ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ទេសចរណ៍
លោក ធាង ឡេង អមដំណើរឯកឧត្តម កែវ វីរៈ ដឹកនាំសិស្សបាក់ឌុបស្រុកវាលវែង ធ្វើទស្សនកិច្ចនៅខេត្តសៀមរាប
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញអមដំណើរ ឯកឧត្ដម កែវ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង ព្រមទាំងក្រុមការងារ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មកពីវិទ្យាល័យប្រម៉ោយ និងវិទ្យាល័យក្រពើពីរ ធ្វើដំណើរទស្សនកិច្ចសិក្សានៅលើទឹកដីអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៦។
កម្មវិធីដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សានេះ ទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់បទពិសោធន៍ថ្មីៗដល់សិស្សានុសិស្សបន្ទាប់ពីបានខិតខំប្រឹងប្រែងរៀនសូត្រ និងប្រឡងចប់សព្វគ្រប់៕


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ស ថេង ចុះពង្រឹងការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល និងលាច ក្នុងស្រុកភ្នំក្រវាញ
លោកស្នងការបានណែនាំឱ្យកម្លាំងប៉ុស្តិ៍យកចិត្តទុកដាក់លើចំណុចសំខាន់ៗ រួមមាន៖ ជំរុញការអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ល្បែងស៊ីសង ច្បាប់ចរាចរណ៍ និងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋដល់សិស្សានុសិស្ស និងពលរដ្ឋក្នុងមូលដ្ឋាន, នាំយកអនុសាសន៍ដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិមកផ្សព្វផ្សាយ ដោយតម្រូវឱ្យពង្រឹងការស្លៀកពាក់ឯកសណ្ឋាន រៀបចំផែនការការងារប្រចាំថ្ងៃ និងថែរក្សាអនាម័យបរិស្ថានប៉ុស្តិ៍, ធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាពលរដ្ឋចំណាកស្រុក គ្រប់គ្រងមុខសញ្ញាបទល្មើស បង្ក្រាបក្មេងទំនើង គ្រឿងញៀន និងត្រួតពិនិត្យជនបរទេស/អន្តោប្រវេសន៍ ដើម្បីទប់ស្កាត់បទល្មើស Scam Online, អនុវត្តការងារដោយស្មោះត្រង់ យុត្តិធម៌ ព្រមទាំងកសាងបណ្តាញប្រជាពលរដ្ឋល្អដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីការកំណត់មុខតំណែងរងក្នុងរចនាសម្ព័ន្ធនគរបាលជាតិ
ការផ្សព្វផ្សាយប្រកាសសំខាន់ៗចំនួនបី រួមមាន ការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធនគរបាលជាតិ, ការកំណត់ចំនួនមុខតំណែងថ្នាក់ដឹកនាំរងតាមជួររដ្ឋបាលរាជធានី-ខេត្ត និងការកំណត់លក្ខខណ្ឌនីតិវិធីជ្រើសរើសចាត់បញ្ជូនមន្ត្រី សិស្ស និងនិស្សិតនគរបាលបន្តវេនឱ្យទៅសិក្សាវគ្គបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស។


សកម្មភាពអាជ្ញាធរ
លោកស្រី ឌុច ស្រីមុំ ចុះពិនិត្យស្ថានភាពសាលាមត្តេយ្យសិក្សាសហគមន៍ ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ លោកស្រី ឌុច ស្រីមុំ អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់នៅសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីតាមដានការងារអប់រំកុមារតូច និងពិនិត្យតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។
បេសកកម្មចុះពិនិត្យនេះបានធ្វើឡើងនៅតាមទីតាំងសាលាមត្តេយ្យសហគមន៍សំខាន់ៗ រួមមាន ភូមិអូរស្រាវ និងភូមិកំពែង ស្ថិតក្នុងឃុំព្រងិល ព្រមទាំងភូមិអូរឬស្សី ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕


សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត ចុះពិនិត្យស្ថានភាពដំណាំស្រូវ និងផ្លូវខ្នងប្រឡាយ ២ខ្សែ ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យផ្ទាល់លើស្ថានភាពដំណាំស្រូវរបស់ប្រជាពលរដ្ឋ និងពិនិត្យផ្លូវខ្នងប្រឡាយចាស់ចំនួន ២ខ្សែ ដែលមានប្រវែងសរុបជាង ២,០០០ម៉ែត្រ ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្ទ្រែ និងភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៕


