
រដ្ឋបាលស្រុកបាកាន សហការសម្អាតអនាម័យ និងខ្សាច់លើដងផ្លូវជាតិលេខ៥ ឃុំស្នាមព្រះ
ពោធិ៍សាត់៖ ក្រោមការដឹកនាំ និងកិច្ចចង្អុលបង្ហាញផ្ទាល់ពី លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន មន្ត្រីរដ្ឋបាលស្រុកបានសហការយ៉ាងសកម្មជាមួយអាជ្ញាធរឃុំស្នាមព្រះ លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ ក្រុមយុវជន និងប្រជាការពារភូមិ បានចុះធ្វើសកម្មភាពសម្អាតបរិស្ថាន និងប្រមូលសម្អាតខ្សាច់តាមបណ្ដោយទ្រូងផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សោភណភាព និងអនាម័យបរិស្ថានក្នុងមូលដ្ឋាន, ធានាបាននូវសុវត្ថិភាពចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់, ការពារកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុបង្កឡើងដោយដីខ្សាច់រាយប៉ាយលើទ្រូងផ្លូវ, ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសហការទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមក្នុងយុទ្ធនាការថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ៕សាយយ័ន្ត វុន្នីយ៉ា











