
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំកំពង់លួង រឿងការថែរក្សាអនាម័យ និងការបើកផ្លូវទេសចរណ៍
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយមន្ត្រីរដ្ឋបាលស្រុកជាច្រើនរូប បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិទី៤ ឃុំកំពង់លួង នៅក្នុងសាលាឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងជំនួបសំណេះសំណាលនោះ លោកអភិបាលស្រុក បានធ្វើការអប់រំណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែទាំអនាម័យបរិស្ថាន លើកកម្ពស់សោភ័ណភាព និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងការរស់នៅឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះដែរ លោក អ៊ន សុផល្លា ក៏បានស្នើសុំកិច្ចសហការ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការបើកផ្លូវឱ្យបានធំទូលាយ ដែលជួយសម្រួលដល់ការធ្វើដំណើរ សម្រួលការដឹកជញ្ជូន និងជាពិសេសនោះគឺដើម្បីត្រៀមលក្ខណៈស្វាគមន៍ ព្រមទាំងទាក់ទាញភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់ទេសចរណ៍កំពង់លួង ឱ្យកាន់តែមានភាពងាយស្រួល និងមានរបៀបរៀបរយល្អ ស្របតាមការអភិវឌ្ឍក្នុងមូលដ្ឋានស្រុកក្រគរ៕