កសិកម្ម
លោក ពាក្យ មនោ ដឹកនាំកិច្ចប្រជុំកែសម្រួលសមាសភាព និងពង្រឹងការងារល្បាតព្រៃសហគមន៍ភូមិត្រពាំងឃ្លៃ
ពោធិ៍សាត់៖ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានសម្របសម្រួលកិច្ចប្រជុំស្តីពីការកែសម្រួលសមាសភាពគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងពង្រឹងការងារល្បាតព្រៃ និងចែកសម្ភារល្បាតដល់ក្រុមការងារ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះសម្រេចបានលទ្ធផលសំខាន់ៗដូចជា ការកែសម្រួលសមាសភាពគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ៩នាក់ និងការចែកសម្ភារល្បាតរួមមានអាវភ្លៀង ៩ និងពិល ៩ ជូនដល់ក្រុមល្បាត។ ជាមួយគ្នានេះ អង្គប្រជុំបានរៀបចំផែនការធ្វើសុវុឌ្ឍិកម្មព្រៃឈើ ធ្វើផ្លូវភ្លើង និងដាំឈើឡើងវិញក្នុងតំបន់ព្រៃរិចរិល និងតំបន់ភ្លើងឆេះ។
ដោយឡែកចំពោះចម្ការកសិរុក្ខកម្ម ម្ចាស់ដើមត្រូវបន្តធ្វើដដែល ដោយត្រូវលើកដីឱ្យខ្ពស់ការពារកុំឱ្យទឹកលិច ដើម្បីឱ្យកូនឈើដាំថ្មីអាចលូតលាស់បានល្អ៕


កសិកម្ម
លោក សៅ វណ្ណ៖ សម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តទីផ្សារ និងការវេចខ្ចប់ ជូនក្រុមផលិតស្រុកក្រគរ
ពោធិ៍សាត់៖ លោក សៅ វណ្ណ: ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយសហការី បានសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្រ្តទីផ្សារ និងការវេចខ្ចប់» ជូនដល់ក្រុមផលិត នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។
វគ្គបណ្តុះបណ្តាលនេះរៀបចំ និងគាំទ្រដោយអង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ (RFCD) ក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមផលិតលើផ្នែកយុទ្ធសាស្រ្តទីផ្សារ និងបច្ចេកទេសវេចខ្ចប់ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងនោះមានអ្នកចូលរួមសរុបចំនួន ៣២នាក់ (ស្ត្រីទាំង ៣២នាក់) ដែលជាតំណាងក្រុមផលិតមកពីឃុំចំនួន៥ រួមមាន ឃុំក្បាលត្រាច ឃុំអន្លង់ត្នោត ឃុំស្នាអន្សា ឃុំអូរសណ្តាន់ និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕


កសិកម្ម
ក្រុមការងារ ASPIRE-AT បើកវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដា GAP និងផលិតកម្មតាមកិច្ចសន្យា ជូនសហគមន៍កសិកម្មចំការខ្លុយសាមគ្គី
ពោធិ៍សាត់៖ ក្រុមការងារកម្មវិធី ASPIRE-AT បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសការអនុវត្តកសិកម្មល្អ (GAP) និងការធ្វើផលិតកម្មតាមកិច្ចសន្យា ជូនគណៈកម្មាធិការនិងសមាជិកសហគមន៍កសិកម្មចំការខ្លុយសាមគ្គីចំនួន ៣០នាក់ (ស្រី ១៥នាក់) នៅភូមិចំការខ្លុយ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។
វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើការបង្ហាញនិយមន័យស្តង់ដា GAP ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងគោលការណ៍កិច្ចសន្យាកសិកម្ម។ ជាលទ្ធផល សិក្ខាកាមទទួលបានចំណេះដឹងយ៉ាងច្បាស់លាស់លើបច្ចេកទេសរៀបចំដី ផលិតជីធម្មជាតិ ប្រព័ន្ធស្រោចស្រព គ្រប់គ្រងសមាសភាគចង្រៃ ព្រមទាំងបច្ចេកទេសលាងសម្អាត វេចខ្ចប់ ដឹកជញ្ជូនតាមស្តង់ដារទីផ្សារដើម្បីកាត់បន្ថយការខូចខាត និងការយល់ដឹងពីការធ្វើផលិតកម្មតាមកិច្ចសន្យា៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញចុះពិនិត្យការងារអភិវឌ្ឍន៍ស្រុកភ្នំក្រវាញ និងដាក់ចេញទិសដៅពង្រឹងសោភ័ណភាព បរិស្ថាន និងសុវត្ថិភាពចរាចរណ៍
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់លើសកម្មភាពអភិវឌ្ឍន៍នានាក្នុងស្រុកភ្នំក្រវាញ ព្រមទាំងបានណែនាំ និងដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់មុខមាត់ និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទិសដៅការងារអាទិភាពដែលបានដាក់ចេញ៖ រៀបចំសណ្តាប់ធ្នាប់សាធារណៈ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អរដ្ឋបាលស្រុកឱ្យមានភាពទាក់ទាញ និងមានរបៀបរៀបរយ, បង្កើនការសម្រួល និងត្រួតពិនិត្យការធ្វើដំណើរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ, ជំរុញការដាំដើមឈើ អនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាម ដើម្បីប្រែក្លាយស្រុកភ្នំក្រវាញឱ្យទៅជាតំបន់បៃតង ស្រស់បំព្រង និងមានខ្យល់អាកាសបរិសុទ្ធ៕


