ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ធនធានទឹក និងឧតុនិយម
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការគម្រោងសាកល្បង PDN នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទី២ (SIWRM) នៅខេត្តពោធិ៍សាត់
កិច្ចប្រជុំនេះមានការចូលរួមពីអង្គភាពគ្រប់គ្រងគម្រោង ទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគម្រោង តំណាងនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ (GDR) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈអភិបាលស្រុក អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំគណៈអភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៦
ពោធិ៍សាត់៖ លោក អ៊ន ផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលប្រចាំខែកញ្ញា នៅសាលាស្រុកក្រគរ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងស្រុក លោកនាយក និងនាយករងរដ្ឋបាល ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងប្រធានការិយាល័យធនធានមនុស្ស ដើម្បីពិនិត្យវាយតម្លៃលើកិច្ចការងាររដ្ឋបាល និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងមូលដ្ឋានស្រុកក្រគរ៕ឈឹម ម៉ារីយ៉ាន


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ សហការជាមួយក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុវជន ចុះដាំផ្កាភួងម៉ាឡៃតាមទ្រូងផ្លូវជាតិលេខ៥ ដើម្បីលើកសោភ័ណភាពមូលដ្ឋាន
ពោធិ៍សាត់៖ ក្រោមការដឹកនាំផ្ទាល់ពីលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានសហការជាមួយក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដឹកនាំដោយលោក ង៉ែត សុវណ្ណបញ្ញា ម្ចាស់ហាងកោះកាហ្វេ បានបន្តសកម្មភាពយ៉ាងសកម្មក្នុងការដាំផ្កាភួងម៉ាឡៃ ដើម្បីលម្អតាមទ្រូងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំក្បាលត្រាច និងឃុំអន្សាចំបក់ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកក្រគរ ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ប្រពៃរបស់បងប្អូនយុវជនទាំងអស់ ដែលមិនខ្លាចនឿយហត់ មិនគិតពេលវេលាក្ដៅ ឬភ្លៀង ក្នុងការចូលរួមសហការ ដើម្បីសម្រេចគោលដៅរួមក្នុងការធ្វើឱ្យស្រុក និងខេត្តមានសោភ័ណភាពស្រស់ស្អាត៕ ឈឹម ម៉ារីយ៉ាន


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ថ្នាក់ដឹកនាំ និងយុវជនមូលដ្ឋាន សហការគ្នាដាំផ្កាភួងម៉ាឡៃលម្អសោភ័ណភាព
ពោធិ៍សាត់៖ ក្រោមការដឹកនាំផ្ទាល់របស់លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ មន្ត្រីរាជការថ្នាក់ស្រុក ឃុំ ភូមិ កម្លាំងយុវជន និងប្រជាការពារ បានសហការគ្នាយ៉ាងសកម្មចុះដាំ ផ្កាភួងម៉ាឡៃ ដើម្បីលម្អសោភ័ណភាពនៅទីប្រជុំជនស្រុក និងតាមដងផ្លូវក្នុងបរិវេណរដ្ឋបាលស្រុក។
សកម្មភាពកែលម្អបរិស្ថាននេះ រៀបចំឡើងក្រោមការផ្ដល់ជូនដើមផ្កាដ៏មានតម្លៃពី ឯកឧត្តមអភិបាលខេត្ត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យទីប្រជុំជនស្រុកកាន់តែមានភាពស្រស់បំព្រង បៃតង និងមានភាពទាក់ទាញ៕ឈឹម ម៉ារីយ៉ាន


