកចូលរួមជាង ៧០០នាក់
ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន បានរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមអធិបតីភាព ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលាស្រុកបាកាន ខេត្តពោធិ៍សាត់។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានមជ្ឈមណ្ឌលការងារខេត្ត ក្រុមប្រឹក្សាឃុំទាំង ៩ ព្រមទាំងប្រជាពលរដ្ឋ និងយុវជនសរុបប្រមាណជាង ៧០០នាក់។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ព័ត៌មានដោយផ្ទាល់អំពី៖ ឱកាសការងារ នៃការតភ្ជាប់រវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ, សេវាសន្តិសុខសង្គម (ប.ស.ស.) ការស្វែងយល់ពីអត្ថប្រយោជន៍ និងកិច្ចគាំពារសង្គម, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្តល់ឱកាសសិក្សាជំនាញបច្ចេកទេស ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕









