
នគរបាលរដ្ឋបាលទាំង ៦ឃុំ ក្នុងស្រុកភ្នំក្រវាញ ចុះប្រគល់សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ
ពោធិ៍សាត់៖ កម្លាំងជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ឃុំ ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបន្តខិតខំពង្រឹងការអនុវត្តភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីប្រគល់សៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) ព្រមទាំងចុះថត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។ ប្រតិបត្តិការចុះផ្តល់សេវាដល់ខ្នងផ្ទះនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា ជនពិការ និងបងប្អូនដែលរវល់ប្រកបរបរទទួលទាន ឱ្យទទួលបានឯកសាររដ្ឋបាលសំខាន់ៗយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានទាន់ពេលវេលា។ សកម្មភាពដ៏មានន័យនេះ ទទួលបានការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងនគរបាល ក្នុងការខិតខំផ្តល់សេវាសាធារណៈប្រកបដោយភាពស្និទ្ធស្នាល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕









