ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង ចុះបើកផ្តល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ស.ក) ស្រុកបាកាន បានអញ្ជើញចុះបើកផ្តល់ថវិកាបេឡាមរណសង្គ្រោះ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយផ្ទាល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
គ្រួសារសពអតីតយុទ្ធជនដែលទទួលបានថវិកានាឱកាសនេះ រួមមាន៖ គ្រួសារសព លោក សាមិត្ត ទ្រី រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន, គ្រួសារសព លោកស្រី យិត ទៀងលេង រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ដោយក្នុងគ្រួសារសពនីមួយៗ ទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ រៀល។
លោក ឆាយ គឹមម៉ុង បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ លោកអភិបាលស្រុក ក៏បានគូសបញ្ជាក់ថា ថវិកាបេឡាមរណសង្គ្រោះនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជន ដើម្បីជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពគ្រួសារសព ឆ្លើយតបទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិនាពេលកន្លងមក៕


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង អភិបាលស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ដាក់លូរំដោះទឹក និងការរៀបចំទំនប់បង្ហៀរទឹកនៅតំបន់ «ទឹកធ្លាក់ថ្មចាំង»
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ស្រុក និងអាជ្ញាធរឃុំ ចុះពិនិត្យមើលដំណើរការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការរៀបចំរមណីយដ្ឋាន ស្ថិតនៅចំណុច «ទឹកធ្លាក់ថ្មចាំង» ក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
សកម្មភាពចុះពិនិត្យនាឱកាសនោះ រួមមាន ៖ ការពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសាងសង់ផ្លូវចំនួន ១ខ្សែ, ការដំឡើង និងរៀបចំប្រព័ន្ធលូរំដោះទឹក ដើម្បីការពារការលិចលង់ និងធានានិរន្តរភាពផ្លូវ, ការត្រួតពិនិត្យ និងរៀបចំទំនប់បង្ហៀរទឹក សម្រាប់រក្សាប្រភពទឹកទុកជាកន្លែងកម្សាន្ត។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព កែប្រែតំបន់ «ទឹកធ្លាក់ថ្មចាំង» ឱ្យក្លាយជាចំណុចទាក់ទាញទេសចរណ៍ដ៏មានប្រជាប្រិយភាព និងបង្កភាពងាយស្រួលក្នុងការធ្វើដំណើរជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅក្នុងស្រុកវាលវែង ព្រមទាំងរួមចំណែកបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕


សកម្មភាពអាជ្ញាធរ
លោក អ៊ូ ឆៃ ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចំនួន ២កន្លែង តាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ លោក អ៊ូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចំនួន ២កន្លែង ដោយផ្ទាល់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការសាងសង់ស្ថានីយអង់តែនទាំង ២កន្លែងនេះ រួមមាន ទី១ ស្ថិតនៅចំណុចផ្លូវអន្ទង់អាំង និងទី២ ស្ថិតនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ដាតូច។ គម្រោងសាងសង់អង់តែនទូរសព្ទទាំងពីរនេះ បានអនុវត្តឡើងដោយប្រើប្រាស់កញ្ចប់ថវិការបស់ «មូលនិធិកាតព្វកិច្ចសេវាសាកល (USO)» ក្នុងគោលបំណងពង្រីក និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែមានគ្របដណ្តប់ទូលំទូលាយ។
ក្នុងឱកាសចុះពិនិត្យនោះ លោកប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ត្រូវប្រកាត់ខ្ជាប់នូវបទដ្ឋានបច្ចេកទេស ធានាគុណភាព និងសុវត្ថិភាពជាចម្បង។
ការបំពាក់ស្ថានីយអង់តែននៅតំបន់នេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ និងមកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងស្រុកវាលវែងផងដែរ៕


អប់រំ និងកីឡា
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងមន្ទីរអប់រំ អញ្ជើញបើកលទ្ធផលប្រឡងបាក់ឌុប សម័យប្រឡង ២០២៥-២០២៦ នៅមណ្ឌលអនុវិទ្យាល័យពោធិ៍សាត់
ពោធិ៍សាត់៖ លោក ងួន ប៉ាសេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកស្រោមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២០២៥-២០២៦ ជាផ្លូវការ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក តាន់ សំបូរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងពោធិ៍សាត់, លោក ម៉ក់ ពេញ ប្រធានការិយាល័យប្រឡង នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកនាយកសាលាដែលជាប្រធានមណ្ឌលប្រឡងទាំង ៦ ក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ។
ដំណើរការបើកស្រោមលទ្ធផលប្រឡងបានប្រព្រឹត្តទៅដោយរលូន ផ្អែកលើគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងតម្លាភាព ដើម្បីផ្ទៀងផ្ទាត់ និងប្រកាសជូនបេក្ខជនប្រឡងទាំងអស់បានជ្រាបជាសាធារណៈ។
ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ក៏បានសម្តែងនូវការកោតសរសើរដល់គណៈកម្មការប្រឡងទាំងអស់ដែលបានខិតខំបំពេញភារកិច្ច និងបានជូនពរដល់បេក្ខជនទាំងអស់ឱ្យទទួលបានលទ្ធផលល្អប្រសើរដូចការបំណង៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះដោះស្រាយបញ្ហាដីធ្លី និងសួរសុខទុក្ខពលរដ្ឋរងគ្រោះរាំងស្ងួតជាង ១,៤០០គ្រួសារ នៅស្រុកតាលោសែនជ័យ
បេសកកម្មដំបូង ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យ និងសម្របសម្រួលដោះស្រាយករណីប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ រស់នៅភូមិឆ្នាល់មាន់ និងភូមិត្រយ៉ងស ឃុំតាលោ ដែលបានវាស់វែងដីធ្លីរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់ដី) ដោយសារទីតាំងដីទាំងនោះមានការពាក់ព័ន្ធ នឹងតំបន់បឹងបួររបស់រដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលទិដ្ឋភាពច្បាប់ និងជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ជូនប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពលក់ដូរ និងការទិញទំនិញរបស់ប្រជាពលរដ្ឋនៅផ្សារ ភួ ពុយ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់អំពីស្ថានភាពទូទៅនៃការលក់ដូរ និងការទិញទំនិញរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារ ភួ ពុយ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងសកម្មភាពចុះពិនិត្យនាព្រឹកនេះ ឯកឧត្តមអភិបាលខេត្ត បានដើរទស្សនាតាមតូបលក់ដូរនានា ព្រមទាំងបានជួបសំណេះសំណាលដោយផ្ទាល់ សួរសុខទុក្ខ និងសាកសួរពីស្ថានភាពជីវភាព ការលក់ដូរប្រចាំថ្ងៃ សន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថានជុំវិញផ្សារ ជាមួយបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលមកទិញម្ហូបអាហារ និងទំនិញផ្សេងៗ។
ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា ក៏បានណែនាំ និងរំលឹកដល់អាជីវករទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការរក្សាតម្លៃទំនិញឱ្យបានសមរម្យ មិនឡើងថ្លៃហួសហេតុ ព្រមទាំងរក្សាអនាម័យ គុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីធានាបាននូវសុខុមាលភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋដែលមកជាវទំនិញ ក្នុងន័យរួមចំណែកលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង៕


សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ រៀបចំពិធីសែនអ្នកតា «គង បេង» ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរឃុំមេទឹក កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ រៀបចំពិធីសែនព្រេនបូជាជូនដល់អ្នកតា «គង បេង» ស្ថិតនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
ពិធីសែនព្រេនតាមទំនៀមទម្លាប់ប្រពៃណីនេះ ត្រូវ បានរៀបចំឡើងក្នុងគោលបំណងដើម្បីបួងសួងដល់បារមីថែរក្សាទឹកដីអ្នកតា «គង បេង» ជួយបីបាច់ថែរក្សា ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ភាពត្រជាក់ត្រជុំ និងទទួលបានផលដំណាំទិន្នផលល្អ ព្រមទាំងជួយរំលត់នូវរាល់ឧបទ្រពចង្រៃផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបាកាន។
ពិធីនេះមិនត្រឹមតែជាការគោរពបូជាតាមជំនឿសាសនា និងប្រពៃណីដូនតា នៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញអំពីស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងការរួមគ្នារក្សាទំនៀមទម្លាប់ដ៏ល្អរបស់មូលដ្ឋាន និងកសាងបរិយាកាសសុខសន្តិភាព និងសិរីសួស្តី ក្នុងសហគមន៍ទាំងមូលផងដែរ៕


សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋ ៣គ្រួសារ ក្នុងឃុំមេទឹក
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាកាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ស្ថិតនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកអភិបាលស្រុក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងបានសម្តែងនូវការព្រួយបារម្ភ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជួយសម្រាលការលំបាកចំពោះមុខ លោក ឆាយ គឹមម៉ុង ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ជូនដល់គ្រួសារទាំង ៣ សម្រាប់ជួយទ្រទ្រង់ និងដោះស្រាយជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន។
សកម្មភាពមនុស្សធម៌នាពេលនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ស្ទើរគ្រប់ពេលវេលារបស់អាជ្ញាធរស្រុកបាកាន និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្នុងការចុះជួយសម្រាលទុក្ខធុរៈ និងនៅក្បែរប្រជាពលរដ្ឋជានិច្ច ជាពិសេសគ្រួសារដែលជួបការលំបាកក្នុងជីវភាពរស់នៅ៕


សកម្មភាពអាជ្ញាធរ
នគរបាលរដ្ឋបាលទាំង ៦ឃុំ ក្នុងស្រុកភ្នំក្រវាញ ចុះប្រគល់សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ
ពោធិ៍សាត់៖ កម្លាំងជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ឃុំ ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបន្តខិតខំពង្រឹងការអនុវត្តភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីប្រគល់សៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) ព្រមទាំងចុះថត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
ប្រតិបត្តិការចុះផ្តល់សេវាដល់ខ្នងផ្ទះនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា ជនពិការ និងបងប្អូនដែលរវល់ប្រកបរបរទទួលទាន ឱ្យទទួលបានឯកសាររដ្ឋបាលសំខាន់ៗយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានទាន់ពេលវេលា។
សកម្មភាពដ៏មានន័យនេះ ទទួលបានការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងនគរបាល ក្នុងការខិតខំផ្តល់សេវាសាធារណៈប្រកបដោយភាពស្និទ្ធស្នាល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕


សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តពោធិ៍សាត់ ចុះរឹតបន្តឹងការត្រួតពិនិត្យជាតិអាល់កុល គ្រឿងញៀន និងអាវុធជាតិផ្ទុះ ដើម្បីពង្រឹងសន្តិសុខក្នុងក្រុង
ពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់, លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ និងចរាចរណ៍ បានចាត់តាំងកម្លាំងដឹកនាំផ្ទាល់ដោយ លោកវរៈសេនីយ៍ទោ ទូច សេងងន នាយការិយាល័យចរាចរណ៍ផ្លូវគោកស្តីទី ចុះរៀបចំគោលដៅត្រួតពិនិត្យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ នាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងប្រតិបត្តិការនាពេលរាត្រីនេះ កម្លាំងជំនាញបានផ្តោតសំខាន់លើការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ ការស្វែងរកសារធាតុញៀន ការឆែកឆេរអាវុធ គ្រឿងផ្ទុះ និងការទប់ស្កាត់ក្រុមបក្សពួកក្មេងទំនើង ដើម្បីបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា។
ការរៀបចំដាក់គោលដៅត្រួតពិនិត្យយ៉ាងសកម្មនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការបើកបរក្រោមឥទ្ធិពលនៃសុរា និងសារធាតុញៀន ដើម្បីផ្តល់ភាពសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋនៅក្នុងក្រុងពោធិ៍សាត់៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ បើកសិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩
ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំសិក្ខាសាលាសមាហរណកម្ម «កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)» ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងភាគីពាក់ព័ន្ធជាច្រើនរូប នៅក្រុងពោធិ៍សាត់ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសម្របសម្រួល កៀរគរ និងសមាហរណកម្មនូវគម្រោងវិនិយោគអាទិភាពនានា រវាងផែនការរបស់ឃុំ-សង្កាត់ ក្រុង-ស្រុក ជាមួយមន្ទីរ-អង្គភាពជំនាញ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា គម្រោងអភិវឌ្ឍន៍ទាំងនោះឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មានប្រសាសន៍នាឱកាសនោះ លោក ពៅ ពិសិដ្ឋ បានបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្នុងការតម្រង់ទិសអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងខេត្ត ព្រមទាំងបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការជិតស្និទ្ធ ដើម្បីឱ្យការអនុវត្តគម្រោងវិនិយោគ ២០២៧-២០២៩ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត៕


អប់រំ និងកីឡា
នាយកវិទ្យាល័យពោធិ៍សាត់ ឧបត្ថម្ភថវិកាលើកទឹកចិត្ត ១០០ដុល្លារ ដល់សិស្សជ័យលាភីប្រឡងជាប់បាក់ឌុប និទ្ទេស A
ពោធិ៍សាត់៖ លោក ជា ឡេងឃួន នាយកវិទ្យាល័យពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបានជ័យលាភី និទ្ទេស A សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។
នៅក្នុងឱកាសនោះ លោកនាយកវិទ្យាល័យ បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១០០ដុល្លារអាមេរិក (100$) ជូនដល់សិស្សជ័យលាភី និទ្ទេស A ក្នុងម្នាក់ៗ ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្តចំពោះខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ នាំមកនូវកិត្តិយសជូនខ្លួនឯង គ្រួសារ និងសាលារៀន។
លោក ជា ឡេងឃួន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្សានុសិស្សនាពេលកន្លងមក ព្រមទាំងបានផ្តាំផ្ញើដល់សិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំរៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត៕


កសិកម្ម
ក្រុមការងារអនុគណៈកម្មការទី២ ចុះប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លីជូនប្រជាពលរដ្ឋ ៥ទីតាំង ក្នុងឃុំក្រពើពីរ
ពោធិ៍សាត់៖ ក្រុមការងារនៃអនុគណៈកម្មការទី២ ទទួលបន្ទុកឃុំក្រពើពីរ បានចុះបំពេញបេសកកម្មប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លីជាក់ស្តែង តាមការអះអាងរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិឧបសម្ព័ន្ធក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។
សកម្មភាពចុះប្រមូលទិន្នន័យ និងវាស់វែងអត្តសញ្ញាណដីធ្លីនាពេលនេះ គឺធ្វើឡើងដើម្បីអនុវត្តតាមស្មារតីនៃលិខិតលេខ ២២៦ សជណ ឧ.រ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងការដោះស្រាយ និងរៀបចំទិន្នន័យដីធ្លីជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
ជាលទ្ធផលនៃការចុះអនុវត្តការងារពេញមួយថ្ងៃ ក្រុមការងារបានពិនិត្យ វាស់វែង និងប្រមូលទិន្នន័យទីតាំងដីបានចំនួន ៥ទីតាំង ដោយមានផ្ទៃដីសរុប ៦៥ ៣១៩ ម៉ែត្រការ៉េ។ ក្រុមការងារនឹងបន្តបូកសរុបទិន្នន័យទាំងនេះ ដើម្បីបន្តនីតិវិធីរដ្ឋបាលតាមជំនាញជាបន្តទៀត៕