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាកាន សហការសម្អាតអនាម័យ និងខ្សាច់លើដងផ្លូវជាតិលេខ៥ ឃុំស្នាមព្រះ
ពោធិ៍សាត់៖ ក្រោមការដឹកនាំ និងកិច្ចចង្អុលបង្ហាញផ្ទាល់ពី លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន មន្ត្រីរដ្ឋបាលស្រុកបានសហការយ៉ាងសកម្មជាមួយអាជ្ញាធរឃុំស្នាមព្រះ លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ ក្រុមយុវជន និងប្រជាការពារភូមិ បានចុះធ្វើសកម្មភាពសម្អាតបរិស្ថាន និងប្រមូលសម្អាតខ្សាច់តាមបណ្ដោយទ្រូងផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សោភណភាព និងអនាម័យបរិស្ថានក្នុងមូលដ្ឋាន, ធានាបាននូវសុវត្ថិភាពចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់, ការពារកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុបង្កឡើងដោយដីខ្សាច់រាយប៉ាយលើទ្រូងផ្លូវ, ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសហការទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមក្នុងយុទ្ធនាការថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ៕សាយយ័ន្ត វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងបន្ទាប់ពីភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ប្រជាពលរដ្ឋនាំគ្នាបង់សំណាញ់នៅទំនប់ក្បាលហុង
ពោធិ៍សាត់៖ បន្ទាប់ពីមានជំនន់ទឹកភ្លៀងធ្លាក់យ៉ាងគំហុកជាបន្តបន្ទាប់រយៈពេល ២ថ្ងៃមកនេះ បានបណ្តាលឱ្យកម្រិតទឹកនៅក្នុងស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងរហ័ស។ ស្ថានភាពនេះបានទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាមកជួបជុំគ្នានេសាទត្រី ដោយប្រើប្រាស់សំណាញ់នៅចំណុចទំនប់បង្ហៀរក្បាលហុង ស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
តាមការសង្កេតនៅទីតាំងផ្ទាល់ គេឃើញប្រជាពលរដ្ឋជាច្រើនបានរៀបចំសំណាញ់ និងឧបករណ៍នេសាទផ្សេងៗ ប្រកបដោយទឹកមុខរីករាយ ដើម្បីចាប់យកឱកាសពេលទឹកឡើង ក្នុងការរកត្រីសម្រាប់ដោះស្រាយជីវភាពគ្រួសារ និងធ្វើជាម្ហូបប្រចាំថ្ងៃ។ បរិយាកាសនៅតាមមាត់ស្ទឹង និងលើខ្នងទំនប់ មានភាពអ៊ូអរយ៉ាងខ្លាំង ដោយសារមានទាំងអ្នកចុះបង់សំណាញ់ និងអ្នកមកឈរមើលកម្សាន្ត។
ទោះជាយ៉ាងណាក៏ដោយ ដោយសារចរន្តទឹកនៅក្បែរទំនប់បង្ហៀរមានកម្លាំងខ្លាំង និងហូរគគុក អាជ្ញាធរ និងភាគីពាក់ព័ន្ធសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងនេសាទ និងទស្សនា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសប្រយ័ត្នការរអិលជើងធ្លាក់ចូលទឹកជ្រៅ និងចៀសវាងឱ្យកុមារតូចៗចូលក្បែរមាត់ទឹក ដើម្បីបង្ការគ្រោះថ្នាក់ដែលគិតមិនដល់ជាយថាហេតុ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាកាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រៀបចំយុទ្ធនាការសម្អាតបរិស្ថាន កាប់ឆ្កាព្រៃ និងដាំដើមផ្កាតាមដងផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ជំរុញអោយរដ្ឋបាលស្រុករួមនឹងមន្ត្រី បានសហការយ៉ាងសកម្មជាមួយអាជ្ញាធរឃុំត្រពាំងជង បឹងខ្នារ និងអូរតាប៉ោង លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ យុវជន និងប្រជាការពារភូមិ បានរៀបចំយុទ្ធនាការសម្អាតបរិស្ថានរួមគ្នា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងសកម្មភាពនេះ ក្រុមការងារទាំងអស់បានចុះធ្វើការសម្អាតបរិស្ថាន កាប់ឆ្កាព្រៃ ដាំដើមផ្កា និងសម្អាតខ្សាច់តាមបណ្ដោយទ្រូងផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំទាំងបីខាងលើ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព អនាម័យ និងធានាសុវត្ថិភាពជូនដល់អ្នកដំណើរតាមដងផ្លូវ៕ ឈឹម ម៉ារីយ៉ាន


អប់រំ និងកីឡា
ខេត្តពោធិ៍សាត់រៀបចំប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តឆ្នាំ២០២៦
ខេត្តពោធិ៍សាត់បានរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានខេត្ត ដោយមានការចូលរួមពីកីឡាករ កីឡាការិនី និងប្រតិភូមកពីខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងកំពង់ឆ្នាំង។ ការប្រកួតនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសស្មើភាព លើកកម្ពស់ការចូលរួមក្នុងវិស័យកីឡា កាត់បន្ថយការរើសអើង និងបង្កើតឱកាសឱ្យជនមានពិការភាពបញ្ញាបានជួបជុំ ចែករំលែកបទពិសោធន៍ និងបង្កើតភាពសប្បាយរីករាយ ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ខូយ រីដា ថ្លែងអំណរគុណដល់មន្ត្រីជលផលដែលបានប្រគល់អណ្តើកក្បាលធំ ៥៤ក្បាល ដើមបីលែងចូលតំបន់អភិរក្សក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយសង្កាត់រដ្ឋបាលជលផលស្រុកបាកាន និងស្រុកក្រគរ ដែលបានប្រគល់អណ្តើកក្បាលធំចំនួន ៥៤ក្បាល ដើម្បីយកទៅលែងនៅក្នុងសហគមន៍នេសាទស្រីចឹក តំបន់អភិរក្សត្រីមេពូជព្រែកតាចាន់ ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ដឹកនាំកម្លាំងចុះដាំផ្កាត្រែមាស ៥០ដើម និងសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ១០
លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារស្រុក រួមមាន សមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យ អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិ ចុះរៀបចំសម្អាតអនាម័យបរិស្ថាន និងដាំដើមផ្កាត្រែមាស (ផ្កាភួងម៉ាឡៃ) ចំនួន ៥០ដើម ដើម្បីលម្អសម្រស់តាមដងផ្លូវជាតិលេខ១០ នាថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាពិនិត្យលទ្ធផលប្រចាំត្រីមាស នៃគណៈកម្មាធិការលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តពោធិ៍សាត់
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត នៅសាលប្រជុំកោះសំពៅមាស។


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំកំពង់លួង រឿងការថែរក្សាអនាម័យ និងការបើកផ្លូវទេសចរណ៍
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយមន្ត្រីរដ្ឋបាលស្រុកជាច្រើនរូប បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិទី៤ ឃុំកំពង់លួង នៅក្នុងសាលាឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងជំនួបសំណេះសំណាលនោះ លោកអភិបាលស្រុក បានធ្វើការអប់រំណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែទាំអនាម័យបរិស្ថាន លើកកម្ពស់សោភ័ណភាព និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងការរស់នៅឱ្យបានល្អប្រសើរ។
ជាមួយគ្នានេះដែរ លោក អ៊ន សុផល្លា ក៏បានស្នើសុំកិច្ចសហការ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការបើកផ្លូវឱ្យបានធំទូលាយ ដែលជួយសម្រួលដល់ការធ្វើដំណើរ សម្រួលការដឹកជញ្ជូន និងជាពិសេសនោះគឺដើម្បីត្រៀមលក្ខណៈស្វាគមន៍ ព្រមទាំងទាក់ទាញភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់ទេសចរណ៍កំពង់លួង ឱ្យកាន់តែមានភាពងាយស្រួល និងមានរបៀបរៀបរយល្អ ស្របតាមការអភិវឌ្ឍក្នុងមូលដ្ឋានស្រុកក្រគរ៕


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាស្រុកក្រគរ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារ
រដ្ឋស្រុកក្រគរបានរៀបចំកិច្ចប្រជុំវិសាមញ្ញ ក្រោមការដឹកនាំរបស់ លោក ប៊ិន វណ្ណា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ និង លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដើម្បីពិនិត្យ និងអនុម័តលើ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលស្រុក ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារថ្នាក់មូលដ្ឋាន។

