
លោក ពៅ ពិសិដ្ឋ ចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារប្រគល់ជូនគ្រួសារសមាជិកបក្សចាស់ជរា ១៥គ្រួសារ នៅភូមិរ៉ា
ពោធិ៍សាត់៖ ក្រោយបញ្ចប់បេសកកម្មការងារប្រចាំថ្ងៃ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានដឹកនាំក្រុមការងារ រួមដំណើរដោយលោក ស៊ុន ហេង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ទទួលបន្ទុកភូមិរ៉ា ព្រមទាំងសមាជិក សមាជិកា បានចុះផ្ទាល់ដល់មូលដ្ឋានដើម្បីសួរសុខទុក្ខ និងនាំយកស្បៀងអាហារឧបត្ថម្ភជូនដល់គ្រួសារសមាជិកគណបក្សដែលមានវ័យចាស់ជរា និងកំពុងជួបការខ្វះខាត ចំនួន ១៥គ្រួសារ ស្ថិតនៅក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពចុះសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភនាពេលនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគណបក្សចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា និងគ្រួសារទន់ខ្សោយ ស្របតាមទិសស្លោករបស់គណបក្សប្រជាជនកម្ពុជាគឺ «មិនបោះបង់បងប្អូនណាម្នាក់ចោលឡើយ»៕











