
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋ ៣គ្រួសារ ក្នុងឃុំមេទឹក
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាកាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ស្ថិតនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកអភិបាលស្រុក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងបានសម្តែងនូវការព្រួយបារម្ភ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជួយសម្រាលការលំបាកចំពោះមុខ លោក ឆាយ គឹមម៉ុង ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ជូនដល់គ្រួសារទាំង ៣ សម្រាប់ជួយទ្រទ្រង់ និងដោះស្រាយជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន។ សកម្មភាពមនុស្សធម៌នាពេលនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ស្ទើរគ្រប់ពេលវេលារបស់អាជ្ញាធរស្រុកបាកាន និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្នុងការចុះជួយសម្រាលទុក្ខធុរៈ និងនៅក្បែរប្រជាពលរដ្ឋជានិច្ច ជាពិសេសគ្រួសារដែលជួបការលំបាកក្នុងជីវភាពរស់នៅ៕









