
ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងបន្ទាប់ពីភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ប្រជាពលរដ្ឋនាំគ្នាបង់សំណាញ់នៅទំនប់ក្បាលហុង
ពោធិ៍សាត់៖ បន្ទាប់ពីមានជំនន់ទឹកភ្លៀងធ្លាក់យ៉ាងគំហុកជាបន្តបន្ទាប់រយៈពេល ២ថ្ងៃមកនេះ បានបណ្តាលឱ្យកម្រិតទឹកនៅក្នុងស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងរហ័ស។ ស្ថានភាពនេះបានទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាមកជួបជុំគ្នានេសាទត្រី ដោយប្រើប្រាស់សំណាញ់នៅចំណុចទំនប់បង្ហៀរក្បាលហុង ស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ តាមការសង្កេតនៅទីតាំងផ្ទាល់ គេឃើញប្រជាពលរដ្ឋជាច្រើនបានរៀបចំសំណាញ់ និងឧបករណ៍នេសាទផ្សេងៗ ប្រកបដោយទឹកមុខរីករាយ ដើម្បីចាប់យកឱកាសពេលទឹកឡើង ក្នុងការរកត្រីសម្រាប់ដោះស្រាយជីវភាពគ្រួសារ និងធ្វើជាម្ហូបប្រចាំថ្ងៃ។ បរិយាកាសនៅតាមមាត់ស្ទឹង និងលើខ្នងទំនប់ មានភាពអ៊ូអរយ៉ាងខ្លាំង ដោយសារមានទាំងអ្នកចុះបង់សំណាញ់ និងអ្នកមកឈរមើលកម្សាន្ត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចរន្តទឹកនៅក្បែរទំនប់បង្ហៀរមានកម្លាំងខ្លាំង និងហូរគគុក អាជ្ញាធរ និងភាគីពាក់ព័ន្ធសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងនេសាទ និងទស្សនា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសប្រយ័ត្នការរអិលជើងធ្លាក់ចូលទឹកជ្រៅ និងចៀសវាងឱ្យកុមារតូចៗចូលក្បែរមាត់ទឹក ដើម្បីបង្ការគ្រោះថ្នាក់ដែលគិតមិនដល់ជាយថាហេតុ៕











