
លោក ធាង ឡេង អភិបាលស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ដាក់លូរំដោះទឹក និងការរៀបចំទំនប់បង្ហៀរទឹកនៅតំបន់ «ទឹកធ្លាក់ថ្មចាំង»
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ស្រុក និងអាជ្ញាធរឃុំ ចុះពិនិត្យមើលដំណើរការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការរៀបចំរមណីយដ្ឋាន ស្ថិតនៅចំណុច «ទឹកធ្លាក់ថ្មចាំង» ក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពចុះពិនិត្យនាឱកាសនោះ រួមមាន ៖ ការពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសាងសង់ផ្លូវចំនួន ១ខ្សែ, ការដំឡើង និងរៀបចំប្រព័ន្ធលូរំដោះទឹក ដើម្បីការពារការលិចលង់ និងធានានិរន្តរភាពផ្លូវ, ការត្រួតពិនិត្យ និងរៀបចំទំនប់បង្ហៀរទឹក សម្រាប់រក្សាប្រភពទឹកទុកជាកន្លែងកម្សាន្ត។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព កែប្រែតំបន់ «ទឹកធ្លាក់ថ្មចាំង» ឱ្យក្លាយជាចំណុចទាក់ទាញទេសចរណ៍ដ៏មានប្រជាប្រិយភាព និងបង្កភាពងាយស្រួលក្នុងការធ្វើដំណើរជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅក្នុងស្រុកវាលវែង ព្រមទាំងរួមចំណែកបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕









