
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ រៀបចំពិធីសែនអ្នកតា «គង បេង» ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរឃុំមេទឹក កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ រៀបចំពិធីសែនព្រេនបូជាជូនដល់អ្នកតា «គង បេង» ស្ថិតនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ។ ពិធីសែនព្រេនតាមទំនៀមទម្លាប់ប្រពៃណីនេះ ត្រូវ បានរៀបចំឡើងក្នុងគោលបំណងដើម្បីបួងសួងដល់បារមីថែរក្សាទឹកដីអ្នកតា «គង បេង» ជួយបីបាច់ថែរក្សា ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ភាពត្រជាក់ត្រជុំ និងទទួលបានផលដំណាំទិន្នផលល្អ ព្រមទាំងជួយរំលត់នូវរាល់ឧបទ្រពចង្រៃផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបាកាន។ ពិធីនេះមិនត្រឹមតែជាការគោរពបូជាតាមជំនឿសាសនា និងប្រពៃណីដូនតា នៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញអំពីស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងការរួមគ្នារក្សាទំនៀមទម្លាប់ដ៏ល្អរបស់មូលដ្ឋាន និងកសាងបរិយាកាសសុខសន្តិភាព និងសិរីសួស្តី ក្នុងសហគមន៍ទាំងមូលផងដែរ៕