សកម្មភាពអាជ្ញាធរ
លោក ឈុន បូណារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងាររបស់មន្ទីរផែនការខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ឈុន បូណារិទ្ធ ប្រធានមន្ទីរផែនការខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់ នៅមន្ទីរផែនការខេត្ត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បី៖ វាយតម្លៃសមិទ្ធផល ពិនិត្យលើលទ្ធផលការងារដែលសម្រេចបានក្នុងខែសីហា និងដោះស្រាយបញ្ហាប្រឈមនានា, កំណត់ទិសដៅបន្ត រៀបចំផែនការសកម្មភាពអាទិភាពសម្រាប់ខែកញ្ញា ដើម្បីបង្កើនប្រសិទ្ធភាពការងារផែនការ និងស្ថិតិក្នុងខេត្តឱ្យកាន់តែល្អប្រសើរ៕


នយោបាយ
លោក ពៅ ពិសិដ្ឋ ចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារប្រគល់ជូនគ្រួសារសមាជិកបក្សចាស់ជរា ១៥គ្រួសារ នៅភូមិរ៉ា
ពោធិ៍សាត់៖ ក្រោយបញ្ចប់បេសកកម្មការងារប្រចាំថ្ងៃ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានដឹកនាំក្រុមការងារ រួមដំណើរដោយលោក ស៊ុន ហេង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ទទួលបន្ទុកភូមិរ៉ា ព្រមទាំងសមាជិក សមាជិកា បានចុះផ្ទាល់ដល់មូលដ្ឋានដើម្បីសួរសុខទុក្ខ និងនាំយកស្បៀងអាហារឧបត្ថម្ភជូនដល់គ្រួសារសមាជិកគណបក្សដែលមានវ័យចាស់ជរា និងកំពុងជួបការខ្វះខាត ចំនួន ១៥គ្រួសារ ស្ថិតនៅក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពចុះសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភនាពេលនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគណបក្សចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា និងគ្រួសារទន់ខ្សោយ ស្របតាមទិសស្លោករបស់គណបក្សប្រជាជនកម្ពុជាគឺ «មិនបោះបង់បងប្អូនណាម្នាក់ចោលឡើយ»៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំជាមួយប្រធានការិយាល័យ ដើមបីពិនិត្យ និងស្តាប់របាយការណ៍សវនកម្មផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំការងារមួយ ជាមួយលោក លោកស្រីប្រធានការិយាល័យទាំង១៣ ចំណុះរដ្ឋបាលស្រុក ព្រមទាំងលោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក នៅសាលប្រជុំរដ្ឋបាលស្រុក កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងស្តាប់របាយការណ៍លទ្ធផល នៃការចុះធ្វើសវនកម្មផ្ទៃក្នុងរបស់ក្រុមការងារក្រសួងមហាផ្ទៃ ដែលបានចុះមកវាយតម្លៃលើការអនុវត្តតួនាទី ភារកិច្ច និងការងាររដ្ឋបាលនាពេលកន្លងមកនៅរដ្ឋបាលស្រុកក្រគរ។
តាមរយៈកិច្ចប្រជុំនេះ លោកអភិបាលស្រុក បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែក ព្រមទាំងបានណែនាំឱ្យគ្រប់ការិយាល័យជំនាញទាំងអស់ បន្តពង្រឹងចំណុចខ្លាំង និងខិតខំកែលម្អនូវចំណុចខ្វះខាតនានា តាមការវាយតម្លៃរបស់ក្រុមការងារសវនកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕


កសិកម្ម
សង្កាត់រដ្ឋបាលព្រៃឈើព្រងិល សហការកាយប្រឡាយធ្វើព្រំប្រទល់ព្រៃសហគមន៍ភូមិអូរបាក់ត្រា ប្រវែង ៣៥០ម៉ែត្រ
ពោធិ៍សាត់៖ សង្កាត់រដ្ឋបាលព្រៃឈើព្រងិល បានសហការជាមួយក្រុមប្រឹក្សាឃុំព្រងិល និងគណៈកម្មការសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា ដោយមានសមាសភាពចូលរួមសរុបចំនួន ៨នាក់ បានចុះអនុវត្តការងារកាយប្រឡាយធ្វើព្រំប្រទល់ព្រៃសហគមន៍ភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។
ការងារកាយប្រឡាយព្រំប្រទល់នេះ មានប្រវែងសរុប ៣៥០ម៉ែត្រ (ទទឹងបាតក្រោម ២ម៉ែត្រ និងបាតលើ ៣ម៉ែត្រ) ដែលទទួលបានការឧបត្ថម្ភ និងគាំទ្រថវិកាពី៖ អង្គការអភិវឌ្ឍន៍នារីខ្មែរ (អានកូរ) ជួយឧបត្ថម្ភកាយប្រឡាយប្រវែង ៣០០ម៉ែត្រ និងថវិកាបដិភាគសហគមន៍ បានមកពីការចូលរួមរបស់សមាជិកសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា ប្រវែង ៥០ម៉ែត្រ។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងកំណត់ព្រំប្រទល់ដីព្រៃសហគមន៍ឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងការគ្រប់គ្រង ការពារ និងទប់ស្កាត់ការរំលោភបំពានដីព្រៃសហគមន៍ពីភាគីខាងក្រៅ ប្រកបដោយចីរភាព៕

