
លោក អ៊ូ ឆៃ ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចំនួន ២កន្លែង តាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ លោក អ៊ូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចំនួន ២កន្លែង ដោយផ្ទាល់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការសាងសង់ស្ថានីយអង់តែនទាំង ២កន្លែងនេះ រួមមាន ទី១ ស្ថិតនៅចំណុចផ្លូវអន្ទង់អាំង និងទី២ ស្ថិតនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ដាតូច។ គម្រោងសាងសង់អង់តែនទូរសព្ទទាំងពីរនេះ បានអនុវត្តឡើងដោយប្រើប្រាស់កញ្ចប់ថវិការបស់ «មូលនិធិកាតព្វកិច្ចសេវាសាកល (USO)» ក្នុងគោលបំណងពង្រីក និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែមានគ្របដណ្តប់ទូលំទូលាយ។ ក្នុងឱកាសចុះពិនិត្យនោះ លោកប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ត្រូវប្រកាត់ខ្ជាប់នូវបទដ្ឋានបច្ចេកទេស ធានាគុណភាព និងសុវត្ថិភាពជាចម្បង។ ការបំពាក់ស្ថានីយអង់តែននៅតំបន់នេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ និងមកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងស្រុកវាលវែងផងដែរ៕









