
ពិធីប្រកាសតែងតាំងនាយក នាយិកាសាលាមត្តេយ្យ និងបឋមសិក្សាចំនួន ៦រូប ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង នាយក និងនាយិកាសាលា ក្នុងគ្រឹះស្ថានមត្តេយ្យសិក្សា និងបឋមសិក្សាចំនួន ៦រូប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានផ្តល់ជំនឿទុកចិត្តលើគណៈគ្រប់គ្រងសាលាទាំង៦រូប ដើម្បីបន្តបេសកកម្មលើកកម្ពស់វិស័យអប់រំនៅក្នុងស្រុកក្រគរ។ ពិធីប្រកាសនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់, លោក ប៊ិន វណ្ណា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ និងលោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ ព្រមទាំងមន្ត្រីសាលាស្រុកជាច្រើនរូបទៀត។ ក្នុងឱកាសនោះ គណៈអធិបតីបានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងបានផ្តាំផ្ញើដល់លោក លោកស្រី ដែលទទួលបានការតែងតាំងថ្មី ឱ្យខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងកិច្ចសហការ និងអភិវឌ្ឍគុណភាពនៃការអប់រំដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនបន្ថែមទៀត៕









