
អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំជាមួយប្រធានការិយាល័យ ដើមបីពិនិត្យ និងស្តាប់របាយការណ៍សវនកម្មផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំការងារមួយ ជាមួយលោក លោកស្រីប្រធានការិយាល័យទាំង១៣ ចំណុះរដ្ឋបាលស្រុក ព្រមទាំងលោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក នៅសាលប្រជុំរដ្ឋបាលស្រុក កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងស្តាប់របាយការណ៍លទ្ធផល នៃការចុះធ្វើសវនកម្មផ្ទៃក្នុងរបស់ក្រុមការងារក្រសួងមហាផ្ទៃ ដែលបានចុះមកវាយតម្លៃលើការអនុវត្តតួនាទី ភារកិច្ច និងការងាររដ្ឋបាលនាពេលកន្លងមកនៅរដ្ឋបាលស្រុកក្រគរ។ តាមរយៈកិច្ចប្រជុំនេះ លោកអភិបាលស្រុក បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែក ព្រមទាំងបានណែនាំឱ្យគ្រប់ការិយាល័យជំនាញទាំងអស់ បន្តពង្រឹងចំណុចខ្លាំង និងខិតខំកែលម្អនូវចំណុចខ្វះខាតនានា តាមការវាយតម្លៃរបស់ក្រុមការងារសវនកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕









