
កម្លាំងនគរបាលខេត្តពោធិ៍សាត់ ចុះរឹតបន្តឹងការត្រួតពិនិត្យជាតិអាល់កុល គ្រឿងញៀន និងអាវុធជាតិផ្ទុះ ដើម្បីពង្រឹងសន្តិសុខក្នុងក្រុង
ពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់, លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ និងចរាចរណ៍ បានចាត់តាំងកម្លាំងដឹកនាំផ្ទាល់ដោយ លោកវរៈសេនីយ៍ទោ ទូច សេងងន នាយការិយាល័យចរាចរណ៍ផ្លូវគោកស្តីទី ចុះរៀបចំគោលដៅត្រួតពិនិត្យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ នាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងប្រតិបត្តិការនាពេលរាត្រីនេះ កម្លាំងជំនាញបានផ្តោតសំខាន់លើការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ ការស្វែងរកសារធាតុញៀន ការឆែកឆេរអាវុធ គ្រឿងផ្ទុះ និងការទប់ស្កាត់ក្រុមបក្សពួកក្មេងទំនើង ដើម្បីបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា។ ការរៀបចំដាក់គោលដៅត្រួតពិនិត្យយ៉ាងសកម្មនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការបើកបរក្រោមឥទ្ធិពលនៃសុរា និងសារធាតុញៀន ដើម្បីផ្តល់ភាពសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋនៅក្នុងក្រុងពោធិ៍សាត់៕











